សេដ្ឋកិច្ច
ចំណាយដើមទុន៥ម៉ឺនដុល្លារ ចិញ្ចឹមកន្ធាយធម្មជាតិ រកប្រាក់ចំណូលបាន ២ពាន់ដុល្លារ ក្នុងមួយខែ
យុវជនម្នាក់ មានវ័យត្រឹមតែ២៨ឆ្នាំ ចំណាយដើមទុន អស់ប្រមាណ ៥ម៉ឺនដុល្លារ ដើម្បីបើកកសិដ្ឋានខ្នាតតូចមួយ ដាក់ចិញ្ចឹមកន្ធាយធម្មជាតិ និងអាចលក់ចេញទៅកាន់ទីផ្សារ ទទួលបានប្រាក់ចំណូលខ្ទង់ ២ពាន់ដុល្លារ ក្នុងមួយខែ។

លោក ចន បូរិន ម្ចាស់កសិដ្ឋានកន្ធាយខ្មែរ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា លោកចាប់ផ្ដើមបើកកសិដ្ឋានចិញ្ចឹមកន្ធាយបែបធម្មជាតិនេះ តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ លោកបន្តថា ដំបូងឡើយ លោកត្រឹមតែជាអ្នកលក់ផលិតផល តាមប្រព័ន្ធអនឡាញធម្មតាម្នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមក ដោយមើលឃើញពីតម្រូវការនៃការបរិភោគកន្ធាយកាន់តែមានសន្ទុះខ្លាំង លោក ក៏ចាប់ផ្ដើម មានគំនិតបើកកសិដ្ឋានចិញ្ចឹមកន្ធាយធម្មជាតិ ប្រើប្រាស់ដើមទុនអស់ប្រមាណ ៥ម៉ឺនដុល្លារ ក្នុងដំណើរការបើកកសិដ្ឋានខ្នាតតូចមួយនេះ។

ទាក់ទងនឹងការចិញ្ចឹមកន្ធាយ ក្នុងកសិដ្ឋានវិញ លោកបូរិន បានប្រាប់ថា វាមានបញ្ហាលំបាកទៅលើការចិញ្ចឹមបន្ដិចបន្ដួចដែរ នោះគឺទៅលើបញ្ហាទឹក និងអាកាសធាតុ ពីព្រោះតែកន្ធាយជាសត្វមួយប្រភេទ ដែលត្រូវការផ្លាស់ប្ដូរទឹកសម្រាប់ការលូតលាស់របស់វា ដោយមិនទាន់រាប់ចូលទៅលើផ្នែកចំណីរបស់វា ផងដែរ។

ចំពោះ បច្ចេកទេសចិញ្ចឹមវិញ បូរិន បញ្ជាក់ថា លោកគ្រាន់ស្រាវជ្រាវតាមរយៈយូធូប និងសាកសួរបទពិសោធន៍ពីរៀមច្បង ដែលមានជំនាញចិញ្ចឹមកន្ធាយ តែប៉ុណ្ណោះ។ អាស្រ័យលើការព្យាយាម បូរិន បានខិតខំប្រឹងប្រែងរកគ្រប់វិធីសាស្រ្ដរហូតចិញ្ចឹមកន្ធាយទទួលបានផលល្អ មកដល់សព្វថ្ងៃ។

លោក ចន បូរិន បានប្រាប់ឱ្យដឹងទៀតថា រយៈពេលប្រមូលផលកន្ធាយត្រូវខ្នាតសម្រាប់លក់ចេញ បូរិន ត្រូវចំណាយពេលប្រមាណពី ៦ខែ ទៅ ១២ខែ ទើបអាចទទួលបានផលកន្ធាយ សម្រាប់លក់ចេញទៅកាន់ទីផ្សារ។ បូរិន បន្តទៀតថា បច្ចុប្បន្នកន្ធាយក្នុងកសិដ្ឋានរបស់លោក ចាប់ប្រមូលលក់ក្នុង ១គីឡូក្រាម អាចលក់ចេញបាន ចន្លោះពី ១០ដុល្លារ ទៅ ១៥ដុល្លារ ចំណែកទីផ្សារវិញ បូរិន អះអាងថា គាត់អាចស្វែងរកទីផ្សារតាមរយៈការលក់អនឡាញ និង រមណីយដ្ឋាន ឬភោគជនីយដ្ឋាននានា ក្នុងស្រុកតែប៉ុណ្ណោះ។

លោក ចន បូរិន បានប្រាប់ទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ កសិដ្ឋានចិញ្ចឹមកន្ធាយខ្មែរ របស់លោកអាចរកប្រាក់ចំណូលបានចន្លោះពី ១០០០ដុល្លារ ទៅ ២០០០ដុល្លារ ក្នុងមួយខែ ឬអាចលក់ចេញកន្ធាយបែបធម្មជាតិនេះ បានចន្លោះពី ១តោន ទៅ២តោន ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមកន្ធាយខ្មែរ របស់លោក ចន បូរិន មានទីតាំងស្ថិតនៅក្នុងគីឡូម៉ែត្រលេខ ១១៥ ផ្លូវជាតិលេខ ៨ ស្រុកកំចាយមារ ខេត្តព្រៃវែង៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


