Connect with us

សេដ្ឋកិច្ច

តាសក់ផ្អែម​កំពុងទទួលបានការគាំទ្រពីអតិថិជនក្នុងស្រុក ​

បានផុស

នៅ

កសិករដាំតាសក់ផ្អែមម្នាក់ បានឱ្យដឹងថា តាសក់ផ្អែមនៅចម្ការរបស់លោកបច្ចុប្បន្នកំពុងមានទីផ្សារល្អ ខណៈនៅលើផ្សារទំនើបមានតម្លៃខ្ពស់គួរសម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតនៅក្នុងវ័យ ៥១ឆ្នាំ លោក ហ៊ឺ ផេងឡា ជាម្ចាស់កសិដ្ឋាន ឌីភីខេ ភ្នំប្រសិត ប្រាប់ កម្ពុជាថ្មី ថា កសិដ្ឋានរបស់លោកបានចាប់ដំណើរការឡើងមកតាំងពីឆ្នាំ ២០២១មកម្ល៉េះ។ លោកបន្តថា កាលនោះកសិដ្ឋានពុំទាន់មានដំណាំតាសក់ផ្អែមនោះទេ ពោលគឺមានត្រឹមតែបន្លែស្លឹកដែលដាំសម្រាប់ដាក់លក់លើទីផ្សារតែប៉ុណ្ណោះ។

ម្ចាស់កសិដ្ឋានរូបនេះ បានបន្ថែមទៀតថា ដោយមើលឃើញពីទីផ្សារល្អនៃដំណាំតាសក់ផ្អែម កាលពីដើមឆ្នាំ២០២៦ កសិដ្ឋានបានសាកល្បងដាំតាសក់ផ្អែម ដែលបានជ្រើសរើសពូជពីប្រទេសតៃវ៉ាន់ មកដាក់ដាំក្នុងផ្ទះសំណាញ់ដែលមានផ្ទៃដីសរុបជាង២ហិកតា។

ដំណាំតាសក់ផ្អែមនៅចម្ការរបស់លោក ផេងឡា បច្ចុប្បន្នកំពុងហុចផលឱ្យយ៉ាងល្អ ខណៈដំណាំនេះកំពុងមានទីផ្សារល្អ និងអាចលក់ចេញទៅកាន់ទីផ្សារបានក្នុងតម្លៃសមរម្យ។

យ៉ាងណាមិញ លោក ហ៊ឺ ផេងឡា បញ្ជាក់ដែរថា ក្រោយពេលប្រមូលផលដំណាំតាសក់ផ្អែម ភាគច្រើនផលិតផលរបស់លោកក៏បានបោះដុំ និងលក់រាយទៅកាន់ផ្សារទំនើបមួយចំនួនដែលស្ថិតនៅក្នុងរាជធានីភ្នំពេញដោយមិនចាំបាច់ដើររកទីផ្សារដូចប្រភេទបន្លែស្លឹកដូចធ្លាប់ដាំកន្លងទៅផងដែរ។

ផ្លែតាសក់ផ្អែម (Melon) ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ ដំណាំមួយប្រភេទនេះក៏សម្បូរទៅដោយសារធាតុចិញ្ចឹមដែលផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើនដូចជា៖ ការពាររាងកាយពីការខ្វះជាតិទឹក ជំនួយដល់សុខភាពស្បែក និងគ្រប់គ្រងសម្ពាធឈាមបានមានប្រសិទ្ធិភាព។

គួរឱ្យដឹងថា​ កសិដ្ឋាន ឌីភីខេ ភ្នំប្រសិត រ​បស់លោក ហ៊ឺ ផេងឡា មានសមត្ថភាពផ្គត់ផ្គង់តាសក់ផ្អែមទៅកាន់ទីផ្សារបានប្រមាណជាង ១០តោន ក្នុងមួយខែ។ បច្ចុប្បន្នកសិដ្ឋានមានទីតាំងស្ថិតនៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម