Connect with us

សេដ្ឋកិច្ច

ក្រៅពីដាំកាហ្វេ ក្រុមហ៊ុនក្នុងស្រុកមួយ ប្រមូលទិញគ្រាប់កាហ្វេពីកសិករ​ផ្គត់ផ្គង់ទីផ្សាររាជធានីភ្នំពេញ

បានផុស

នៅ

ក្រុមហ៊ុនក្នុងស្រុកមួយ ក្រៅពីវិយោគទៅលើចម្ការកាហ្វេនៅខេត្តមណ្ឌលគិរី បច្ចុប្បន្នក្រុ​មហ៊ុនក៏បានប្រមូលទិញគ្រាប់ កាហ្វេពីប្រជាកសិករនៅតាមចម្ការផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់មកកាន់ទីផ្សាររាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ កម្ពុជាថ្មី លោក ជិន ជ័យាបុត្រ អគ្គនាយកក្រុមហ៊ុន គិរីកាហ្វេ Kiri Highland Heritage Trading Co,.td បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកមានចម្ការកាហ្វេផ្ទៃដីសរុបជាង ៦៥ ហិកតា ក្នុងនោះមានដីប្រមាណជាង ១៥ហិកតា ដែលអាចប្រមូលផលកាហ្វេបាន។ ដំណើរការដាំ និងផ្គត់ផ្គង់គ្រាប់កាហ្វេនេះ ក្រុមហ៊ុនគិរីកាហ្វេ បានចាប់ផ្តើមវាឡើងមកកាលពីឆ្នាំ ២០២៤។

ទោះជាកម្ពុជា មានផ្ទៃដីដែលអាចដាំដុះកាហ្វេបានក៏ពិតមែន ប៉ុន្ដែម្ចាស់ក្រុមហ៊ុនកាហ្វេរូបនេះ បញ្ជាក់ថា ពាក់ព័ន្ធនឹងការផ្គត់ផ្គង់គ្រាប់កាហ្វេក្នុងស្រុកនាពេលបច្ចុប្បន្ន គឺនៅតែពុំទាន់អាចគ្រាប់គ្រាន់នៅឡើយ។ ដោយឡែក ការប្រមូលទិញគ្រាប់កាហ្វេ រួមផ្សំជាមួយគ្រាប់កាហ្វេដែលមានស្រាប់នៅចម្ការ ត្រឹមតែអាចផ្គត់ផ្គង់បានមួយចំណែកតូចមកកាន់ទីផ្សាររាជធានីភ្នំពេញតែប៉ុណ្ណោះ។

ដ្បិតតែការផ្គត់ផ្គង់នៅមានកម្រិត តែអ្វីដែលយើងមានមោទនភាព និងគួររីករាយបំផុតនោះគឺ ខេត្តមណ្ឌលគិរី និងរតនគិរី ជាខេត្តដែលមានសក្ដានុពលទៅលើដំណាំកាហ្វេ ពិសេសគឺគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ និងមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ដែលរាល់គ្រាប់កាហ្វធានាថាធម្មជាតិពិតៗ។

លោក ឌុក ពិសិដ្ឋ ប្រធាន​សមាគម​កាហ្វេ​កម្ពុជា ធ្លាប់បាន​​ប្រាប់​ កម្ពុជា​ថ្មី ​ថា ​​កម្ពុជា​មានលទ្ធភាព​ដាំកាហ្វេ​ផ្គត់​ផ្គង់​តម្រូវការ​បាន​ប្រមាណ ១ ០០០ តោន​ប៉ុណ្ណោះ ខណៈ​តម្រូវការ​​ផ្គត់ផ្គង់​បើតាមការ​​ប៉ាន់​ស្មាន​​មាន​ប្រហែល​ជាង ១ ម៉ឺន​ ៣ ពាន់​តោន​ក្នុង​មួយ​ឆ្នាំ។

ប្រធានសហគមរូបនេះ បន្ថែមថា ដើម្បី​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុកបាន​​គ្រប់គ្រាន់​គឺ​ត្រូវការ​ផ្ទៃដី​ដាំដុះ​កាហ្វេ​ប្រហែល ៨ ០០០ ហិកតា ទើបអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារបាន​។

យ៉ាងណាមិញ ដើម្បី​ជំ​រុញ​ផលិតកម្ម​កាហ្វេ​បំពេញ​តម្រូវការ​ដែល​ខ្វះខាត ​ប្រធាន​សមាគម​កាហ្វេ​កម្ពុជាលើកទឹកចិត្ត​​ឱ្យ​ពលរដ្ឋ​ពង្រីក​ផ្ទៃដី​ដាំដុះ​ដោយ​ប្តូរ​ពី​ការ​​ដាំ​ដំណាំ​ផ្សេងៗ​មក​ដាំ​កាហ្វេ​នៅ​ក្នុង​តំបន់​ដែល​អាច​ដាំ​បាន​ ខណៈ​សមាគម​នឹង​ជួយ​គាំទ្រ​តាម​រយៈ​ការ​ផ្ដល់​ការ​បណ្ដុះបណ្ដាល ការ​ណែនាំ​ពូជ​ និង​ការ​ផ្តល់​បច្ចេកទេស​ដាំដុះ និង​ការ​កែច្នៃ​ជាដើម៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម