Connect with us

ព័ត៌មានជាតិ

ARDB បានផ្តល់ឥណទានប្រមាណ៤៤០លានដុល្លារដល់វិស័យកសិកម្មគិតត្រឹមដំណាច់ឆមាសទី១កន្លងមក

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ជនបទ​និងកសិកម្ម(ARDB) បានផ្តល់ឥណទាន ប្រមាណ៤៤០លានដុល្លារគិតត្រឹមដំណាច់ឆមាសទី១កន្លងមកនេះលើវិស័យកសិកម្មដើម្បីផ្តល់លទ្ធភាពបន្ថែមដល់អ្នកផលិតនិងប្រជាកសិករដើម្បីបង្កើនផលិតកម្ម និងជំរុញការនាំចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កៅ​ ថាច អគ្គនាយក​ ARDB បានថ្លែងប្រាប់កម្ពុជាថ្មីថាដោយមើលឃើញពីតម្រូវការផ្នែកហិរញ្ញវត្ថុលើវិស័យកសិកម្មរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្តល់នូវកញ្ចប់ហិរញ្ញប្បទានជាបន្តបន្ទាប់ដល់ធនាគារអភិវឌ្ឍន៍ជនបទ​និងកសិកម្មក្នុងការផ្តល់ឥណទានទៅលើវិស័យនេះសំដៅជួយជម្រុញផលិតកម្មនិងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើន។

លោកបានថ្លែងថា៖«គិតមកដល់ដំណាច់ឆមាសទី១ឆ្នាំ២០២៤នេះ យើងបានផ្តល់ឥណទានប្រមាណជា៤៤០លានដុល្លារទៅលើវិស័យកសិកម្មទាំងមូលដែលក្នុងនោះរួមមានការដាំដុះ​ ការចិញ្ចឹម ការកែច្នៃជាដើម»។

«យើងដឹងហើយថារាជរដ្ឋាភិបាលតាមរយៈធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់លទ្ធភាពផ្នែកឥណទានដើម្បីជម្រុញការដាំដុះ ការចិញ្ចឹងសត្វ ជាពិសេសដើម្បីលើកកម្ពស់ផលិតភាពក្នុងវិស័យនេះឱ្យមានការនាំចេញកាន់តែច្រើនឡើង»។

លោកកៅ ថាចក៏បានថ្លែងបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗធនាគារក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសាជីវកម្មធានារឥណទានដោយសារតែអ្នកផលិតខ្លះពុំមានទ្រព្យគ្រប់គ្រាន់ដើម្បីដាក់បញ្ចាំ​ក្នុងការទទួលបានឥណទាន។

ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ ប្រទេសទូទាំងពិភពលោក។

៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ – ប្រទេសចិនរួមមាន ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន។ ចំណែកឯការនាំចេញទៅប្រទេសរៀតណាមរួមមាន ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់។ ប្រទេសថៃរួមមាន ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់ ។

កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី៖ ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។ គ្រាប់ស្វាយចន្ទីឆៅ៖ មានទំហំនាំចេញជាង ៨០០ លានដុល្លារ ប្រហែល ១ ភាគ ៣ នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា។

ទំហំទឹកប្រាក់ពីការនាំចេញ៖ កសិផលក្រៅពីស្រូវ-អង្ករ ៖ ជាង ១ ៨០០ លានដុល្លារ។ កសិផលស្រូវ៖ ជាង ៤០០ លានដុល្លារ។ កសិផលអង្ករ៖ ជាង ២០០ លានដុល្លារ។ ប្រភេទដំឡូងមី៖ មានបរិមាណជាង ២,៥០ លានតោន ដែលជាកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត ដោយទទួលបានទឹកប្រាក់ចំនួនជាង ៤៥០ លានដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម