ព័ត៌មានជាតិ
ARDB និងធនាគារពាណិជ្ជក្នុងស្រុកនឹងរួមគ្នាផ្តល់ឥណទានពិសេសដើម្បីជំរុញការទិញកសិផល
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានថ្លែងប្រាប់កម្ពុជាថ្មីថា ធនាគារលោក នឹងសហការជាមួយធនាគារក្នុងស្រុកនានាដើម្បីផ្តល់នូវកញ្ចប់ឥទានពិសេសដល់បណ្តាក្រុមហ៊ុនផលិតចំណីសត្វ និង ម្ចាស់សៃឡូ ដើម្បីប្រមូលទិញកសិផល ជាពិសេសពោត និងដំឡូងមីក្នុងការកែច្នៃជាចំណីសត្វនារដូវប្រមូលផលខាងមុខនេះ។

លោកបានលើកឡើងថា បន្ទាប់ពីមានការសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញកសិផលខ្មែរកាលពីពេលថ្មីៗកន្លងទៅនេះ បណ្តាតំណាងក្រសួងពាក់ព័ន្ធ, មន្ទីរពាណិជ្ជកម្ម ខេត្ត-ក្រុង, ធនានារគាររបស់លោក; ធនាគារអេស៊ីលីដា ភីអិលស៊ី, អ្នកប្រមូលទិញពោត, សៃឡូដំឡូង និងក្រុមហ៊ុនចំណីសត្វមួយនឹងរួមគ្នាទិញកសិផលក្នុងស្រុកឱ្យអស់លទ្ធភាពមុននឹងសម្រេចចិត្តនាំចូលដើម្បីបំពេញបន្ថែម។
លោកបានថ្លែងបញ្ជាក់ថា៖«យើងត្រៀមខ្លួនធ្វើការជាមួយក្រុម Silo និងខាងផលិតចំណីសត្វដើម្បីសហការប្រមូលទិញកសិផលរបស់យើងឱ្យលទ្ធភាពនូវផលិតផលកសិកម្មក្នុងស្រុករបស់យើងមុននឹងនាំចូលពីខាងក្រៅដើម្បីកែច្នៃធ្វើចំណីសត្វអ្វីផ្សេងៗ»។

«មកទាល់ពេលនេះយើងក៏បានត្រៀមនូវកញ្ចប់ថវិការឥណទានពិសេសដែលក៏មានធនាគារពាណិជ្ជផ្សេងៗចូលរួមដែរ ដូចជាធននាគារអេស៊ីលីដាជាដើម។ យើងក៏បានចុះហត្ថលេខាត្រីភាគីជាមួយក្រុមហ៊ុនឡសំងួត និងក្រុមហ៊ុនផលិតចំណីសត្វ CP ដែរ ក្នុងការប្រមូលទិញពោត និងតំឡូងមីពីប្រជាកសិករនារដូវប្រមូលផល»។ នេះបើយោងតាមលោកកៅ ថាច។
ក្រុមហ៊ុនកែច្នៃចំណីសត្វដ៏ធំ ស៊ី.ភី.ខេមបូឌា បានប្រកាសថា នៅតែបន្តទិញពោតសម្រាប់ផលិតចំណីសត្វ ដោយផ្អែកទៅលើគុណភាពផលិតផល ដែលក្រុមហ៊ុនបានកំណត់ និងបរិមាណសមរម្យ ស្របតាមសមត្ថភាពផ្ទុកទំនិញក្នុងរោងចក្រ។
ក្រុមហ៊ុន ស៊ី.ភី.បានរៀបចំកន្លែងទទួលទំនិញនៅទីតាំងរោងចក្រផលិតចំណីសត្វ ៣ កន្លែង គឺរោងចក្រនៅភ្នំពេញ ខេត្តកំពត និងប៉ៃលិន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមបង្វែរនូវកសិផលដែលស្ថិតនៅតាមបណ្ដាខេត្តទាំង ៧ ជាប់ព្រំដែនថៃ ទៅជាធាតុចូលកសិកម្មនៃការកែច្នៃ ធ្វើផលិតកម្មចំណីសត្វក្នុងស្រុក នៅចំពេលដែលបញ្ហាព្រំដែនកម្ពុជា-ថៃ បន្តអូសបន្លាយ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រាជរដ្ឋាភិបាលមានដំណោះស្រាយ២ សម្រាប់រយៈពេលខ្លី និងមធ្យម ពោលគឺកម្ពុជាចាប់ផ្ដើមបង្វែរនូវកសិផលដែលដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ ទៅជាធាតុចូលកសិកម្មនៃការកែច្នៃ ក្នុងស្រុក ជាពិសេសការកែច្នៃធ្វើផលិតកម្មចំណីសត្វ។
លោកបានថ្លែងបន្ថែមថា៖ «យើងឃើញករណីមួយគឺថា កន្លងមក រឿងពោត ដំឡូងមី ត្រូវបាននាំចេញទៅប្រទេសថៃ ដើម្បីបម្រើឱ្យឧស្សាហកម្មកែច្នៃចំណីសត្វនៅក្នុងប្រទេសថៃ ឥឡូវនេះ នៅពេលដែលព្រំដែនបិទ យើងក៏អាចបង្វែរធាតុចូលនេះ ទៅធ្វើជាផលិតកម្មចំណីសត្វនៅក្នុងស្រុកផងដែរ»។
បើតាមលោក ឃឹម ហ្វីណង់ កន្លងមកកម្ពុជាមានក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុន CP ដែលបានព្យាយាមធ្វើចំណីសត្វក្នុងស្រុកដែរ។

លោក ឃឹម ហ្វីណង់បន្ថែមថា៖ «យើងបង្វែរទិសដៅនៃធាតុចូលរបស់យើងឱ្យត្រូវនឹងទិសដៅនៃការធ្វើផលិតកម្មចំណីសត្វនៅក្នុងស្រុក ហើយក្រសួងកសិកម្មបានធ្វើការរួចហើយជាមួយក្រុមហ៊ុន CP ទោះបីជាក្រុមហ៊ុន CP ជាក្រុមហ៊ុនថៃក៏ដោយ យើងមិនប្រកាន់ទេ គាត់ចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា»។
យោងតាមក្រសួងកសិកម្ម នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជានាំចេញគ្រាប់ពោតសម្រេចបានប្រមាណជាង ៥ ម៉ឺនតោន ធ្លាក់ចុះ ២០,៨០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។
របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា ផ្ទៃដីដាំដុះពោតក្រហមបានកើនពី ២៧ ម៉ឺន ៧ ពាន់ហិកតា នៅឆ្នាំ ២០២៣ ដល់ជាង ២៨ ម៉ឺនហិកតា នៅឆ្នាំ ២០២៤៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


