ព័ត៌មានអន្ដរជាតិ
«អន្ទាក់នៃប្រាក់ចំណូលមធ្យម» រារាំងវឌ្ឍនភាពរបស់ប្រទេសកំពុងអភិវឌ្ឍជាង ១០០
ការសិក្សារបស់ធនាគារពិភពលោក ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា «អន្ទាក់នៃប្រាក់ចំណូល មធ្យម» បានរារាំងវឌ្ឍនភាពរបស់ប្រទេសកំពុងអភិវឌ្ឍចំនួន ១០៨ មិនឱ្យពួកគេងាយស្រួលក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់។

ការសិក្សាដែលមានក្នុង «របាយការណ៍អភិវឌ្ឍន៍ពិភពលោកឆ្នាំ ២០២៤៖ អន្ទាក់នៃប្រាក់ចំណូលមធ្យម» បាននិយាយថា ប្រទេសទាំងជាង ១០០ រួមមានចិន ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង កំពុងប្រឈមមុខនឹងឧបសគ្គធ្ងន់ធ្ងរដែលអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។
របាយការណ៍ ដែលផ្តល់ផែនទីបង្ហាញផ្លូវដើម្បីឱ្យប្រទេសកំពុងអភិវឌ្ឍន៍អាចគេចផុតពី «អន្ទាក់នៃចំណូលប្រាក់ចំណូលមធ្យម» មួយនេះ បានគូសបញ្ជាក់ពីមេរៀនដែលបន្សល់ទុកក្នុងរយៈពេល៥០ឆ្នាំចុងក្រោយ ដោយនិយាយថា «នៅពេលដែលប្រទេសនានាមានទ្រព្យសម្បត្តិកាន់តែច្រើន ពួកគេតែងតែជួបនឹង «អន្ទាក់» ប្រាក់ចំណូលនៅត្រឹម ១០ ភាគរយ នៃផលិតផលក្នុងស្រុក (GDP) សរុបប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់នៅសហរដ្ឋអាមេរិក ដែលស្មើនឹង ៨ ០០០ ដុល្លារ នាពេលបច្ចុប្បន្ន»។ រាប់តាំងពីឆ្នាំ ១៩៩០ មក មានតែប្រទេស ៣៤ ប៉ុណ្ណោះ ដែលងើបឡើងជាប្រទេសមានប្រាក់ចំណូលខ្ពស់ ហើយជាង ១/៣ ក្នុងចំណោមនោះ គឺដោយសារតែគេធ្វើសមហរណកម្មចូលសហភាពអឺរ៉ុប ឬរុករកឃើញប្រេងកាត។ S
គិតត្រឹមចុងឆ្នាំ ២០២៣ ប្រទេសចំនួន ១០៨ ត្រូវបានចាត់ថ្នាក់ជាប្រទេសមានចំណូលមធ្យម ដែលប្រទេសនីមួយៗមាន GDP ប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ ក្នុងចន្លោះពី ១ ១៣៦ ដុល្លារ ទៅ ១៣ ៨៤៥ ដុល្លារ។ ប្រទេសទាំងនេះ មានប្រជាជនសរុបប្រមាណ ៦ ប៊ីលាននាក់ ដែលស្មើនឹង ៧៥ ភាគរយនៃចំនួនប្រជាជនសរុបរបស់ពិភពលោក ហើយ ២ ក្នុងចំណោម ៣ នាក់ក្នុងនោះ រស់នៅក្នុងភាពក្រីក្រខ្លាំង។

របាយការណ៍មើលឃើញថា ខណៈដែលប្រទេសទាំងនេះព្យាយាមងើបចេញពីអន្ទាក់នៃប្រាក់ចំណូលមធ្យម ពួកគេត្រូវប្រឈមមុខនឹងបញ្ហាកាន់តែធ្ងន់ធ្ងរឆ្ងាយជាងមុនទៅទៀត ដែលបញ្ហាទាំងនោះរួមមាន ភាពរហ័សនៃចំនួនប្រជាជនវ័យចំណាស់ កំណើននៃគោលនយោបាយការពារនិយមនៅប្រទេសអភិវឌ្ឍ និងតម្រូវការបង្កើនល្បឿននៃការផ្លាស់ប្តូរថាមពល។
ជុំវិញបញ្ហានេះ ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក និងជាអនុប្រធានជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច លោក Indermit Gill បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារថា៖ «ការប្រយុទ្ធដើម្បីវិបុលភាពសេដ្ឋកិច្ចពិភពលោក ភាគច្រើននឹងត្រូវឈ្នះ ឬចាញ់ ក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យម»។ លោកបន្តថា៖ «ប្រទេសទាំងនេះច្រើនពេក ពឹងផ្អែកលើយុទ្ធសាស្ត្រហួសសម័យ ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។ ពួកគេពឹងផ្អែកលើការវិនិយោគយូរពេក ឬពួកងាកទៅរកការបង្កើតថ្មីមុនកាលកំណត់»។
ដោយមើលឃើញពីបញ្ហាដដែល លោក Gill បានផ្ដល់ជាអនុសាសន៍ថា៖ «វិធីសាស្រ្តថ្មី គឺត្រូវការជាចាំបាច់៖ ដំបូងផ្តោតលើការវិនិយោគ។ បន្ទាប់មកបន្ថែមការសង្កត់ធ្ងន់លើការបញ្ចូលបច្ចេកវិទ្យាថ្មីពីបរទេស។ ហើយជាចុងក្រោយ ប្រកាន់យកនូវយុទ្ធសាស្ត្រ៣យ៉ាង ដែលធ្វើឱ្យមានតុល្យភាពលើការវិនិយោគ ការចាក់បញ្ចូលគ្នា និងការបង្កើតថ្មី។ ជាមួយនឹងកំណើនសម្ពាធផ្សេងៗនៃប្រជាសាស្រ្ត អេកូឡូស៊ី និងភូមិសាស្ត្រនយោបាយ វានឹងមិនខុសនោះទេ»។

អនុសាសន៍ដែលលោក Gill បានលើកឡើង គឺមាននៅក្នុងរបាយការណ៍អន្ទាក់នៃប្រាក់ចំណូលមធ្យមដដែល ពោលគឺលោកសំដៅលើយុទ្ធសាស្រ្ត «3i (Investment, Infusion, Innovation) ដែលស្នើឡើងដើម្បីឱ្យប្រទេសមានប្រាក់ចំណូលមធ្យម អាចងើបក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក បានសរសេរសង្ខេបថា អាស្រ័យលើដំណាក់កាលនៃការអភិវឌ្ឍរៀងៗខ្លួន ប្រទេសទាំងអស់ត្រូវប្រកាន់យកនូវគោលនយោបាយចម្រុះកាន់តែទំនើប ដែលមានលក្ខណៈជាលំដាប់លំដោយ និងបន្តិចម្ដងៗ។
ធនាគារបន្តថា៖ «ប្រទេសដែលមានចំណូលទាប អាចផ្តោតតែលើគោលនយោបាយដែលបង្កើតឡើងដើម្បីបង្កើនការវិនិយោគ ពោលគឺដំណាក់កាល i ទី១។ ប៉ុន្តែនៅពេលពួកគេក្លាយជាប្រទេសមនាចំណូលមធ្យមកម្រិតទាប ពួកគេត្រូវផ្លាស់ប្តូរទិសដៅ និងពង្រីកគោលនយោបាយចម្រុះ ឆ្ពោះទៅដំណាក់កាល i ទី២»។
i ទី២ សំដៅលើការវិនិយោគ និងការចាក់បញ្ចូលគ្នា ដែលរួមមានការទទួលយកបច្ចេកវិទ្យាពីបរទេស និងប្រើវានៅទូទាំងប្រទេស។
នៅពេលក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ពួកគេគួរតែផ្លាស់ប្តូរទិសដៅម្តងទៀត ឆ្ពោះទៅរកដំណាក់កាល i ទី៣ ដែលជាដំណាក់កាលចុងក្រោយ ដោយរួមមាន «ការវិនិយោគ ការចាក់បញ្ចូលគ្នា និងការបង្កើតថ្មី»។ ធនាគារសរសេរថា ក្នុងដំណាក់កាលនៃការបង្កើតថ្មី ប្រទេសទាំងអស់លែងសូវខ្ចីគំនិតពីប្រទេសបច្ចេកវិទ្យាធំៗទៀតហើយ ផ្ទុយទៅវិញ គឺពួកគេរុលទៅមុខដោយខ្លួនឯង។

ប្រធាននៃរបាយការណ៍អភិវឌ្ឍន៍ពិភពលោកឆ្នាំ ២០២៤ ដដែល លោក Somik V. Lall បានថ្លែងថា៖ «ផ្លូវខាងមុខនឹងមិនងាយស្រួលនោះទេ ប៉ុន្តែវាអាចទៅរួចសម្រាប់ប្រទេសនានាដើម្បីរីកចម្រើន ទោះក្នុងលក្ខខណ្ឌដ៏លំបាកនាពេលបច្ចុប្បន្ននេះក៏ដោយ»។
ជាតឹងតាង របាយការណ៍បានលើកប្រទេសកូរ៉េខាងត្បូងជាឧទាហរណ៍ដ៏ល្អ សម្រាប់ភាពជោគជ័យក្នុងការប្រើប្រាស់យុទ្ធសាស្រ្ត «3i» ដើម្បីងើបចេញពីអន្ទាក់នៃប្រាក់ចំំណូលមធ្យម ហើយក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់។
នៅឆ្នាំ ១៩៦០ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់របស់កូរ៉េខាងត្បូង មានត្រឹមតែ ១ ២០០ ដុល្លារប៉ុណ្ណេះ។ ចំនួននេះ បានកើនឡើងដល់ ៣៣ ០០០ ដុល្លារត្រឹមឆ្នាំ ២០២៣។ ប្រទេសនេះ បានចាប់ផ្តើមជាមួយនឹងគោលនយោបាយចម្រុះសាមញ្ញៗ ដើម្បីបង្កើនការវិនិយោគសាធារណៈ និងលើកទឹកចិត្តការវិនិយោគឯកជន។ ក្រោយមកបានផ្លាស់ប្ដូរទៅជាគោលនយោបាយឧស្សាហកម្មនៅទសវត្សរ៍ឆ្នាំ ១៩៧០ ដោយលើកទឹកចិត្តក្រុមហ៊ុនក្នុងស្រុក ឱ្យទទួលយកបច្ចេកវិទ្យាបរទេស និងវិធីសាស្រ្តផលិតកម្មទំនើបជាងមុន។ មកទល់ពេលបច្ចុប្បន្ន កូរ៉េខាងត្បូងក្លាយជាបណ្ដុំក្រុមហ៊ុនផ្សេងៗ ដែលបណ្ដុះការបង្កើតថ្មី រួមទាំងបច្ចេកវិទ្យា។
ប្រទេសផ្សេងៗទៀត ដែលបានដើរតាមផ្លូវស្រដៀងគ្នានេះ រួមមានប៉ូឡូញ និងឈីលី។ ប្រទេសប៉ូឡូញផ្តោតលើការបង្កើនផលិតភាពជាមួយនឹងបច្ចេកវិទ្យាដែលនាំយកពីអឺរ៉ុបខាងលិច ខណៈឈីលីបានលើកទឹកចិត្តដល់ការផ្ទេរបច្ចេកវិទ្យាពីបរទេស ហើយបានប្រើវាដើម្បីជំរុញការច្នៃប្រឌិតក្នុងស្រុក៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


