ព័ត៌មានជាតិ
រោងម៉ាស៊ីនកិនស្រូវមួយ ទិញស្រូវសើមពីកសិករមួយថ្ងៃពី ៦០០ ទៅ ១ ពាន់តោន កិននាំចេញទៅក្រៅប្រទេស
រោងម៉ាស៊ីនកិនស្រូវ «City Rice Import Export» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នាដើមរដូវប្រមូលផលនេះ បានសម្រុកទិញស្រូវសើមពីកសិករ ក្នុងមួយថ្ងៃចន្លោះពី ៦០០ តោន ទៅ ១ពាន់ សម្រាប់កិននាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឧកញ៉ា ឡាយ ឈុនហួ បានឱ្យ «កម្ពុជាថ្មី» ដឹងថា បច្ចុប្បន្នខាងរោងចក្រមានតម្រូវការទិញស្រូវចូលចន្លោះពី ៦ រយតោន ទៅ១ពាន់តោន ក្នុងមួយថ្ងៃ។
«ជាគោលដៅ តម្រូវការទិញចូលក្នុងមួយថ្ងៃរង្វង់ ២ ពាន់តោន តែដោយសារបច្ចុប្បន្នដើមរដូវប្រមូលផលស្រូវរបស់ប្រជាកសិករ ទើបការប្រមូលទិញស្រូវនៅមិនទាន់អាចមានគ្រប់តាមតម្រូវការ»។ ឧកញ៉ា ឡាយ ឈុនហួ បញ្ជាក់។
រយៈពេល ៨ ខែ ឆមាសទី១ ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនបាននាំចេញអង្ករប្រមាណជិត ៥ ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិដូចជា ប្រទេសនៅសហភាពអឺរ៉ុប ប្រទេសចិន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី អូស្ត្រាលី ណូវេហ្សេឡង់ ចក្រភពអង់គ្លេស បណ្ដាប្រទេសក្នុងទ្វីបអាហ្វ្រិក និងកោះ New Caledonia ដែលគិតជាទឹកប្រាក់សរុបចំនួន ៣៣ លានដុល្លារអាមេរិក ខណៈបរិមាណនាំចេញមានការកើនឡើងប្រមាណ ១៦% បើប្រៀបធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
ដោយផ្តោតនាំចេញតែអង្ករដែលមានគុណភាពខ្ពស់ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ «City Rice Import Export» នៅស្រុកថ្មគោល ឧកញ៉ា ឡាយ ឈុនហួ បានអះអាងថា អង្ករនាំចេញភាគច្រើនដូចជាប្រភេទ ផ្ការំដួល សែនក្រអូប ស្រងែ ម្លិះក្រហម និងអង្ករសប្រភេទទន់ OM ៥៤៥១ ជាដើម។

លោក ឧកញ៉ា បន្ថែមថា ដោយសាររោងចក្រមានទីតាំងស្ថិតនៅក្នុងស្រុកថ្មគោលក្នុងខេត្តបាត់ដំបង ដូច្នេះការទិញស្រូវផ្ដោតជាសំខាន់ពីកសិករក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ក្រៅពីនេះតិចតួច ក៏មានខេត្តសៀមរាប កំពង់ធំ ពោធិ៍សាត់ និងកំពង់ឆ្នាំងដោយក្នុងមួយឆ្នាំប្រមូលទិញស្រូវពីកសិករប្រមាណជាង ១៧ ម៉ឺនតោនស្រូវសើម។
ជាមួយគ្នានេះ លោក ឧកញ៉ា ឡាយ ឈុនហួ បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករក្នុងស្រុក ដើម្បីផលិតអង្ករដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២៣ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


