Connect with us

សេដ្ឋកិច្ច

ផលិតកម្មស្រូវនាងអំ ចាប់ផ្ដើមប្រមូលផលលើកដំបូង លើផ្ទៃដី ៦០០ ហិកតា

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា «សហគមន៍កសិកម្មទំនើបស្រូវនាងអំ» បានចាប់ផ្តើមប្រមូលផលជាលើកដំបូងរបស់ខ្លួន លើផ្ទៃដីផលិតកម្មជិត​៦០០​ហិកតា ទទួលបានទិន្នផលក្នុងរង្វង់ ២,៥-៣តោន ក្នុងមួយហិកតា និងលក់ចេញបានក្នុងតម្លៃកុងត្រាទុកមុន ៩៥០៛/គីឡូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ បានប្រាប់ឱ្យដឹងថា តម្លៃនេះចំណេញសមរម្យ ហើយខ្ពស់ជាងកាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ ទោះបីជាមិនបានខ្ពស់ដូចកាលពីឆ្នាំ២០២៣ក៏ដោយ។ ខុសពីពេលដែលសមាជិកនីមួយៗនៅធ្វើរៀងៗខ្លួន សហគមន៍នឹងធ្វើការបែងចែកភាគលាភប្រាក់ចំណេញពីការលក់ស្រូវសើមមួយជំហានសិន តែសហគមន៍នឹងបន្តលក់ជា «អង្ករនាងអំ»បន្ថែមទៀត ហើយនឹងធ្វើការបែងចែកភាគលាភជាលើកទី២នៅពេលលក់អស់ផងដែរ។

បើតាមលោក ឃឹម ហ្វីណង់ សហគមន៍ក៏នឹងចាប់ផ្តើមធ្វើផលិតកម្មបន្លែ និងចម្ការផ្សេងៗទៀតដើម្បីបង្កើតប្រាក់ចំណូលបន្ថែមនៅរដូវប្រាំង ក្រោយពេលការច្រូតកាត់ស្រូវវស្សាត្រូវបានបញ្ចប់ ដែលជាសកម្មភាពថ្មី និងជាអ្វីដែលកសិករសមាជិក​​នីមួយៗមិនដែលធ្លាប់មានលទ្ធភាពអាចធ្វើបានឡើយ។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា​ (CRF) គិតត្រឹមរយៈពេល ១០ ខែ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញស្រូវចំនួន ៤ ០៣៦ ៣៣៦ តោន ស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ១៨៤.១៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៦% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។

កម្ពុជាបាននាំចេញអង្ករបានចំនួន ៥០៧ ០២៩តោន​ គិតជាទឹកប្រាក់ចំនួន​៣៧៦.៦៣លានដុល្លារ​តាមរយៈក្រុមហ៊ុន​នាំ​ចេញ​អង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម