Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្មអំពាវនាវអ្នកនេសាទកុំប្រើឧបករណ៍ខុសច្បាប់ និងត្រូវលែងក្ដាមចូលសមុទ្រវិញ បើចាប់បានក្ដាមមានពងកូន

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃុន សាវឿន អំពាវនាវឱ្យប្រជាសហគមន៍កុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឧបករណ៍ដែលបំផ្លាញធនធានធម្មជាតិខ្ពស់ និងត្រូវលែងក្ដាមចូលសមុទ្រវិញ បើនេសាទបានក្ដាមដែលមានពងកូន។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីលែងកូនក្ដាមសេះ៨៥ម៉ឺនក្បាលចូលសហគមន៍ចំនួន៥ តាមឆ្នេរសមុទ្រក្នុងខេត្តកំពត នាព្រឹកថ្ងៃទី១៥ ខែមិថុនា នេះ។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ថា៖«ប្រជានេសាទទាំងអស់ចូលរួមអនុវត្តការនេសាទ ប្រកប ដោយការទទួលខុសត្រូវ និងកាត់បន្ថយផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ដោយមិនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬឧបករណ៍ដែលបង្ករការបំផ្លិចបំផ្លាញដល់ធនធានជលផល និងជម្រកធម្មជាតិរបស់វារីសត្វឡើយ។​ ជាពិសេស ករណីនេសាទបានក្តាមសេះដែលមានពង (ក្តាមពងខាងក្រៅស្នូក) សូមមេត្តាជួយ​លែងពួកវាចូលទៅក្នុងសមុទ្រវិញ ឬប្រគល់ជូនធនាគារក្តាម ឬសហគមន៍។»។

តាមរយៈពិធីលែងកូនក្ដាមសេះ ក្នុងគោលដៅដើម្បីឱ្យការលែងកូនក្តាមសេះចំនួន ៨៥០,០០០ ក្បាលនាពេលនេះ ទទួលបានផលផ្លែផ្កាពិតប្រាកដទៅថ្ងៃអនាគត មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យ ខណ្ឌរដ្ឋបាលជលផលខេត្តកំពត អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការសហគមន៍នេសាទទាំង ៥ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធនិងមានប្រសិទ្ធភាព ក្នុងការយាមល្បាត និងទប់ស្កាត់រាល់ការនេសាទខុសច្បាប់ ជាពិសេសនៅក្នុងតំបន់ដែនជម្រកដែលយើងបានលែងកូនក្តាមនាថ្ងៃនេះ ​ដើម្បីធានាថាពួកវាមានលទ្ធភាពលូតលាស់ដល់វ័យបន្តពូជ និងបង្កើនធនធានក្តាមក្នុងធម្មជាតិឱ្យមាននិរន្តរភាព។

មន្ត្រីជាន់ខ្ពស់រូបនេះ ណែនាំឱ្យមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ (MARDeC) និងនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម បន្តការស្រាវជ្រាវ និងផលិតកូនពូជក្តាមសេះឱ្យកាន់តែមានបរិមាណច្រើន គុណភាពខ្ពស់ និងប្រសិទ្ធភាពកាន់តែប្រសើរ ដើម្បីបំពេញតម្រូវការសម្រាប់ការលែងស្តារធនធានធម្មជាតិ និងគាំទ្រដល់ការអភិវឌ្ឍវារីវប្បកម្មសមុទ្រនៅកម្ពុជាឱ្យកាន់ តែរីកចម្រើន និងមាននិរន្តរភាព។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ FAO និងគម្រោង CamAdapt ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មកន្លងមក និងដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំថា នឹងបន្តទទួលបានការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញប្បទានបន្ថែមទៀត ដើម្បីជួយពង្រឹងសមត្ថភាពសហគមន៍នេសាទតំបន់ឆ្នេរក្នុងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់ជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលគ្រួសារប្រកបដោយនិរន្តរភាព។

លោក ឃុន សាវឿន សង្កត់ធ្ងន់ថា៖ «ការការពារ និងអភិរក្សធនធានជលផលសមុទ្រ មិនមែនជាកាតព្វកិច្ចរបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវរួមពីយើងទាំងអស់គ្នា។ កូនក្តាមសេះដែលយើង​លែងនៅថ្ងៃនេះ គឺជាការវិនិយោគសម្រាប់អនាគត ដែលនឹងរួមចំណែកបង្កើនធនធានជលផលសមុទ្រ បង្កើតប្រភពចំណូល និងពង្រឹងសន្តិសុខស្បៀងសម្រាប់សហគមន៍ និងកូនចៅរបស់យើងជំនាន់ក្រោយ។»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម