Connect with us

ព័ត៌មានជាតិ

​ថៃនៅពុំទាន់បង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះ (JTC) ដើម្បីចរចាជាមួយកម្ពុជាលើតំបន់ OCA

បានផុស

នៅ

លោក Phumtham Wechayachai  ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃ​បានឱ្យដឹងថា រដ្ឋាភិបាលថៃនៅពុំទាន់បង្កើតចេញជារូបរាងនៃគណៈកម្មាធិការបច្ចេកទេសចម្រុះ (JTC) ដើម្បីចរចាជាមួយកម្ពុជាលើតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នា​រវាងកម្ពុជា-ថៃ (OCA)ដើម្បីបម្រើជាប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរនៅឡើយនោះទេគិតត្រឹមដើមខែធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មានថៃ​ Bankgkok Post បានដកស្រង់សម្តី លោក Phumtham ​កាលពីថ្ងៃទី៦ ខែធ្នូ អំពីព័ត៌មានថ្មីៗអំពីវឌ្ឍនភាពនៃការបង្កើត JTC សម្រាប់ការចរចាជាមួយកម្ពុជា ក្រោមអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ (MoU ៤៤) ដែលបម្រើជាក្របខណ្ឌសម្រាប់កិច្ចពិភាក្សាស្តីពីតំបន់ឧស្ម័នត្រួតស៊ីគ្នា​រវាងប្រទេសថៃ និងកម្ពុជានោះនៅពុំទាន់ចេញជារូបរាងនៅឡើយនោះទេ។

​លោក​បាន​ទទួល​ស្គាល់​ថា៖«​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ការ​រីក​ចម្រើន​ទេ ព្រោះ​ការ​ពិភាក្សា​កំពុង​បន្ត​ដើម្បី​កំណត់​ជំហាន​បន្ទាប់។ បញ្ហា​នេះ​ស្ថិត​នៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​ការ​បរទេស ហើយ​មិន​ទាន់​ដឹង​ថា​នឹង​ត្រូវ​លើក​យក​ទៅ​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​ណា​នោះ​ទេ»។

កាលពីដើមខែវិច្ឆិកា ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គលើកទី៨ នៅទីក្រុងគុនមីង ប្រទេសចិន​នាយករដ្ឋមន្រ្តីថៃលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា​ (Paetongtarn Shinawatra) បានបញ្ជូនសារទៅកាន់លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត​ថា  ការចរចាលើតំបន់ដែនសមុទ្រមានជម្លោះក្រោមអនុស្សរណៈនៃការយោគយល់គ្នា(MoU) ឆ្នាំ ​​២០០១នៃតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នា​រវាងកម្ពុជា-ថៃ (OCA)នឹងចាប់ផ្តើមឡើងវិញ បន្ទាប់ពីគណៈកម្មាធិការបច្ចេកទេសចំរុះ (JTC) ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលខែវិច្ឆិកានេះ។
​​​លោកស្រី​ថា​ការបង្កើត JTC ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅពេលដែលនាងត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃទី ១៨ ខែវិច្ឆិកាពីកិច្ចប្រជុំកំពូល Apec នៅប្រទេសប៉េរូដែលគ្រោងធ្វើនៅថ្ងៃទី ១០-១៦ ខែវិច្ឆិកា។ លោកស្រីនិយាយថា៖«នៅពេលនោះ JTC នឹងបន្តការពិភាក្សាក្រោម MoUដែលមានស្រាប់»។

​តំបន់ទាមទារត្រួតស៊ីគ្នាកម្ពុជា​-ថៃ​ មាន​ទំហំ​ប្រហែល​ ២៦ ០០០ ​គីឡូម៉ែត្រការ៉េ​ក្នុងឈូងសមុទ្រថៃ និង​ត្រូវ​បាន​ប៉ាន់ប្រមាណពីមុន​ថា ​អាច​មាន​កំណប់ឧស្ម័នធម្មជាតិរហូតដល់ ១១ ទ្រីលាន​ហ្វីតគូប ក៏ដូចជាបរិមាណដ៏ច្រើននៃប្រេង​កាត។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ រវាង​ថៃ និងកម្ពុជា បានគូសបញ្ជាក់អំពីក្របខណ្ឌដែលបានព្រមព្រៀង​ដើម្បី​ដោះស្រាយជម្លោះដែនសមុទ្រ ប៉ុន្តែ​​ភាពតានតឹងផ្នែកនយោបាយ និងបញ្ហាជុំវិញការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង២ បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ការ​ពិភាក្សា​ស្ដី​ពី​តំបន់​ត្រួតស៊ីគ្នា​ត្រូវ​ជាប់​គាំង។

បើតាមលោកស្រីផែតងតាន ​បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាជន​ថៃ​ថា ថៃ​នឹង​មិន​មាន​ការ​លំបាក​ក្នុង​ការ​ចរចា​ក្រោម MoU នោះ​ទេ។ «ប្រទេសទាំងពីរបានបកស្រាយនូវ OCA ខុសគ្នា។ នោះហើយជាមូលហេតុដែល MoU ចាំបាច់ដើម្បីដោះស្រាយលើភាពខុសគ្នានេះ» ។

កាលពីចុងខែតុលា ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងថាមពលអាមេរិក លោក Geoffrey R. Pyatt និងលោក Andrew Light ​បានជួបសន្ទនាទ្វេភាគីជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅសឹង្ហបុរី ​គាំទ្រផែនការចរចារលើការរុករកប្រេង និងឧស្ម័នក្នុងតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នា​រវាងកម្ពុជា-ថៃ (OCA)ដើម្បីបម្រើជាប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម