សេដ្ឋកិច្ច
ការនាំចេញសំបុកត្រចៀកកាំទៅចិន នៅតែមិនទាន់មានពន្លឺ
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានឱ្យ «កម្ពុជាថ្មី» ដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ទាក់ទងទៅនិង ដំណើរការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ គឺមិនទាន់មានពន្លឺ និងឈានដល់ដំណាក់កាលដែលអាចនាំចេញដោយផ្ទាល់នៅឡើយទេ ព្រោះត្រូវរងចាំឯកសារគតិយុត្តិមួយចំនួនចាំបាច់ត្រូវបំពេញជាមួយគ្នា រវាងក្រសួងកសិកម្មកម្ពុជា ជាមួយគយចិន។

លោក ស៊ុយ កុកធាន បានអះអាងថា បច្ចុប្បន្ន កម្ពុជាកំពុងជជែកគ្នាជាច្រើនជុំវិញលក្ខខ័ណ្ឌតម្រូវពីខាងគយចិន ដូច្នេះក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ គឺនៅមិនទាន់អាចនាំចេញទៅទីផ្សារប្រទេសចិនបានទេ។ ពាក់ព័ន្ធនិងការចរចានេះ ទាំងភាគីកម្ពុជា និងភាគីចិន គឺសុទ្ធសឹងតែចង់ឱ្យដំណើរការនេះសម្រេចបានឆាប់រហ័ស ប៉ុន្តែនៅរាំងស្ទះជាមួយឯកសារមួយចំនួនដែលត្រូវរៀបចំតម្រូវទៅតាមតម្រូវការនៃការនាំចូលទៅក្នុងប្រទេសចិន ដោយក្រុមការងាររបស់ក្រសួងបាននិងកំពុងធ្វើការងារមួយនេះ យើងមិនទាន់អាចសម្រេចថានៅពេលណាឱ្យជាក់លាក់នោះដែរ។
មួយវិញទៀត ពាក់ព័ន្ធជាមួយនិងតម្លៃ ភាគីកម្ពុជានៅមិនទាន់ដឹងនៅឡើយ ពីព្រោះនៅពេលណារៀបចំឯកសារគោលរួចរាល់ ក៏និងមានការរៀបចំទៅលើគតិយុត្តិមួយចំនួនទៀតទាក់ទងទៅនិងការងារបច្ចេកទេស ដូច្នេះការងារនេះនៅមានបន្តបន្ទាប់ទៀត ហើយតម្លៃយើងមិនទាន់ដឹងថា ការនាំចេញទៅលើស្តង់ដារប្រភេទ Grad A ឬ ក៏ Grad B និង C តម្លៃបែបណា។

ជាមួយគ្នានេះ លោក ស៊ុយ កុកធាន ក៏បានឱ្យដឹងបន្ថែមថា បច្ចុប្បន្នតម្លៃសំបុកត្រចៀកកាំសម្រាប់ទីផ្សារក្នុងស្រុកកំពុងមានការធ្លាក់ចុះ ដែលតម្លៃមានចន្លោះពី ២០០ ដុល្លារ រហូតដល់ ២៥០ ដុល្លារ ទៅ ៤៥០ ដុល្លារ និង ៥០០ ដុល្លារ ក្នុងមួយគីឡូក្រាមទៅតាមកម្រិតនីមួយៗ។
លោកថា ប្រសិនបើអ្នកអភិរក្សត្រចៀកកាំរបស់កម្ពុជាអាចថែទាំបានសំបុកល្អ សរល្អ ហើយមានរូបរាងល្អ នោះតម្លៃនឹងឈានទៅដល់ ៥០០ ដុល្លារ ក្នុងមួយគីឡូក្រាម ក៏ប៉ុន្តែប្រសិនបើសំបុកមិនល្អដោយសារការថែទាំមិនបានដិតដល់នោះតម្លៃអាចទទួលបានចន្លោះពី ២០០ ទៅ ៣០០ ដុល្លារ ក្នុងមួយគីឡូក្រាម។
ចំណែកឯសំបុកដែលបានកែច្នៃរួចរាល់ អាចលក់បានចន្លោះពី ៩០០ ដុល្លារ ទៅ ១៥០០ ដុល្លារ ក្នុងមួយគីឡូក្រាម។

ផលិតកម្មសំបុកត្រចៀកកាំនៅកម្ពុជា ភាគច្រើនផលិតនៅខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកំពត ខេត្តកោះកុង ប៉ុន្តែសក្ដានុពលសម្រាប់ការវិនិយោគបន្ត បច្ចុប្បន្ន បានប្ដូរមកខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះវិហារវិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាងសង់ច្រើនលើសលប់។
តាមការប៉ាន់ស្មានកម្ពុជាផលិតបានសំបុកត្រចៀកកាំប្រមាណ ១០០ តោន ក្នុងមួយឆ្នាំ ដែលផលិតផលទាំងនេះ ត្រូវបានកែច្នៃក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាង ដែលមានអាជ្ញាបណ្ណនាំចេញទៅចិន។

សូមជំរាបផងដែរថា សមាគមត្រចៀកកាំខ្មែរ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះអនុស្សារណៈយោគយល់ជាមួយរដ្ឋបាលគយចិន នៅខេត្តគ័ងហ្ស៊ី ទីក្រុង ណាននីង ប្រទេសចិន ក្នុងគោលដៅសម្រួលការនាំចូលផលិតផលសំបុកត្រចៀកកាំទៅទីផ្សារចិន៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


