សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង $១៣ លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ
នៅក្នុងរយៈពេល ២ ខែ ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៥ មានភ្ញៀវទេសចរបរទេសជិត ២៨ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលធ្វើឱ្យកម្ពុជារកចំណូលបានប្រមាណជាង ១៣ លានដុល្លារ កើនឡើងជាង ១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែមីនា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ដំណាច់ខែកុម្ភៈ ឆ្នាំ ២០២៥ មានភ្ញៀវបរទេស ២៧៩ ៦០៤ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួនេះ កើនឡើង ១៨,៥៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ ចំណែកទឹកប្រាក់ដែលទទួលបានគឺ ១៣,១៦ លានដុល្លារ កើនឡើង ១៧,២១ ភាគរយ។
សម្រាប់ខែកុម្ភៈ ភ្ញៀវបរទេសទិញសំបុត្រចូលរមណីយដ្ឋានអង្គរ មានចំនួន ១៣៣ ៤៦៤ នាក់ ដោយប្រមូលចំណូលបាន ៦,២៦ លានដុល្លារ កើន ៩,២០ ភាគរយ បើធៀបនឹងខែកុម្ភៈ ឆ្នាំ ២០២៣។
លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទ្ទេសក៏ទេសចរអង្គរ ប្រាប់កម្ពុជាថ្មីថា រដូវ High Season ចាប់ពីខែ ១១ ដល់ខែ ០២ ដោយសារស្រុកគេចុះត្រជាក់ទឹកកកច្រើនគេមកលេងស្រុកក្ដៅ ខណៈកម្ពុជាទទួលទេសចរណ៍មួយចំនួនតភ្ជាប់ជើងហោះហើរពីវៀតណាម។

ម្យ៉ាងទៀត ភ្ញៀវបរទេសចាប់ផ្ដើមស្គាល់កម្ពុជា និងបានណែនាំបងប្អូនសាច់ញាតិគេឱ្យមកលេង ខណៈកម្ពុជាមានសុវត្ថិភាព សន្តិសុខ អនាម័យ ដែលទេសចរមកលេងជាបន្តបន្ទាប់។
បើតាមលោក ខៀវ ធី នៅដើមឆ្នាំ ២០២៥ កំណើនភ្ញៀវទេសចរហាក់មានការកើនឡើង ដែលបង្កើតការងារ និងប្រាក់ចំណូលដល់អ្នកផ្ដល់សេវាកម្ម រាប់ចាប់តាំងពីសេវាកម្មមគ្គុទេសក៏ទេសចរ អ្នកបើកបរ និងភោជនីយដ្ឋាន។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ឆ្នាំ ២០២៤ បង្ហាញថា ចំណូលទេសចរណ៍អន្តរជាតិសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។
នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។
ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ