Connect with us

សេដ្ឋកិច្ច

ចំណូល​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ ​សម្រេច​បាន​ជាង ​៩ ​លានដុល្លារ ធ្លាក់ចុះជាង ៣០% ​

បានផុស

នៅ

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួនជាង ១ សែន ៨ ម៉ឺននាក់ (១៨៨ ៨៨៥) បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណី​យ​ដ្ឋាន​អង្គរ​ នៅក្នុង​រយៈ​ពេល​ ២ ខែ (មករា-កុម្ភៈ) ឆ្នាំ ២០២៦ ​​ដែល​នាំ​ឱ្យ​កម្ពុជា​រកចំណូល​បានជាង ៩ លានដុល្លារ (៩ ១៧៥ ២៧០) ធ្លាក់ចុះ ៣០,៣២%​ ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា កាល​ពីឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍​របស់​គ្រឹះ​ស្ថាន​អង្គរចេញផ្សាយនៅថ្ងៃចន្ទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ខៀវ ធី​ ប្រធាន​សមាគមមគ្គុទ្ទេសក៍អង្គរ​ខេត្តសៀម​រាប ​មានប្រសាសន៍ថា ​បញ្ហា​សង្គ្រាម​ព្រំដែន​កម្ពុជា-​ថៃ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​សៀម​រាប​ធ្លាក់​ចុះ​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) ​បានលើកឡើងថា កម្ពុជា​រងសម្ពាធធ្ងន់ធ្ងរ​នៅក្នុងឆ្នាំ ​២០២៥ ​បន្ទាប់ពីជំងឺកូវីដ១៩ ​ដោយសារ​ការចោទប្រកាន់​ពីការ​ឆ​បោក​អនឡាញ​ ​និង​ការ​ឈ្លាន​ពានពីប្រទេសថៃ។​

​លោក ធួន ស៊ីណាន យល់ឃើញថា៖ «ភូមិសាស្ត្រនយោបាយកំពុងកើតមាន​ឡើងនៅលើពិភព​លោក ពិភពលោកបានដើរដល់ផ្លូវទាល់​ ដែលយើងគ្រប់គ្នាស្មានមិនត្រូវ អ្វីក៏អាចកើតមានឡើង​គ្រប់​ពេល​វេលា យើងអត់ដឹងថា តើថ្ងៃស្អែកមានអ្វីកើតឡើងទៀតទេ»។

​យោងតាមគ្រឹះស្ថានអង្គរ ​នៅក្នុងឆ្នាំ ​២០២៥ កម្ពុជា​រកចំណូលបានជិត​ ៤៥ លានដុល្លារ ​ពីការលក់​សបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ​ធ្លាក់ចុះ ​៦,៥១% ​ប្រៀបធៀបនឹងឆ្នាំ ២០២៤។​

​យោងតាមក្រសួងទេសចរណ៍ កម្ពុជា​ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៧ លាននាក់ ​នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះ ​១៦,៩% ​ប្រៀបធៀបនឹងឆ្នាំ ២០២៤ ​និងទេសចរជាតិប្រមាណ ​២៥ លាននាក់​ ខណៈ​ចំណូលទេសចរ​ណ៍សម្រេចបានប្រមាណ ៣,៧ ពាន់លានដុល្លារ កើន ៣%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម