សេដ្ឋកិច្ច
មន្ត្រី៖ តម្លៃគ្រាប់ស្វាយចន្ទីកម្ពុជាមានទីផ្សារល្អនៅឆ្នាំ ២០២៥
មន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីមានតម្លៃចន្លោះពី ៤៨០០-៥២០០រៀល ក្នុងមួយគីឡូក្រាមទៅតាមតំបន់ និងគុណភាព។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ «នៅឆ្នាំនេះ គ្រាប់ស្វាយចន្ទីសើម នៅដើមរដូវប្រមូលផល មានតម្លៃរហូត ៦៥០០រៀល ហើយបច្ចុប្បន្ននេះ មានតម្លៃចន្លោះពី ៤៨០០-៥២០០រៀលក្នុងមួយគីឡូក្រាម ទៅតាមតំបន់ និងគុណភាពគ្រាប់ បើប្រៀបធៀបរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២១-២០២៥ គឺតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ មានតម្លៃខ្ពស់ជាងគេ ដោយសារមានទីផ្សារល្អ»។
លោក តូច ប៊ុនហួរ បានលើកឡើងក្នុងពេលចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលគ្រាប់ស្វាយចន្ទីនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទីមួយចំនួនក្នុងខេត្តកំពង់ធំនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៥។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា សហគមន៍កសិកម្មទំនើបស្វាយចន្ទីដែលក្រុមការងារចុះពិនិត្យនិងវាយតម្លៃ រួមមាន សហគមន៍កសិកម្មទំនើបស្វាយចន្ទីសាលាវិស័យ ស្រុកប្រាសាទបាល័ង សហគមន៍កសិកម្មទំនើបសំបូររុងរឿង និងសហគមន៍កសិកម្មទំនើបទំរីង ស្រុកសណ្តាន់ ព្រមទាំងជួបកសិករនៅតាមចម្ការមួយចំនួនដែលកំពុងមមាញឹកប្រមូលផលដំណាំស្វាយចន្ទី និងអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំថែមទៀតផង។
បើតាមលោករដ្ឋលេខាធិការ ការប្រមូលផលគ្រាប់ស្វាយចន្ទីនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង៣ខាងលើ បានប្រមាណជាង៥៥ភាគរយ ហើយអាចបញ្ចប់ការប្រមូលផលនៅចុងខែឧសភា។ ជាមួយគ្នានេះ បើទោះបីមានបញ្ហាអាកាសត្រជាក់អូសបន្លាយយូរមែន តែគ្រាប់ស្វាយចន្ទីនៅតែមានគុណភាពល្អ ក្នុង១គីឡូក្រាម ចន្លោះពី៩៥ ទៅ ១០០គ្រាប់ ជាទូទៅ ១គីឡូក្រាម មានចំនួនចន្លោះពី១១០ ទៅ ១២០គ្រាប់។

ដោយឡែក ចំពោះបញ្ហាប្រឈម ដោយសារតែមានភ្លៀងកក់ខែច្រើននៅក្នុងខែចេត្រ ធ្វើឱ្យប៉ះពាល់ និងខូចជ្រុះក្តឹប និងផ្កាចន្ទីដែលទើបនឹងចេញវគ្គចុងក្រោយនេះ (ប្រភេទពូជ M23)។
លោករដ្ឋលេខាធិការ បានបន្ថែមថា តាមការវាយតម្លៃនៅតាមតំបន់មួយចំនួនមានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យទិន្នផលអាច ថយចុះ។
ដោយឡែក នៅតំបន់ដែលមានភ្លៀងតិចតួច ទិន្នផលអាចកើនឡើង ហើយការប្រមូលផលឆ្នាំនេះ អាចបញ្ចប់យឺតជាងឆ្នាំកន្លងមក ប៉ុន្តែក្រុមការងារនឹងបន្តតាមដានទៀត។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៩ ម៉ឺន ៥ ពាន់តោន៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


