Connect with us

ព័ត៌មានអន្ដរជាតិ

របៀបដែលបណ្ដាប្រទេស​អាស៊ាន ​​ចរចាជាមួយ​រដ្ឋបាល ត្រាំ ជុំវិញពន្ធគយបដិការ

បានផុស

នៅ

​ខណៈស្ថាប័នជំនាញ និងសេដ្ឋវិទូជាច្រើន​​ព្រមានពី​ការធ្លាក់ចុះនៃពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល​ដោយ​សារតែ​គោលនយោបាយការពារ​និយម ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ២ មេសា បាន​ប្រកាសឡើង​នូវ​​ពន្ធគយបដិការ​ ដោយ​គ្រប់ដណ្ដប់លើ ១៨០​ ប្រទេស​ និងតំបន់ ទៅតាម​អត្រាពន្ធរៀងៗខ្លួន​ចន្លោះពី ១០ ភាគរយ (ជាពន្ធមូលដ្ឋាន) រហូតដល់ ៥០ ភាគរយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាស៊ីអាគ្នេហ៍ ដែល​មាន​សហរដ្ឋអាមេរិក​ជាទីផ្សារ​នាំចេញដ៏សំខាន់នោះ បាន​រងនូវអត្រាពន្ធខ្ពស់ៗជាងគេ ធៀប​ទៅ​នឹង​តំបន់ ក៏ដូចជា​ប្រទេស​ដទៃភាគច្រើន​ទូទាំងពិភព​លោក​។ ក្នុងនោះ​ រួមមាន​ កម្ពុជា​ ៤៩ ភាគរយ, ឡាវ​ ៤៨ ភាគរយ, វៀតណាម​ ៤៦ ភាគរយ, មីយ៉ាន់ម៉ា​ ៤៤ ភាគរយ, ថៃ​ ៣៦ ភាគរយ, ឥណ្ឌូណេស៊ី​ ៣២ ភាគរយ, ម៉ាឡេស៊ី​ និងប្រ៊ុយណេ ២៤ ភាគរយ, ហ្វីលីពីន​ ១៧ ភាគរយ និងសិង្ហបុរី តិចជាង​គេ​ ១០ ភាគរយ។

យ៉ាងណាមិញ ប៉ុន្មានម៉ោង ក្រោយពន្ធគយបដិការ​​ចូលជាធរមាននៅថ្ងៃទី ៩ មេសា លោក ត្រាំ បាន​ប្រកាសផ្អាកការអនុវត្តវាសិន​រយៈពេល​ ៩០ ថ្ងៃ ដើម្បីបើកផ្លូវចរចា លើកលែងតែចិន​។ ប៉ុន្តែអំឡុងពេលផ្អាកនេះ ​ប្រទេស​ក្រៅពីចិន​ដដែល​ នៅតែបន្តជាប់ពន្ធនាំចូលមូលដ្ឋានក្នុងអត្រា ១០ ភាគរយ​។

លោក ត្រាំ ក៏ដូចជា​មន្រ្តីរបស់​លោក បាន​អះអាងនៅពេល​នោះថា មា​នប្រទេសជាច្រើន សរុប​ជាង ៧០ ​បាន​ទាក់ទង​ទៅសហរដ្ឋអាមេរិក ដើម្បីសុំការ​ចរចា ប៉ុន្តែ​សេតវិមាន​នៃរដ្ឋបាលរបស់លោក មិន​បាន​បញ្ចេញបញ្ចីថាមាន​ប្រទេសណា​ខ្លះ​នោះទេ។ ហើយចាប់តាំងពីពេល​នោះមក មាន​សេចក្ដីរាយការណ៍ជាច្រើន​អំពីការចរចារៀងៗខ្លួន​នៃបណ្ដាប្រទេសជាច្រើន ជាមួយ​សហរដ្ឋអាមេរិក​ ដែល​ក្នុងនោះ រួមមាន​ទាំងបណ្ដា​ប្រទេស​ក្នុងប្លុកអាស៊ាន ដែល​ប្ដេជ្ញាមិនចេញវិធានការសងសឹក តែផ្ដោត​លើ​កិច្ចសន្ទនាប្រកបដោយស្ថាបនា​។

១. កម្ពុជា

ដូចទៅនឹង​ប្រទេស​ក្នុងតំបន់ដទៃទៀត​ដែរ សហរដ្ឋអាមេរិក​គឺជា​ទីផ្សារ​​ដ៏សំខាន់របស់កម្ពុជា ​ដោយ​កម្ពុជា​​បាន​នាំចេញ​ទៅ​អាមេរិក ៩,៩២ ប៊ី​លាន​ដុល្លារ ​នៅឆ្នាំ ២០២៤ ជាមួយ​នឹង​ការនាំចូលមកវិញ ក្នុងតម្លៃ ​ ២៦៤,១៥ លាន​ដុល្លារ។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា អំឡុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន​តាមប្រព័ន្ធវីដេអូ​ (១០ មេសា)

ដោយ​មើលឃើញពីសារៈសំខាន់បែបនេះ រដ្ឋាភិបាល​កម្ពុជានាពេល​កន្លង​មក​ បាន​ខិតប្រឹងប្រែងដោះស្រាយតាមវិធីផ្សេងៗ។ ក្នុងការវិវត្តចុងក្រោយ​មួយ​ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លើកិច្ចការពាណិជ្ជកម្ម រវាងកម្ពុជា និងអាមេរិក ​ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​កម្ពុជា លោក​ស្រី ចម និម្មល និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀត បាន​ចូលរួមកិច្ចពិភាក្សាតាមប្រព័ន្ធវិដេអូជាមួយ​ឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៦ មេសា  ដើម្បីរៀបចំផែនការឆ្ពោះទៅរក​ការចរចាជុំវិញ​បញ្ហា​ពន្ធ​របស់លោក ត្រាំ។

មុននោះ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ក្រុមការងារចំពោះកិច្ចចរចាសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-អាមេរិក ដែល​ដឹកនាំដោយ​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​។

ក្រៅពីនោះ បន្ថែមពីលើការប្ដេជ្ញាចិត្តពង្រឹងពាណិជ្ជកម្មទ្វេភាគី​ ក៏ដូចជា​ចូលរួមក្នុងកិច្ចសន្ទនា​ជាមួយសហរដ្ឋអាមេរិក​​ រដ្ឋាភិបាល​កម្ពុជាបាន​ប្រកាសទម្លាក់ពន្ធលើមុខទំនិញ​ចំនួន ១៩ ប្រភេទ​ មកត្រឹម​ ៥ ភាគរយ។ ចុងក្រោយបង្អស់ នៅថ្ងៃទី ២១ មេសា នេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​បញ្ចាក់ជាថ្មី​នូវគោល​ជំហរ​មិនចូលបក្សសម្ព័ន្ធរបស់​កម្ពុជា ចំពេល​ដែល​សង្រ្គាម​ពាណិជ្ជកម្ម​ចិន-អាមេរិក​បន្តឡើងកម្ដៅ ជាជាង​ការប្រកាន់បក្សពួកដែលធ្វើឱ្យខាតប្រយោជន៍របស់​ប្រទេស​ពីភាគីណាមួយ។ ដែលនេះ ត្រូវបាន​គេ​មើលឃើញថា ជា​ជំហរការទូត ដើម្បីសម្របការចរចាណាមួយ​ជាមួយ​សហរដ្ឋអាមេរិក​។

២.​វៀតណាម

មុនលោក ត្រាំ ប្រកាសពន្ធគយបដិការ វៀតណាម​ត្រូវបាន​គេ​ចាត់ទុកថាជាប្រទេស​រង​ហានិភ័យ​ដ៏ធំបំផុតមួយ ដោយសារតែ​ទំហំអតិរេកពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​ជាមួយ​អាមេរិក​មាន​រហូតដល់ ១២៣,៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំ ២០២៤។ សហរដ្ឋអាមេរិក គឺជា​ទីផ្សារសំខាន់របស់​វៀតណាមក្នុងទំហំនៃការនាំចេញឆ្នាំមុនប្រមាណ ១៣៦,៦ ប៊ីលាន​ដុល្លារ។

លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម

ក្រោយ​លោក ត្រាំ ប្រកាសពន្ធគយបដិការ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានសន្ទនា​ទូរស័ព្ទដើម្បីចរចាគ្នាលើបញ្ហា​ពន្ធ ជាមួយ​លោក​ ត្រាំ ដែល​និយាយថា កិច្ចសន្ទនាបាន​ប្រកបទៅដោយ​ «ផ្លែផ្កា»។ នៅពេលពន្ធដដែលចូលជាធរមាន វៀតណាម​បាន​ស្នើទម្លាក់ពន្ធនាំចូលលើទំនិញ​អាមេរិក​រហូតដល់ ០ ភាគរយ ប៉ុន្តែមកទល់ពេល​នេះ គេ​មិនទាន់ឃើញមាន​ការ​អាប់ឌែតចុង​ក្រោយ​យ៉ាងណាទេ លើបញ្ហានេះ។

ទន្ទឹមនឹង​នោះផងដែរ វៀតណាម​បាន​បញ្ជូនឧបនាយករដ្ឋមន្ត្រីលោក Hồ Đức Phớc ឱ្យទៅចរចាដល់ទីក្រុងវ៉ាស៊ីនតោន​ ដោយបាន​​ជួបពិភាក្សាគ្នា​ជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក​ Scott Bessent និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Howard Lutnick​ ផងដែរ។

ក្រៅពីការចូលរួមផ្នែកការទូតបែបនេះ វៀតណាម​បាន​ប្ដេជ្ញាបង្កើនការនាំចូលពីសហរដ្ឋអាមេរិក លើមុខទំនិញ​សំខាន់ៗដូចជា​ឧស្ម័នធម្មជាតិពង្រាវ ផលិតផលកសិកម្ម បរិក្ខារបច្ចេកវិទ្យាទំនើប និងសម្ភារៈការពារជាតិ​ជាដើម​។ ក្រៅពីនេះ​ វៀតណាម​ក៏បាន​ប្ដេជ្ញាបើកផ្លូវវិនិយោគក្នុងស្រុកសម្រាប់ក្រុមហ៊ុនអាមេរិកផងដែរ ខណៈជំរុញកិច្ចសហប្រតិបត្តិការលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល​​។

ឆ្លើយតបទៅនឹង​ការចោទប្រកាន់របស់​អាមេរិក​ដែលថា ​ចិនបាន​ប្រើ​វៀតណាម​ជាប្រទេសឆ្លងកាត់​ដើម្បីគេចការរឹតបណ្ដឹងពន្ធគយលើទំនិញ​ចិន​ រដ្ឋាភិបាល​វៀតណាម​បាន​ប្រកាសបង្រ្កាបលើបញ្ហា​នេះ​ ក៏ដូចជាជំរុញ​​ក្រុមហ៊ុនរបស់ខ្លួន​ឱ្យ​បង្កើនការគ្រប់គ្រងលើប្រភពដើមនៃទំនិញ និងសម្ភារៈផ្សេងៗជាដើម​​។

៣. ថៃ

ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចដើរអូសជើងរបស់ថៃ ប្រឈមមុខនឹង​បញ្ហា​ដោយ​កម្សោយតម្រូវការ និងបំណុលគ្រួសារខ្ពស់ ការនាំចេញ​គឺជា​ម៉ាស៊ីនជំរុញកំណើន​ដ៏សំខាន់មួយ​។ កាលពីឆ្នាំ ២០២៤ ថៃ​មាន​អតិរេកពាណិជ្ជកម្ម​ ៤៥,៦ ប៊ីលាន​ដុល្លារ ជាមួយ​សហរដ្ឋអាមេរិក ដែល​ជាទីផ្សារនាំចេញសំខាន់របស់​ខ្លួន (៦៣,៣ ប៊ីលាន​ដុល្លារ ឆ្នាំមុន​)។

នាយករដ្ឋមន្រ្តីថៃ ​លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (កណ្ដាល)

មុន​លោក ត្រាំ ប្រកាសពន្ធគយបដិការ ថៃបាន​បញ្ជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan ​ឱ្យ​ទៅធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែកុម្ភៈ ​ដើម្បីពិភាក្សាអំពីបញ្ហាពន្ធជាមួយមន្ត្រីសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា អតិរេកពាណិជ្ជកម្ម​ភាគច្រើន​គឺដោយសារតែទំនិញរបស់ក្រុមហ៊ុនអាមេរិក​ក្នុងស្រុកថៃ មិនមែនជាប្រាក់ចំណេញពាណិជ្ជកម្មនោះទេ។ ​

បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត៍ ​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក​ Pichai Chunhavajira រួមជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai គ្រោង​នឹងដឹកនាំក្រុម «Team Thailand» ដែលជាក្រុមចរចារបស់ប្រទេស ទៅចូលរួមកិច្ចពិភាក្សា​តាម​ការគ្រោងទុកជាមួយភាគីអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី​ ​នាពេល​ឆាប់ៗនេះ។ ក្រុម Team Thailand នឹង​ជួបជាមួយ​មន្រ្តីរដ្ឋបាល ត្រាំ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងៗទៀត ដូចជា​ក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្ម និងឧស្សាហកម្មជាដើម​។

​កន្លងមក​ ដូចនឹង​វៀតណាម​ដែរ ដើម្បីជាផ្នែកមួយ​នៃ​ការចរចា ប្រទេស​ថៃបាន​ប្ដេជ្ញា​បង្កើន​ការនាំចូលទំនិញ​ពីសហរដ្ឋអាមេរិក​ ដូចជា​ឧស្ម័នធម្មជាតិពង្រាវ មេតាន ​ផលិតផលកសិកម្មសម្រាប់ចំណីសត្វ និងសាច់ដូចជាសាច់គោ និងសាច់ជ្រូកជាដើម។

នាយករដ្ឋមន្រ្តីថៃ​លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ឯណោះវិញ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន​ថា ថៃគាំទ្រវិធីសាស្រ្តរួមរបស់អាស៊ាន ក្នុងការចរចាជាមួយសហរដ្ឋអាមេរិកលើបញ្ហា​បន្ធគយបដិការ តាម​រយៈការជំរុញការនាំចូលពីប្រទេស​ក្នុងតំបន់។ ​

មន្រ្តីថៃបាន​និយាយថា​​ ថៃ​បាន​ប្ដេជ្ញា​រក្សា និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច​ថៃ-សហរដ្ឋអាមេរិក ពង្រីកទីផ្សារសម្រាប់ក្រុមហ៊ុនអាមេរិក ​កាត់បន្ថយ​អតុល្យភាពពាណិជ្ជកម្ម ត្រួតពិនិត្យលើទំនិញនាំចេញទៅអាមេរិក ដើម្បីប្រាកដថាមិនមែនជាទំនិញ​ប្រទេសដទៃ និងជំរុញការវិនិយោគរបស់​ថៃ​នៅក្នុងស្រុករបស់អាមេរិកជាដើម។

៤. ឥណ្ឌូណេស៊ី

ប្រហាក់ប្រហែលនឹង​បណ្ដាប្រទេសក្នុងតំបន់ផ្សេងទៀតដែរ ឥណ្ឌូណេស៊ីផ្ដោតលើការចរចាការទូត ជាជាង​ចាត់វិធានការសងសឹក ដែលអាចប៉ះពាល់ដល់ទីផ្សារនាំចេញ ២៨,១ ប៊ីលាន​ដុល្លារ (២០២៤) របស់​ខ្លួន​។

កិច្ចប្រជុំរវាងមន្រ្តីឥណ្ឌូណេស៊ី ដឹកនាំដោយ​​​រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក​ Airlangga Hartarto ជាមួយ​​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick

នៅឆ្នាំមុន ឥណ្ឌូណេស៊ី​មាន​អតិរេកពាណិជ្ជកម្មជាមួយ​សហរដ្ឋអាមេរិក​ប្រមាណ ១៧,៩ ប៊ីលាន​ដុល្លារ។ ក្រោមហេតុនេះហើយ ដើម្បីជាការចរចា ឥណ្ឌូណេស៊ី​បាន​ប្ដេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ចឆ្ពោះទៅរកតុល្យភាពពាណិជ្ជកម្មជាមួយ​សហរដ្ឋអាមេរិក ដោយ​បង្កើនការនាំចូល​ពីប្រទេសនេះ​រហូតដល់ ១៩ ប៊ីលាន​ដុល្លារ​ សម្រាប់មុខទំនិញ​ដូចជា​ប្រេងឆៅ ឧស្ម័ន​ LPG និងផលិតកសិកម្ម ដូចជាស្រូវសាលី និងសណ្ដែកសៀងជាដើម ​​ខណៈ​​កាត់បន្ថយលើការនាំចូលពីប្រទេសផ្សេងទៀត។

កាលពីសប្ដាហ៍មុន ឥណ្ឌូណេស៊ីបាន​បញ្ចូនគណៈប្រតិភូដឹកនាំដោយ​រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក​ Airlangga Hartarto ឱ្យទៅជួបចរចាគ្នា​កម្រិតខ្ពស់ជាមួយមន្រ្តីរដ្ឋបាល ត្រាំ នៅរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី ដើម្បីស្វែងរក​ការបន្ធូរបន្ថយពន្ធគយ។ លោក​ Airlangga និយាយថា ឥណ្ឌូណេស៊ីគឺជាប្រទេស​មួយ​ក្នុងចំណោមប្រទេសដែល​រដ្ឋបាល ត្រាំ ទទួល​រៀបចំកិច្ចចរចាទ្វេភាគីពាក់ព័ន្ធនឹង​ពន្ធ ក្រៅពីជប៉ុន អ៊ីតាលី និងវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនោះ គេឃើញមាន​ជំនួបកម្រិតខ្ពស់ជាច្រើនរវាង​មន្រ្តីឥណ្ឌូណេស៊ី និងរដ្ឋបាល​ ត្រាំ រួមទាំងជំនួប​ជាមួយ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick និងតំណាងពាណិជ្ជកម្ម លោក Jamieson Greer នៅថ្ងៃព្រហស្បតិ៍ ពោលគឺមួយ​ថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Sugiono ​ជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Marco Rubio ។ នេះបើតាម​ការចុះផ្សាយរបស់​កាសែត Jakarta Globe។

ជំនួប​ដដែល​ មិន​បាន​សម្រេច​កិច្ចព្រមព្រៀងផ្លូវការណាមួយ​នោះទេ ប៉ុន្តែលោក Airlangga ថ្លែងថា ឥណ្ឌូណេស៊ី និង​សហរដ្ឋអាមេរិក​ នឹង​ចរចគ្នាជាច្រើន​ជុំទៀត ក្នុងរយៈពេល​ ២ ខែទៅមុខ។

នៅខែមេសានេះផងដែរ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក​ស្រិ Sri Mulyani បាននិយាយ​ថា ឥណ្ឌូណេស៊ីនឹងកែសម្រួលពន្ធនាំចូលលើទំនិញមួយចំនួន ពី ២,៥ ភាគរយ មកត្រឹម ០,៥ ភាគរយ ​រួមទាំងទូរស័ព្ទដៃ និងកុំព្យូទ័រយួរដៃ ផងដែរ។ លោកស្រីបន្ថែមថា ​ផលិតផលផ្សេងទៀត រួមទាំងដែកថែប និងឧបករណ៍វេជ្ជសាស្ត្ររបស់សហរដ្ឋអាមេរិក នឹង​ទទួល​បាន​ការបញ្ចុះពន្ធទាបចន្លោះត្រឹម ០-៥ ភាគរយ ពី ៥-១០ ភាគរយ នាពេលបច្ចុប្បន្ន​។​

ក្រៅពីនេះ ឥណ្ឌូណេស៊ីក៏​គាំទ្រ​លើការធ្វើការរួមគ្នា​ជាមួយ​អាស៊ាន ដើម្បីជំរុញ​ការចរចាជាមួយ​សហរដ្ឋអាមេរិក​ផងដែរ។

៥. ម៉ាឡេស៊ី

កន្លងមក មាន​ការព្រមាន​ថា ការដំឡើងពន្ធគយនឹង​ធ្វើឱ្យប៉ះពាល់ដល់វិស័យសំខាន់របស់ម៉ាឡេស៊ីដូចជា​វាយនភ័ណ្ឌ គ្រឿងសង្ហារឹម កៅស៊ូ និងផ្លាស្ទិច ​និងសំខាន់បំផុត គឺបន្ទះឈីប ជាដើម​។ សហរដ្ឋគឺជាទីផ្សារនាំចេញ​ដ៏សំខាន់របស់​ម៉ាឡេស៊ី ក្នុងទំហំសរុប​ប្រមាណ ៥២,៥ ប៊ីលា​នដុល្លារ នៅឆ្នាំ ២០២៤ ហហើយម៉ាឡេស៊ី​មាន​អតិរេកពាណិជ្ជកម្មជាមួយ​សហរដ្ឋអាមេរិក ប្រមាណ ២៤,៨ ប៊ីលាន​ដុល្លារ។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម

ខណៈប្រកាន់ខ្ជាប់ការមិនសងសឹក​ ម៉ាឡេស៊ីមិន​បាន​ប្ដេជ្ញាចិត្ត​បង្កើន​ការនាំចូលពីសហរដ្ឋអាមេរិក​ ដើម្បីដោះស្រាយកង្វល់របស់រដ្ឋបាល ត្រាំ លើអតុល្យភាពពាណិជ្ជកម្ម​ ដូចបណ្ដាប្រទេសមួយ​ចំនួន​ក្នុងតំបន់នោះទេ។

យ៉ាងណា​មិញ រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ីលោក Zafrul Aziz គ្រោង​នឹងដឹកនាំគណៈប្រតិភូ ធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃទី ២៤ ខែមេសា នេះ ដើម្បីជួបតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងមន្ត្រីរដ្ឋបាល ត្រាំ ដទៃទៀត ដើម្បីពិភាក្សាអំពីពន្ធគយរបស់សហរដ្ឋអាមេរិក។

៦. សិង្ហបុរី

មកទល់ពេល​នេះ សិង្ហបុរី ដែលមាន​ឱនភាពពាណិជ្ជកម្ម ២,៨ ប៊ីលាន​ដុល្លារ ជាមួយ​អាមេរិក កាលពីឆ្នាំ ២០២៤ មិនមាន​ការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងពន្ធគយ ១០ ភាគរយ លើទំនិញ​សិង្ហបុរីនោះទេ។ ​សិង្ហបុរីកំពុងផ្តោតលើវិធានការ​ក្នុងស្រុក​ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងកំពុងសម្របសម្រួលជាមួយដៃគូក្នុងតំបន់ ជាពិសេសអាស៊ាន​ ដើម្បីដោះស្រាយផលប៉ះពាល់​ធំទូលាយ​។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក​ Lawrence Wong

ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក​ Lawrence Wong បានសម្តែងការខកចិត្តចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា អាមេរិក​គួរតែលើកលែងសិង្ហបុរីពីពន្ធគោយ​ក្រោម​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី​។ លោកបានរិះគន់ចំណាត់ការ​របស់ ត្រាំ ដោយ​ថាវា​ជា ​​ការទាត់ចោល​ នូវមូលដ្ឋាន​នៃគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក ហើយបានព្រមានថា វាអាចនាំឱ្យសេដ្ឋកិច្ចពិភពលោកមានការប្រេះស្រាំ។

ទោះបីជាយ៉ាងនេះក្តី សិង្ហបុរីបាន​ប្រកាន់ការមិន​សងសឹក ​ដើម្បីបញ្ចៀសកំណើននៃភាពតានតឹងពាណិជ្ជកម្ម ​ហើយ​បង្កើនការចំណាយសម្រាប់ពលរដ្ឋរបស់ខ្លួន។

៧. ឡាវ មីយ៉ាន់ម៉ា​ ប្រ៊ុយណេ ហ្វីលីពីន

​មកទល់ពេល​នេះ គេមិនឃើញមាន​ចូលរួម​ ឬ​ការប្រកាសការចរចាជាមួយរដ្ឋបាល ត្រាំ ណាមួយ​ជាសាធារណៈ ​ឬជាដុំកំភួន ពីសំណាក់ប្រទេសឡាវ មីយ៉ាន់ម៉ា និងប្រ៊ុយណេ ជុំវិញ​ពន្ធគយបដិការរបស់សហរដ្ឋអាមេរិកនោះទេ​។

យ៉ាងណាមិញ ​ក្រសួងហិរញ្ញវត្ថុប្រ៊ុយណេ បាននិយាយកាលពីដើមខែមេសាថា ខ្លួនកំពុងចូលរួមជាមួយសមភាគីអាមេរិក ដើម្បីស្វែងរកការបំភ្លឺអំពីពន្ធថ្មី។ បើតាម​កាសែតបាងកកប៉ុស្តិ៍នៅដើមខែមេសា ​មីយ៉ាន់ម៉ាឯណោះវិញ ​អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក Min Min បាន​និយាយថា ប្រទេសកំពុង​ពិចារណា​វិធានការ​មួយ​ចំនួន​ ដើម្បី​ដោះស្រាយ​ពន្ធ​ថ្មី​​ ប៉ុន្តែមិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ណាមួយ​ឡើយ។ ​

ចំណែកឯប្រទេសហ្វីលីពីន ដែលមានអតិរេកពាណិជ្ជកម្ម ៤,៩ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន មិន​បាន​ប្ដេជ្ញា​បង្កើនការនាំចូលពីសហរដ្ឋអាមេរិក ឬកាត់បន្ថយពន្ធលើទំនិញអាមេរិក​នោះទេ។ ប៉ុន្តែ​ហ្វីលីពីនកំពុងផ្តោតលើការចូលរួមការទូត និងកំពុង​បន្តជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហរដ្ឋអាមេរិក។ មុន​លោក ត្រាំ ប្រកាសពន្ធគយបដិការ រដ្ឋលេខាធិការហិរញ្ញវត្ថុហ្វីលីពីន លោក Ralph Recto បានបង្ហាញពីការបើកចំហរក្នុងការបញ្ចុះពន្ធលើយានយន្តរបស់សហរដ្ឋអាមេរិក ប្រសិនបើ FTA ត្រូវបានសម្រេច។

យ៉ាងណាមិញ អនុរដ្ឋលេខាធិការផ្នែកទំនាក់ទំនងរបស់ប្រធានាធិបតីហ្វីលីពីន លោកស្រី Claire Castro បាន​ឱ្យដឹងកាលពីសប្ដាហ៍មុន​ថា​ ​ជំនួយការពិសេសរបស់ប្រធានាធិបតីសម្រាប់ការវិនិយោគ និងកិច្ចការសេដ្ឋកិច្ច លោក Frederick Go នឹង​ដឹកក្រុមគណៈប្រតិភូហ្វីលីពីន ​ដើម្បីជួបជាមួយមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅខែក្រោយ ដើម្បីចរចាពន្ធ។ លោកស្រីបន្តថា ហ្វីលីពីនប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការ ជាជាងការប្រឈមមុខដាក់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

តម្លៃប្រេងកើនឡើងជុំវិញសុទិដ្ឋិនិយមនៃការចរចាពន្ធអាមេរិក-ចិន

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អភិបាលស្រុកមួយរបស់ឡាវ​ហាមបុគ្គលិក​រដ្ឋទាំងអស់ទទួលទានគ្រឿងស្រវឹងក្នុងម៉ោងធ្វើការ

ព័ត៌មានជាតិ១៧ នាទីutes មុន

៤ ខែឆ្នាំនេះ ខ្យល់កន្ត្រាក់បណ្ដាលឱ្យស្លាប់-របួសមនុស្សជិត ២០ នាក់ និងបំផ្លាញផ្ទះជិត ៤ ពាន់ខ្នង

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

វៀតណាម និងរុស្ស៊ី ព្រមព្រៀង​គ្នា​​ពន្លឿនកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ

ព័ត៌មានជាតិ៣៨ នាទីutes មុន

អភិបាលខេត្តបាត់ដំបង ក្រើនរម្លឹកដល់ម្ចាស់រោងចក្រត្រូវពង្រឹងការគ្រប់គ្រងសំណល់រាវឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

កីឡា២០ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត កោតសរសើរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន គាំទ្រគំនិតប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ីរ៉ង់​អះអាង​ពី​សិទ្ធិ​នុយក្លេអ៊ែរ​​​របស់​ខ្លួន មុន​ការ​ចរចា​ជាថ្មី​ជាមួយ​​អាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម