Connect with us

ព័ត៌មានជាតិ

ចម និម្មល៖«កម្មសិទ្ធិបញ្ញាបានដើរតួយ៉ាងសំខាន់ក្នុងការការពារ ថែរក្សា អភិវឌ្ឍ លើកស្ទួយ និងផ្សព្វផ្សាយ អរិយធម៌ វប្បធម៌ ប្រពៃណី សិល្បៈគ្រប់ទម្រង់»

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានលើកឡើងថា កម្ពុជាបាននិងកំពុងពង្រឹងនិងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាឱ្យកាន់តែល្អប្រសើរ​ ខណៈកម្មសិទ្ធិបញ្ញាបានដើរតួយ៉ាងសំខាន់ក្នុងការការពារ ថែរក្សា អភិវឌ្ឍ លើកស្ទួយ និងផ្សព្វផ្សាយ អរិយធម៌ វប្បធម៌ ប្រពៃណី សិល្បៈគ្រប់ទម្រង់ពិសេសស្នាដៃសិល្បៈដែលជាកេរដំណែលរបស់ដូនតា-បុព្វបុរសខ្មែរ និងស្នាដៃថ្មីៗក្នុងសម័យទំនើប។

ការលើកឡើងរបស់លោកស្រី ចម និម្មល ក៏ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» ថ្លែងក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី: ការយល់អំពីចង្វាក់នៃកម្មសិទ្ធិបញ្ញា (IP and music: Feel the beat of IP) កាលពីថ្ងៃទី៥ ខែឧសភា។

​លោក​រដ្ឋមន្ត្រី ​កម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ នេះ ​តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹងសាធារណៈលើវិស័យកម្មសិទ្ធិបញ្ញាជាសកល ជាពិសេសចូលរួមផ្តល់តម្លៃនិងសារៈសំខាន់ដល់ស្នាដៃ និងរបកគំហើញនានា ដែលរកឃើញនិងបង្កើតឡើងដោយតក្កករ អ្នកនិពន្ធ សិល្បៈករ អ្នកច្នៃប្រឌិត អ្នកស្រាវជ្រាវ។ល។

​លោកស្រីថា កម្ពុជាបាន​ប្តេជ្ញាចិត្ត និង​បន្តខិតខំប្រឹងប្រែងផ្តល់កិច្ចការពារ និងលើកកម្ពស់នូវតម្លៃនៃស្នាដៃទាំងអស់ដែលកើតចេញពីភាពប៉ិនប្រសប់ ការច្នៃប្រឌិត និងគំនិតប្រាជ្ញារបស់សិល្បករ សិល្បការិនី អ្នកនិពន្ធ ម្ចាស់ស្នាដៃ ម្ចាស់ផលិតកម្ម និងម្ចាស់អង្គភាពនានា ពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលជាសមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាផងដែរ។

លោកស្រី ចម និម្មល ថា ៖«កម្មសិទ្ធិបញ្ញាបានដើរតួយ៉ាងសំខាន់ក្នុងការការពារ ថែរក្សា អភិវឌ្ឍ លើកស្ទួយ និងផ្សព្វផ្សាយ អរិយធម៌ វប្បធម៌ ប្រពៃណី សិល្បៈគ្រប់ទម្រង់ ជាពិសេសស្នាដៃសិល្បៈដែលជាកេរដំណែលរបស់ដូនតា-បុព្វបុរសខ្មែរ និងស្នាដៃថ្មីៗក្នុងសម័យទំនើប ព្រមទាំងកិច្ចការពារសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ដែលពិតជាចាំបាច់ក្នុងការជំរុញការលើកទឹកចិត្ត និងការពារ»។

បើយោងតាម លោកស្រីរដ្ឋមន្ត្រី ​៖«នាបច្ចុប្បន្នកម្ពុជាបាននិងកំពុងពង្រឹងនិងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាឱ្យកាន់តែល្អប្រសើរតាមរយៈយន្តការគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយបានដាក់ចេញនូវផែនការសកម្មភាពនានា ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ ដែលបន្តចាត់ទុកកិច្ចការពារកម្មសិទ្ធិបញ្ញាជាយន្តការយ៉ាងសំខាន់ ក្នុងការជំរុញការបង្កើតថ្មី ការច្នៃប្រឌិតថ្មី និងនវានុវត្តន៍ ការបន្តពង្រឹងភាពប្រកួតប្រជែង ការចែករំលែកបច្ចេកវិទ្យា ព្រមទាំងការទប់ស្កាត់ ការក្លែងបន្លំ ឬការរំលោភបំពានកម្មសិទ្ធិបញ្ញា ស្របតាមច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិដែលកម្ពុជាជាភាគីសមាជិក»។

នៅក្នុងកម្មវិធីនោះដែរ កម្ពុជាក៏បាន​សម្ពោធ និងក៏បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងម៉ាកសមូហភាពប្រហុកសៀមរាបផលិតផលសម្គាល់ភូមិសាស្ត្ររបស់ខ្លួនផងដែរ។

ប្រហុកសៀមរាប គឺជាផលិតផលដែលមានលក្ខណៈពិសេសដាច់ដោយឡែករបស់កម្ពុជា ដែលមានលក្ខណៈពិសេសដូចទៅនឹង ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគិរីផងដែរ។ ការលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​ គឺជាការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់អត្តសញ្ញាណផលិតផលនិងគំាទ្រដល់ការប្រកបរបរចិញ្ចឹមជីវិតនៅតាមជនបទ។ 

លោក Igor Driesmans បានលើកឡើងថា​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)  គឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ផ្តល់អំណាចដល់ផលិតកករខ្នាតតូចក្នុងការអភិរក្សប្រពៃណី និងលើកកម្ពស់ការគ្រប់គ្រងធនធានប្រកបដោយទំនួលខុសត្រូវ ដែលចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។​ 

លោកឯកឧត្តម បានបន្ថែមទៀតថា៖ «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) មានតួនាទីយ៉ាងសំខាន់នៅអឺរ៉ុប ដែលមានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាង ៣៥00 ហើយ EU បានគាំទ្រការអភិវឌ្ឍម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) កម្ពុជា ជាងមួយទសវត្សន៍មកហើយតាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស។ កិច្ចខិតខំប្រឹងប្រែងរបស់ EU ផ្តោតទៅលើច្រវាក់តម្លៃជលផលប្រកបដោយនិរន្តរភាព និងស្ដង់ដារគុណភាព ដើម្បីលើកកម្ពស់នវានុវត្តន៍ក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងវប្បធម៌របស់ផលិតផលក្នុងស្រុក។»

លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា៖ «ប្រហុកសៀមរាបគឺជាតំណាងនៃការផ្សារភ្ជាប់គ្នារវាងប្រពៃណីនិងការអភិវឌ្ឍប្រកបដោយចីរភាព ធានាគុណភាពសម្រាប់អ្នកបរិភោគ និងជំរុញភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មនៅកម្ពុជា។»

បើយោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី មានជាអាទិ៍ អង្គការពាណិជ្ជកម្មពិភពលោក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងក្របខ័ណ្ឌអាស៊ាន ដើម្បីចូលរួមចំណែកអភិវឌ្ឍ ជំរុញ និងអនុវត្តប្រព័ន្ធកម្មសិទ្ធិបញ្ញា។

លោកស្រី ចម និម្មលថា ក្នុងឆ្នាំ២០២៥ នេះ កម្ពុជានឹងធ្វើជាប្រធាននិងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា (AWGIPC) សម្រាប់អណត្តិ២ឆ្នាំ និងការរៀបចំកិច្ចប្រជុំតំបន់សម្រាប់លើកទី៨ នៃក្រុមការងារសម្របសម្រួលការចុះបញ្ជីកម្មសិទ្ធិបញ្ញាអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាផ្សេងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម