Connect with us

សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មបន្តជំរុញការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មប្ដេជ្ញាបន្តជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកបន្ថែមទៀត ឈានទៅរក​ការ​នាំ​​ចេញ​ទៅទីផ្សារអន្តរជាតិ សំដៅធ្វើប្រែក្លាយកម្ពុជាជាអធិរាជនាំចេញដ៏ធំមួយនាពេលដ៏ខ្លីខាងមុខ។​

ការប្ដេជ្ញារបស់ក្រសួងពាណិជ្ជកម្ម បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកស្រី ចម និម្មល​ រដ្ឋមន្ត្រី​ក្រសួង​​ពាណិជ្ជកម្ម និងលោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា នៅ​ថ្ងៃ​ទី ៣០ ខែមិ​ថុនា​ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីរាយការណ៍វឌ្ឍនភាព និងសមិទ្ធផល​សំខាន់​ៗ​ ដែលសហព័ន្ធស្វាយចន្ទីកម្ពុជាសម្រេចបាន ទិសដៅការងារបន្ទាប់ និងគោរពស្នើសុំកិច្ច​សហប្រតិបត្តិការបន្ថែមជាមួយក្រសួងពាណិជ្ជកម្ម។

លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានផ្ដល់ដំណោះស្រាយធ្វើយ៉ាងណាដើម្បី ជំរុញ​ការកែច្នៃស្វាយចន្ទីឱ្យឆ្លើយតបទៅនឹងគោលនយោបាយជាតិដែលចង់កែច្នៃឱ្យបាន ២៥% នៅឆ្នាំ ២០២៧ និង ៥០% នៅឆ្នាំ ២០៣២។

លោកបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៣ ខែកក្កដានេះថា៖« យើងបានស្នើសុំ​ចំណុចមួយ​ចំនួន ដើម្បីធ្វើយ៉ាងឱ្យរដ្ឋជួយសម្រួលក្នុងការធ្វើយ៉ាងម៉េចឱ្យការកែច្នៃក្នុងស្រុក មានការប្រកួត​ប្រជែង ខណៈសំណើរនេះ លោកជំទាវទទួលយក និងសន្យាថា នឹងព្យាយាមធ្វើយ៉ាងណាដើម្បី​ធ្វើការ​ជាមួយក្រសួងពាក់ព័ន្ធ ដើម្បីកាត់បន្ថយថ្លៃដើម ដើម្បីធ្វើឱ្យការកែច្នៃកើនឡើង»។

លោក អាន តារា បានបន្ថែមថា ទិន្នផល និងតម្លៃស្វាយចន្ទីនៅឆ្នាំនេះ មានភាពល្អប្រសើរ ចន្ទី​ស្រស់លក់បានតម្លៃជាង ៥០០០ រៀល ក្នុងមួយគីឡូក្រាម ហើយនៅខែ ៦ នេះ ចន្ទី​ស្ងួត​លក់បាន ៧ ៣០០ រៀល ក្នុងមួយគីឡូក្រាម។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ «នៅឆ្នាំនេះ គ្រាប់ស្វាយ​ចន្ទី​សើម នៅដើមរដូវប្រមូលផល មានតម្លៃរហូត ៦៥០០រៀល ហើយ​បច្ចុប្បន្ននេះ មានតម្លៃចន្លោះពី ៤៨០០-៥២០០​រៀល​​​ក្នុងមួយគីឡូក្រាម ទៅតាមតំបន់ និង​គុណ​​ភាពគ្រាប់ បើប្រៀបធៀបរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២១-២០២៥ គឺតម្លៃគ្រាប់ស្វាយ​ចន្ទី​ឆ្នាំ​​២០២៥​នេះ មានតម្លៃខ្ពស់ជាងគេ ដោយសារមានទីផ្សារល្អ»។

សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងនៅក្នុងកម្មវិធីមួយនៅខេត្តកំពង់ធំនៅព្រឹកថ្ងៃទី៣ ថា រដ្ឋាភិបាលបានកំណត់ខេត្តកំពង់ធំដើម្បីក្លាយជាមជ្ឈមណ្ឌលកែច្នៃស្វាយចន្ទីដើម្បីផ្តល់តម្លៃបន្ថែមដល់ខេត្ត និងជំរុញការនាំចេញឱ្យកាន់តែច្រើនទៅទីផ្សារអន្តរជាតិ។​

យោងតាមក្រសួងកសិកម្ម នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ កម្ពុជានាំចេញគ្រាប់ស្វាយ​ចន្ទីស្រស់ចំនួនជិត ៦០ ម៉ឺន​តោន (៥៧១ ២៨២) កើនឡើងជិត ៦% ធៀបនឹងរយៈពេលដូច​គ្នានៅក្នុងឆ្នាំ ២០២៤ ដែល​មាន​ចំនួន ៥៣៨៩៧៥ តោន។

នៅឆ្នាំ ២០២៤ កម្ពុជា​សម្រេច​​បានការ​ប្រមូលទិន្នផលគ្រាប់​ស្វាយ​ចន្ទី​ចំនួន ៨៥ ម៉ឺនតោន ក្នុង​នោះ​នាំចេញ​គ្រាប់ឆៅ​បាន​ចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើន​ឡើង ២១% គិត​ជា​ទឹក​ប្រាក់​​ ១ ពាន់ ១៥០ លាន​ដុល្លារ កើន ២៦,១៥%។ ក្នុងនោះ​នាំចេញ​ទៅវៀត​ណាមចំនួន ៧៩ ម៉ឺន ៥ ពាន់​តោន។ នេះបើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម