ព័ត៌មានជាតិ
គ្មានអ្វីប្រែប្រួល ប្រតិបត្តិហោះហើរនៅអាកាសយានដ្ឋានចាស់ ត្រូវបានផ្ទេរទៅអាកាសយានដ្ឋានអន្តរជាតិតេជោ តាមផែនការ
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធទៅនិងវឌ្ឍនភាពនៃការផ្លាស់ប្តូរជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី អ្វីៗត្រូវបានរៀបចំរួចជាស្រេច និងគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ កម្ពុជានឹងបើកឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានថ្មីលំដាប់ 4F មួយនេះ។

ពាក់ព័ន្ធនិងការផ្លាស់ប្ដូរជើងហោះហើរទៅកាន់ប្រលានយន្តហោះអន្តរជាតិថ្មីនេះដែរ លោក ស៊ិន ចាន់សិរីវុត្ថា បានលើកឡើងថា ចំពោះក្រុមហ៊ុនពាក់ព័ន្ធដែលផ្ទេរប្រតិបត្តិការរបស់ខ្លួន ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ អ្វីៗគឺបានរួចរាល់ជាស្រេចទៅតាមផែនការ។ មានន័យថា អ្វីៗគ្រប់យ៉ាងបានព្រមព្រៀងនិងឯកភាពគ្នា ដោយបានធ្វើការ និងបានចូលរួមជាមួយគ្នានៅក្នុងការបង្វឹក ក៏ដូចជាបណ្ដុះបណ្ដាលបុគ្គលិកទាំងអស់ ឱ្យស្គាល់ពីវិធាន និងនីតិប្រតិបត្តិ (SOP) រួចរាល់ផងដែរ។
ជាមួយគ្នានោះចំពោះក្រុមហ៊ុនដំណើរការហោះហើរ ក៏មិនមានអ្វីប្រែប្រួលដូចគ្នាដែរ គឺក្រុមហ៊ុនអាកាសចរចំនួន ៣១ ក្រុមហ៊ុន ក្នុងនោះ មានក្រុមហ៊ុនជាតិចំនួន ៣ និងមានក្រុមហ៊ុនអន្តរជាតិចំនួន ២៨ ក្រុមហ៊ុន ដែលបានផ្ទេរប្រតិបត្តិការរបស់ខ្លួនពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។

លោកក៏បានបញ្ជាក់ដែរថា «ចំពោះការហោះហើរ អាកាសចរស៊ីវិលកម្ពុជា ក៏បានរៀបចំឱ្យមានការហោះហើរបង្ហាញ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ មានន័យថា ការហោះហើរនោះយើងធ្វើដូចមែនទែន ដែលគេហៅថាការហោះហើរបង្ហាញ ដែលមានការហោះហើរជើងក្នុងស្រុកមួយ និងមានការហោះហើរជាអន្តរជាតិមួយ។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនហោះហើរជាអន្តរជាតិ អាកាសចរស៊ីវិលនៅមិនទាន់កំណត់ទេថា និងយកជើងហោះហើរចេញពីណាមកនោះទេ ប៉ុន្តែសម្រាប់ជើងហោះហើរក្នុងស្រុកគឺអាចយកពីខេត្តសៀមរាប ឬខេត្តព្រះសីហនុ»។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F តម្លៃ ២ ពាន់លានដុល្លារ ដំណាក់កាលទី១ បានបិទបញ្ចប់ការសាងសង់ទាំងស្រុង និងត្រៀមបើកឱ្យដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ ដងលើសព្រលានបច្ចុប្បន្ន។
អាកាសយានដ្ឋានអន្តរជាតិតេជោមាន ៣ ដំណាក់កាល គឺដំណាក់កាលទី១ តម្លៃ ២ ពាន់លានដុល្លារ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


