Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីខាតបង់ជាង ៥០ លាន​ដុល្លារ ពីបាតុកម្មប៉ុន្មានថ្ងៃមុន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសាធារណការឥណ្ឌូណេស៊ី លោក Dody Hanggodo បានប៉ាន់ប្រមាណកាលពីថ្ងៃអង្គារ​ថា បាតុកម្មនៅទូទាំងប្រទេសឥណ្ឌូណេស៊ីនាពេលថ្មីៗ​នេះ បានបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជិត ៩០០ ​ប៊ីលានរូពៀឥណ្ឌូណេស៊ី (៥៣ លាន​ដុល្លារអាមេរិក) ​ដោយ​ខេត្តជ្វាខាងកើតទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការខូចខាតបានប៉ះពាល់ដល់បរិក្ខារសាធារណៈជាច្រើន រួមទាំងអគារក្រុមប្រឹក្សាតំណាងរាស្រ្តប្រចាំតំបន់ (DPRD) ច្រកបង់ប្រាក់ ចំណតរថយន្តក្រុង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅទូទាំងប្រទេស។

ខេត្ត​ជ្វាខាងកើត​កត់ត្រាការខាតបង់ខ្ពស់ជាងគេ ដោយសារតែការខូចខាត​ពីការដុតភ្លើងជាច្រើនកន្លែង​។ ទីតាំងសំខាន់ៗដែលរងផលប៉ះពាល់រួមមានអគារ Grahadi State ដែលជាតំបន់បេតិកភណ្ឌវប្បធម៌​ និងការិយាល័យ DPRD នៅទីក្រុង Kediri ។ លោក Hanggodo ក៏បានគូសបញ្ជាក់ផងដែរ ពីការបំផ្លិចបំផ្លាញដ៏​ដំណំ​ក្នុងទីក្រុង Makassar នាខេត្ត South Sulawesi ​ ជាកន្លែងដែលការិយាល័យ DPRD ក្នុងតំបន់ ត្រូវបានដុតបំផ្លាញនា​ថ្ងៃទី ២៩​ ខែសីហា។

ជាការឆ្លើយតប ក្រសួងសាធារណការ បានបែងចែកមូលនិធិសង្គ្រោះបន្ទាន់ ដើម្បីចាប់ផ្តើមជួស​ជុល​លើ​ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។ លោក Hanggodo បានសង្កត់ធ្ងន់ថា ការផ្តល់មូលនិធិនេះនឹងមិនប៉ះពាល់ដល់អាទិភាពជាតិផ្សេងទៀតទេ។ ​

គួរគូស​បញ្ជាក់ថា ការតវ៉ាបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែសីហា ដោយមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅខាងក្រៅសភាប្រឆាំងនឹងប្រាក់ខែសម្រាប់សមាជិកសភា ដែល​ជិតស្មើ ១០ ដង នៃប្រាក់ឈ្នួលអប្បបរមារបស់ពលរដ្ឋ នៅក្នុងទីក្រុងហ្សាកាតា។ ក្រុម​បាតុករ​ក៏​បាន​​តវ៉ា​ប្រឆាំង​នឹង​អ្វី​ដែល​ពួក​គេ​ហៅ​ថា «ឥស្សរជន​ពុក​រលួយ» ក្នុង​រដ្ឋាភិបាល និង​គោល​នយោបាយ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ក្រុម​ហ៊ុនពហុវិស័យ​ និង​យោធាផងដែរ​។

ភាពចលាចល​នៃបាតុកម្មបានផ្ទុះកាន់តែខ្លាំងឡើង ក្រោយរថពាសដែករបស់ប៉ូលិសឥណ្ឌូណេស៊ីបាន​បើកបំបុក និងកិនសម្លាប់អ្នកដឹកជញ្ជូនម្នាក់ឈ្មោះ ​Affan Kurniawan ​នៅទីក្រុងហ្សាកាតា ​នា​ថ្ងៃទី ២៨ ខែសីហា។​ ​

ក្រោមការប៉ះទង្គិចជាមួយ​កងកម្លាំងប្រដាប់អាវុធ ការតវ៉ាជាច្រើនបានក្លាយទៅជាហិង្សា ដែលនាំទៅដល់ការបំផ្លិចបំផ្លាញអគាររដ្ឋាភិបាល កន្លែង​វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈ។ យ៉ាងណាមិញ មកទល់ពេលថ្ងៃ ៣ កញ្ញា នេះ បាតុកម្មបាន​ស្ងប់ស្ងាត់ទៅវិញហើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម