Connect with us

សេដ្ឋកិច្ច

បុរសម្នាក់ទិញចេកណាំវ៉ាពីកសិករ ច្នៃធ្វើ​ចេកសម្ងួតដាក់លក់លើទីផ្សារ

បានផុស

នៅ

ស្ថិតនៅក្នុងវ័យ ៤៥​ឆ្នាំ លោក តាំង វិន បានចាប់ផ្ដើមសាកល្បងទិញចេកណាំវ៉ាពីប្រជាកសិករមកច្នៃធ្វើចេកសម្ងួតដាក់លក់លើទីផ្សារ កំពុងទទួលបានការចាប់អារម្មណ៍លើបណ្ដោញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ កម្ពុជាថ្មី លោក តាំង វិន ជាម្ចាស់ផេកសម្ងួតចេក បានឱ្យដឹងថា មុខរបរសម្ងួតចេកនេះ លោកបានចាប់ផ្ដើមធ្វើវាឡើងមកទើបតែដើមឆ្នាំ ២០១៥នេះ តែប៉ុណ្ណោះ។ លោក បន្តថា មូលហេតុដែលលោកចាប់យករបរសម្ងួតចេកនេះ ទី១. ដោយសារតែលោកច​ង់ឱ្យប្រជាកសិករជាអ្នកដាំចេក អាចមានទីផ្សារបន្ថែមបន្ទាប់ពីប្រមូលផលចេកពីចម្ការរបស់ពួកគាត់។ មួយវិញទៀត លោក តំាង វិន ក៏មានបំណងចង់ច្នៃចេកណាំវ៉ាទុំដើម្បីធ្វើជាប្រភេទអាហារដែលអាចទទួលទានជាមួយតែ និងកាហ្វេបានដូចទៅនឹងនំដុត និងប្រភេទនំផ្សេងៗទៀត ផងដែរ។

ជានិច្ចកាល លោក តាំង វិន តែងតែបានជួយទិញចេកណាំវ៉ាពីប្រជាកសិករដែលរស់នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម មកច្នៃចេញជាចេកសម្ងួត ដោយក្នុង១ខែ មិនក្រោមពីរាប់ម៉ឺនស្និត នោះឡើយ។

បច្ចុប្បន្ន ការសម្ងួតចេករបស់លោក តាំង វិន អាចមានសមត្ថភាពលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ១០០គីឡូ ទៅ ២០០គីឡូ តាមរយៈការធ្វើទីផ្សារអនឡាញដោយខ្លួនឯងផ្ទាល់។

យ៉ាណាមិញ លោក តាំង វិន អះអាងថា មុខរបរសម្ងួតចេកនេះ​ ទោះបីងាយស្រួលធ្វើក៏ពិតមែន តែមិនប្រាកដថាសុទ្ធតែចំណេញនោះទេ ពោលគឺលោកត្រូវទិញចេកចាស់ៗមកស្ដុកទុក និងត្រូវរងចាំដល់ចេកទុំទើបអាចចាប់ផ្ដើមធ្វើវាបាន ខណៈពេលខ្លះចេកទុំក៏ត្រូវស្អុយខូចនាំឱ្យខាតក៏មាន។

សម្រាប់ទៅពេលខាងមុខ លោក តាំង វិន ក៏មានបំណងចង់ប្រែក្លាយការសម្ងួតចេកលក្ខណៈគ្រួសារឱ្យទៅជាសិប្បកម្មខ្នាតតូចដែលមានស្ដង់ដាត្រឹមត្រូវមួយ ដោយរៀបចំដាក់ជាម៉ាស៊ីនសម្ងួតចេក ដើម្បីធ្វើយ៉ាងណាងាយស្រួលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ពិសេសនៅតាមហាងកាហ្វេ និងផ្សារទំនើបផ្សេងៗទៀត ដែលកំពុងមានតម្រូវការចេកសម្ងួត និងដំណាប់ ដែលធ្វើឡើងពីចេកណាំវ៉ាទាំងនេះ ផងដែរ៕

អត្ថបទ ៖ សួស​ សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម