Connect with us

ព័ត៌មានអន្ដរជាតិ

បំណុលជាតិថៃកើនខ្ពស់ បង្កការព្រមានពី IMF និងអ្នកជំនាញ

បានផុស

នៅ

បំណុលជាតិ ឬបំណុលសាធារណៈរបស់ប្រទេសថៃ បានបន្តកើនឡើងជិតដល់ ៧០ ភាគរយ ធៀប​នឹងផលិតផលក្នុងស្រុកសរុប (GDP) ដោយបង្កក្ដីបារម្ភពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអ្នកជំនាញពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែត The Nation នាថ្ងៃសុក្រនេះ អនុបាតបំណុលសាធារណៈថៃធៀបនឹង GDP មាន​អត្រារហូតដល់ ៦៧,៩ ភាគរយ ដោយ​ខ្ពស់ជាងប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាមួយ​គ្នានោះ អត្រាដដែលរំពឹងថានឹង​បន្តកើនឡើងដល់ ៦៨,៩ ភាគរយ នៅឆ្នាំ ២០២៨។ ​

បំណុលសារធារណៈថៃរួមចំណែកជាអន្លើដោយហេដ្ឋារចនាសម្ព័ន្ធថវិកា ដែលប្រើសម្រាប់ការចំណាយជាប្រចាំ (ដែលរួមចំណែក ៧០ ភាគរយ នៃការចំណាយរបស់រដ្ឋាភិបាល ហើយពិបាកនឹង​ការកាត់បន្ថយវា) រួមជាមួយនឹងវិធានការជំរុញសេដ្ឋកិច្ចរយៈពេលខ្លីជាបន្តបន្ទាប់ និងគម្រោងបន្ធូរបន្ថយពន្ធយ៉ាងទូលំទូលាយ។

អ្នកនាំពាក្យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Julie Kozack ​បាន​រំឭកឡើងវិញនូវការព្រួយបារម្ភ​​ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំខែរបស់ IMF កាលពីថ្ងៃទី​ព្រហស្បតិ៍។

លោកស្រី​បាន​កត់​សម្គាល់​ថា បំណុល​សាធារណៈ​​​ថៃ​មាន​កម្រិត​ខ្ពស់​រួច​ទៅ​ហើយ ​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​​ដែលមាន​កម្រិតអភិវឌ្ឍ​​ប្រហាក់ប្រហែលគ្នា។ អាស្រ័យហេតុនេះ រដ្ឋាភិបាលថៃ ត្រូវតែប្រុងប្រយ័ត្ន​ចំពោះការគ្រប់គ្រងសារពើពន្ធ ​ហើយ​បង្កើនទុនបម្រុង​សាធារណៈ ដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ប្រទេស។

អ្នកនាំពាក្យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Julie Kozack​

លោកស្រី Julie បាន​និយាយយ៉ាងដូច្នេះថា៖ «គោលនយោបាយសារពើពន្ធ គួរតែរក្សាការប្រុងប្រយ័ត្ន ដោយសារតែកម្រិតបំណុលកើនឡើង»។ លោកស្រីបន្តថា នៅពេល​សេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ ប្រទេសថៃត្រូវរឹតបន្តឹងសារពើពន្ធរបស់ខ្លួន​ ​​ជាមួយនឹង​គោលដៅបង្កើនភាពបន់បែនផ្នែកហិរញ្ញវត្ថុបន្ថែមទៀត។ ​

ជុំវិញបញ្ហាបំណុលនេះផងដែរ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) លោក Wichayayuth Boonchit ​បាន​ថ្លែងថា កំណើនកម្រិតបំណុល​របស់ថៃ គឺជាឧបសគ្គដ៏សំខាន់មួយ សម្រាប់ការពង្រីកសេដ្ឋកិច្ច។ លោក​បាន​បន្ត​ថា​៖ «​បំណុល​​ ទាំងបំណុល​គ្រួសារ អាជីវកម្ម និង​​សាធារណៈ ​បច្ចុប្បន្ន​មាន​​អត្រា​ខ្ពស់ ​ដែល​​ជួយ​កម្រិតកំណើនសេដ្ឋកិច្ច​របស់​ប្រទេស​»​។

លោក Wichayayuth បានបញ្ជាក់ថា វិធានការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថ្មី គួរតែផ្តល់អាទិភាពលើការបញ្ចៀស​ការបន្ថែមបំណុល ​ដែលអាចបង្កើតបន្ទុកសារពើពន្ធរយៈពេលវែង។ លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើកម្រិតបំណុលនៅតែខ្ពស់ ការជំរុញសេដ្ឋកិច្ចនឹងមានប្រសិទ្ធភាពតិច​។ លើសពីវិធានការរយៈពេលខ្លី ​រដ្ឋាភិបាលគួរតែសង្កត់ធ្ងន់លើគំនិតផ្តួចផ្តើមដែលអាចជំរុញកំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ»៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម