Connect with us

អត្ថាធិប្បាយ

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បង្ហាញ​​ហេតុផល​ចំនួន​៥​ដែល​​ថា​ថៃ​ជា​ «អ្នក​ឈ្លានពាន»

បានផុស

នៅ

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បាន​សរសេរ​លិខិត​ចំហរ​មួយ​ដែល​មាន​៣​ភាសា​ គឺ​ភាសា​ខ្មែរ​ អង់គ្លេស និង​បារាំង បង្ហាញ​ពី​ហេតុផល​ចំនួន​៥​ដែល​អាច​អះអាង​ថា​សកម្មភាព​យោធា​របស់​ថៃ​គឺ​ជា​សកម្មភាព​ «ឈ្លាន​ពាន​» លើ​កម្ពុជា​សុទ្ធសាធ។ ខាង​ក្រោម​ជា​សំណេរ​ទាំង​ស្រុង​របស់​លោកដែល​ថា​សកម្មភាព​យោធា​របស់​ថៃ​គឺ​មាន​ការ​គិត​គូរ​ និង​គ្រោង​ទុក​យ៉ាង​ល្អិត​ល្អន់​បំផុត៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជរដ្ឋាភិបាលកម្ពុជា ប្រជាជាតិកម្ពុជាទាំងមូល និងប្រជាជនខ្មែរទាំងអស់នៅក្នុងនិងក្រៅប្រទេស សូមប្រកាសជាសំឡេងតែមួយ ជូនចំពោះសហគមន៍អន្តរជាតិឱ្យជ្រាបថា អ្វីដែលបាននិងកំពុងបន្តកើតឡើង នៅបណ្តោយព្រំដែនខាងលិចនៃប្រទេសយើង តាំងពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥មកទល់ថ្ងៃនេះ គឺជាការឈ្លានពានមួយជាក់ស្តែងប្រកែកមិនបាន ពីសំណាក់កងទ័ពថៃ មកលើបូរណភាពទឹកដីនិងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ។ អ្វីដែលបាននិងកំពុងបន្តប្រព្រឹត្តទៅនេះ មិនមែនជាឧបទ្ទវហេតុមួយចៃដន្យ, មិនមែនជាការផ្ទុះអាវុធមួយរប៉េះរប៉ោះ ហើយក៏មិនមែនជាចម្បាំងមួយដែលកើតចេញពីភាពតានតឹងជាអចិន្ត្រៃយ៍គ្រប់គ្រងមិនបានទាល់តែសោះនោះដែរ ។ តាមពិត វាគឺជាសង្គ្រាមទាំងស្រុងនិងទាំងកំរោលមួយ ដែលដុះចេញពីចេតនាពេញលេញរបស់ទីក្រុងបាងកក និងដែលត្រូវបានគិតគូរគ្រោងទុកជាមុនយ៉ាងល្អិតល្អន់បំផុតដោយកងទ័ពថៃ ។ គោលដៅរបស់បាងកក ដែលប្រើប្រាស់ដំណាលគ្នាកងកម្លាំងជើងគោក ជើងទឹក ព្រមទាំងជើងអាកាស គឺ ឈ្លានពានប្លន់យកទឹកដីកម្ពុជា វាយបាននៅទីណាដោតទង់ជាតិថៃនៅទីនោះ ដោយវាយប្រហារមិនត្រឹមតែលើទីតាំងយោធាប៉ុណ្ណោះទេ តែលើប្រជាជនស៊ីវិលស្លូតត្រង់ ហេដ្ឋារចនាសម្ព័ន្ធ និងប្រាង្គប្រាសាទបុរាណដែលមហាបុព្វបុរសខ្មែរបានបន្សល់ទុក និងដែលមួយចំនួនបានក្លាយទៅជាបេតិកភណ្ឌពិភពលោក ។

កម្ពុជាមានហេតុផលជាសារវន្តចំនួន៥ ដែលច្បាស់ជានឹងជម្រះក្តីមន្ទិលសង្ស័យរបស់មតិអន្តរជាតិ និងធ្វើឱ្យសហគមន៍អន្តរជាតិយល់ដឹងថា ថៃជាគឺអ្នកឈ្លានពាន រីឯកម្ពុជាគឺជាអ្នកត្រូវថៃឈ្លានពាន ៖

ទី១-កម្ពុជាជាប្រទេសតូចមិនអាចធ្វើសង្គ្រាមឈ្លានពានប្រទេសថៃជាប្រទេសធំបានទេ

កម្ពុជាជាប្រទេសតូច គឺតូចទាំងទឹកដី តូចទាំងសេដ្ឋកិច្ច តូចទាំងយោធា និងតូចទាំងមហិច្ឆតា ។ ដូចនេះ កម្ពុជាមិនអាចឈ្លានពានប្រទេសធំជាងខ្លួន ដល់ទៅ ៣ដង ដូចជាប្រទេសថៃបានឡើយ ។ កម្ពុជាតែងតែអត់ធ្មត់ និងអំពាវនាវឱ្យមានការដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី តាំងពីមុនផ្ទុះអាវុធលើកទី១ រហូតដល់មានការទទួលយកបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥  និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។ បើកម្ពុជាពិតជាចង់បានសង្គ្រាម តើកម្ពុជាខិតខំបង្កើត និងរក្សាសន្តិភាព តាំងពីឆ្នាំ១៩៩៨ ដើម្បីអ្វី?

ទី២-កម្ពុជាទាមទារឱ្យគោរពខ្សែបន្ទាត់ព្រំដែនតាមផែនទីតាមសន្ធិសញ្ញាព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែ ថៃទាមទារខ្សែបន្ទាត់ព្រំដែនតាមផែនទីឯកតោភាគីរបស់ខ្លួន

ប្រទេសកម្ពុជា និងប្រទេសថៃ គឺជាអ្នកជិតខាងនឹងគ្នា ដែលមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់កំណត់ដោយអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៧ និងផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ព្រមទាំងមានអនុស្សារណៈយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខ័ណ្ឌព្រំសីមាព្រំដែនគោក ដើម្បីឈានទៅបោះបង្គោលព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍជាមួយគ្នាឱ្យបាន ១០០ ភាគរយ។ ដូចនេះ គ្មានហេតុផលណាមួយ ដែលកម្ពុជាមានចេតនាឬប៉ុនប៉ងរំលោភបំពាន និងឈ្លានពានលើអធិបតេយ្យភាពរបស់ប្រទេសថៃនោះឡើយ។

ទី៣-កម្ពុជាប្រើយន្តការអន្តរជាតិដើម្បដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែថៃធ្វើសង្គ្រាមដើម្បីប្លន់យកទឹកដី

ជាក់ស្ដែង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ទាំងជម្លោះកាលពីឆ្នាំ១៩៥៤, ជម្លោះឆ្នាំ២០០៨-២០១១ និងជម្លោះបច្ចុប្បន្ននេះ កម្ពុជាតែងតែប្រកាន់យកយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ជាលទ្ធផលនៃជម្រើសផ្លូវច្បាប់នេះ កម្ពុជាបានទទួលជោគជ័យ ដោយក្នុងករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២ និងឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថាប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ នេះបង្ហាញថាកម្ពុជាជាប្រទេសការពារអធិបតេយ្យភាពរបស់ខ្លួនដោយប្រើយន្តការច្បាប់អន្តរជាតិ ហើយគ្មានហេតុផលណាដែលកម្ពុជាច្រានចោលយន្តការដែលខ្លួនធ្លាប់ទទួលបានជោគជ័យ២លើករួចមកហើយនេះ ហើយបែរជាទៅបង្កសង្រ្គាមជាមួយប្រទេសថៃនោះឡើយ។

ទី៤-កម្ពុជាស្គាល់ច្បាស់ពីសោកនាដកម្មនៃសង្គ្រាម និងផ្ដល់តម្លៃខ្ពស់បំផុតដល់សន្តិភាព

កម្ពុជាជាប្រទេសស្រលាញ់សន្តិភាព។ ក្នុងរយៈពេលជិត ៥០ឆ្នាំ កន្លងទៅនេះ ក្រោយពីឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ ក្នុងនោះរួមមានទាំងរបបខ្មែរក្រហមប្រល័យពូជសាសន៍មួយផងនោះ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ឱ្យតម្លៃខ្ពស់បំផុតដល់សន្តិភាព រហូតទទួលបានមេដៃមាសសន្តិភាពពិភពលោកឆ្នាំ២០២១ និងមេដៃសន្តិភាពសម្រាប់មនុស្សជាតិនិងភពផែនដីឆ្នាំ២០២៤ ព្រមទាំងពានរង្វាន់អាស៊ានឆ្នាំ២០២៥។ កម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ហើយ  កម្ពុជាត្រូវការសន្តិភាព និងស្ថិរភាពសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូចនេះ គ្មានហេតុផលណាមួយដែលកម្ពុជាទៅរំលោភបំពានឈ្លានពានទៅលើប្រទេសណាមួយ បង្កសង្គ្រាមបំផ្លាញសន្តិភាពដែលរកបានមកដោយលំបាកនោះឡើយ។

ទី៥-ថៃប្រកាសសង្គ្រាមជាចំហ និងវាយប្រហារយ៉ាងព្រៃផ្សៃមកលើកម្ពុជា

ការផ្ទុះឡើងវិញនៃសង្គ្រាមព្រំដែន ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មករហូតដល់ពេលនេះ គឺនាយករដ្ឋមន្ត្រីថៃ និងមេទ័ពកំពូលរបស់ថៃ បានប្រកាសសង្គ្រាមឱ្យយោធាថៃវាយប្រហារកម្ពុជាដោយពង្រីកវិសាលភាពតាមបណ្តោយព្រំដែនគោកជាង ៨០០គីឡូម៉ែត្រ និងបើកប្រតិបត្តិការយោធាវាយលុកចូលជ្រៅជាង ៨០-៩០ គីឡូម៉ែត្រដីមកក្នុងអធិបតេយ្យភាពកម្ពុជា ដោយបានប្រើកម្លាំងគ្រប់ប្រភេទ ទាំងជើងគោក ជើងអាកាស និងជើងទឹក ក្នុងនោះរួមមានយន្តហោះចម្បាំង F-16 និង Gripen គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនពិឃាដ ដ្រូនទម្លាក់គ្រាប់បែក យន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ កាំភ្លើងត្បាល់ រ៉ុកកែតចម្ងាយឆ្ងាយ រថក្រោះ រថពាសដែក ព្រមទាំងកម្លាំងទ័ពថ្មើរជើង ដើម្បីបំផ្លាញទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាស្ពានថ្នល់ សាលារៀន វត្តអារាម ជំរំជនភៀសខ្លួន និងលំនៅដ្ឋានប្រជាជន ហើយបន្តបដិសេធមិនគោរពបទឈប់បាញ់។ ដូចនេះ ច្បាស់ណាស់ថាប្រទេសកម្ពុជាមិនមែនជាអ្នករំលោភបំពាន និងបង្កសង្គ្រាមឈ្លានពានទៅលើប្រទេសថៃនោះទេ ហើយសកម្មភាពអស់ទាំងនេះពុំមែនជាការអនុវត្តសិទ្ធិការពារខ្លួនដូចប្រទេសថៃបានអះអាងឡើយ។

ផ្អែកលើចំណុចទាំង ៥ នេះ គឺប្រទេសកម្ពុជាជាអ្នករងគ្រោះការពារខ្លួន ហើយប្រទេសថៃជាអ្នកបង្កសង្គ្រាមឈ្លានពានលេបយកទឹកដីកម្ពុជា។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម