Connect with us

អត្ថាធិប្បាយ

ស្វែងយល់! យុទ្ធសាស្រ្តខ្សែក្រវាត់ និង​ផ្លូវ​ គឺ​ជា​ដង្ហើម​កំណើន​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​របស់​ចិន

បានផុស

នៅ

យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​ដែល​បាន​ផ្តើម​ចេញ​ពី​ប្រទេស​ចិន គឺ​ យុទ្ធសាស្ត្រ​ខ្សែក្រ​វ៉ាត់​មួយ ​ផ្លូវ​មួយ​។ យុទ្ធសាស្ត្រ​នេះដែល​បាន​ប្រកាស​ដោយ​លោក​ប្រធានាធិបតី ស៊ី ជីងពីងនៅក្នុង​ឆ្នាំ​២០១៣ មាន​គោល​បំណង​បង្កើន​ភាព​ត​ភ្ជាប់​គ្នា​រវាង​ប្រទេស​ចិន​ជា​មួយ​បណ្តា​ប្រទេស​ដទៃទៀត​នៅ​តាម​បណ្ដោយ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ទ្វីប​អឺរ៉ុប ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​មាន​កំណើនខ្ពស់។។ យុទ្ធសាស្រ្ត​នេះ​ព្យាយាម​លើក​កម្ពស់ និង​សម្របសម្រួល​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ថាមពល ពាណិជ្ជកម្ម និង​ការ​ប្រាស្រ័យ​ទាក់ទង ព្រម​ទាំង ការងារ​ដទៃ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រវត្តិ និង​ការ​ផុស​ឡើង​នូវ​គំនិត​ខ្សែក្រវ៉ាត់មួយ​ ផ្លូវមួយ

ជនជាតិ​ចិន គឺ​ជា​មនុស្ស​ដំបូង​ដែល​ចេះ​ផលិត​ក្រណាត់​សូត្រ​មុន​គេ​បង្អស់ ហើយ​ក៏​បាន​ក្លាយ​ជា​ប្រភព​ផ្គត់ផ្គង់​ផលិតផល​សូត្រ​តែ​មួយគត់​ទៅ​កាន់​តំបន់​អាស៊ី​កណ្ដាល មជ្ឈិមបូព៌ា និង​តំបន់​អឺរ៉ុប។ ភូមិវិទូ​ជនជាតិ​អាល្លឺម៉ង់​លោក ហ្វឺដឺណង់ ហ្វុន រីជថូហ្វេន បាន​ដាក់​ឈ្មោះ​ផ្លូវ​នេះ​ថា ផ្លូវ​សូត្រ នៅ​ក្នុង​ឆ្នាំ1877 ក្រោយ​ពេល​រក​ឃើញ​ភស្តុតាង​ជា​ច្រើន​ទាក់ទង​នឹង​អាជីវ​កម្ម​សូត្រ​នៅ​តាម​ផ្លូវ​មួយ​នេះ។ផ្លូវ​បុរាណ​មួយ​នេះ ត្រូវ​បាន​ប្រើប្រាស់​មិន​ត្រឹមតែ​ធ្វើ​ជា​ផ្លូវ​ជួញ​ដូរ​ពាណិជ្ជកម្ម​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​ផ្លូវ​ដែល​ផ្លាស់​ប្តូរ​វប្បធម៌ អរិយធម៌​ចិន ឥណ្ឌា អាណាចក្រ​ពែរ្ស ពិភព​អារ៉ាប ក្រិក និង​ចក្រភព​រ៉ូម។

ផ្លូវ​សូត្រ​ត្រូវ​បាន​ត្រួសត្រាយ​ដោយ ឆាង ឈី​យិន ដែល​គេ​ស្គាល់​ថា​ជា​បិតា​នៃ​ផ្លូវសូត្រ និង​ជា​រាជទូត​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក។ ឆាង ឈីយិន គឺ​ជា​បេសកជន​របស់​អធិរាជ​អ៊ួ​នៃ​រាជវង្ស​ហាន​ដែល​បាន​ចាកចេញ​ពី​ស្រុក​ចិន ដើម្បី​ពិនិត្យ​មើល​វប្បធម៌ អរិយធម៌​នានា​នៅ​តំបន់​អាស៊ី​កណ្តាល​ចាប់​ពីឆ្នាំ 139 មុន​គ.ស ដល់ ឆ្នាំ 129 មុនគ.ស។ ក្រោយ​ពី​បើក​ផ្លូវ​នេះ​ហើយ ផ្លូវ​មួយ​នេះ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​បន្តិចម្តងៗក្នុងរជ្ជកាលបន្តៗមកទៀត។

ផ្លូវ​ជំនួញ​សូត្រ គឺ​ជា​បណ្ដាញ​ពាណិជ្ជកម្ម​បុរាណ​មួយ​ដែល​បាន​រីក​ចម្រើន​ដំបូង​ចាប់​ពីឆ្នាំ ១០០ មុន​គ្រិស្ដសករាជ ដល់​ឆ្នាំ ១,៥០០ នៃ​គ្រិស្ដសករាជ។ ការ​ដែលវា​មាន​ឈ្មោះ​បោះសំឡេង​ល្បីល្បាញ​ទៅ​បាន ក៏​ដោយសារ​ចំនួន​សូត្រ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ត្រូវ​បាន​នាំ​ចេញ​ពី​ប្រទេស​ចិន កាត់​តាម​ផ្លូវ​ដ៏​វែងឆ្ងាយ​ទៅ​កាន់​តំបន់​នានា​ជាច្រើន។ ការ​ធ្វើ​ជំនួញ​សូត្រ​នេះ​បាន​លាត​សន្ធឹង​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង ៨,០០០ គីឡូម៉ែត្រ កាត់​តាម​តំបន់​ខ្ពង់រាប ព្រៃភ្នំ វាលខ្សាច់ ទន្លេ សមុទ្រ និង​ទីក្រុង​ជាច្រើន រាប់​ចាប់ពី​ប្រទេស​ចិន​ប៉ែក​ខាងកើត​ទៅ​ដល់​តំបន់​អាស៊ី​កណ្ដាល មជ្ឈិមបូព៌ា និង​សមុទ្រ​មេឌីទែរ៉ាណេ។ គ្រិស្ដសករាជ ៨០០ ការ​ជួញដូរ​តាម​រយៈ​ផ្លូវសូត្រ​នេះ​ក៏​បាន​ចាប់​ផ្ដើម​ថយ​ចុះ​ជា​បណ្ដើរៗ ហើយ​ពាណិជ្ជកម្ម​តាម​ផ្លូវ​សមុទ្រ​ក៏​បាន​ចាប់​ផ្ដើម​មាន​សកម្ម​ភាព​ខ្លាំង​ក្លា​វិញម្ដង។ លុះ​ដល់​សតវត្សរ៍​ទី១៣ និងទី១៤ ពោល​គឺ​ក្នុង​ពេល​ដែល​ចក្រភព​ម៉ុង​ហ្គោ​គ្រប់គ្រង​អាស៊ី​កណ្ដាល និង​ប្រទេស​ចិន បណ្ដាញ​ជំនួញ​តាម​ផ្លូវសូត្រ​នេះ​ក៏​ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង។

រហូត​ដល់​យុគសម័យ​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ លោក ស៊ី ជិនពីង ក៏​បាន​បង្កើត​នូវ​គោល​នយោបាយ​ផ្លូវ​សូត្រថ្មី គឺ​គោលនយោបាយ​ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ ឬ​ខ្សែក្រវ៉ាត់ និង​ផ្លូវ (One Belt One Road Initiative ឬ Belt and Road Initiative)  ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ហ្គាសាកស្ថាន កាល​ពី​ខែកញ្ញា​ ឆ្នាំ២០១៣។ លោក​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​នូវ​គំរូ​កិច្ច​សហប្រតិបត្តិការ​ថ្មី​មួយ​ប្រចាំ​តំបន់ ដែល​ជា​ដំបូង​ត្រូវ​បាន​គេ​ស្គាល់​ថា Silk Road Economic Belt។ មួយ​ខែ​ក្រោយមក ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី ចិន​បាន​ប្រកាស​ជាថ្មី​ម្តងទៀត ឲ្យ​មាន​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (Asian Infrastructure Investment Bank) ក៏​ដូចជា​ការ​ចាប់ផ្តើម​ការ​កសាង​ផ្លូវសូត្រ​សមុទ្រ​ប្រចាំ​សតវត្សរ៍ទី២១។ នៅ​ខែកញ្ញា ឆ្នាំ​២០១៣ គម្រោង​នេះ​ត្រូវ​បាន​សរសេរ​រៀបរៀង ហើយ​ត្រូវ​បាន​អនុម័ត​ដោយ​សមាជិក​គណៈកម្មការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន។ ដោយ​ចាត់​ទុក​គម្រោង​នេះ​គឺជា គោល​នយោបាយ​អាទិភាព​របស់​ប្រទេស​ចិន​មុនឆ្នាំ២០២០ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ការទូត នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន ដូច​ជា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ អាស៊ី​ទក្សិណ ទ្វីប​អាហ្វ្រិក និង​បន្ត​ទៅ​ដល់​តំបន់​អឺរ៉ុប​ថែម​ទៀតផង។ សករាជ​ផ្លូវ​សូត្រ​ថ្មី​នេះ​មាន​វិសាល​ភាព​ធំ​ជាង​ផ្លូវ​សូត្រ​កាល​ពី​សម័យ​បុរាណ​នោះទៅទៀត។

គិត​មក​ដល់បច្ចុប្បន្ន មាន​ប្រទេស​ចំនួន ១៣៨ហើយ ដែល​បាន​ចូលរួម​ជាមួយ​នឹង​គំនិត​ផ្តួចផ្តើម​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់ចិន ហើយ​ចំនួន​នេះ​នឹង​អាច​បន្ត​កើន​ឡើង​ទៀត ប្រសិន​បើ​គំនិត​ផ្តួច​ផ្តើម នេះ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ជា​សមាជិក។

យុទ្ធសាស្ត្រ

ខ្សែក្រវ៉ាត់មួយ​ផ្លូវមួយ​មាន​សមាស​ធាតុ​សំខាន់ៗ​ពីរគឺ៖ ខ្សែក្រវ៉ាត់​សេដ្ឋកិច្ចផ្លូវគោក តាម​បណ្តោយ​ផ្លូវសូត្រ និង​ផ្លូវសូត្រ​សមុទ្រ​សតវត្សរ៍ទី២១។ ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច​ផ្លូវគោក​តាម​បណ្ដោយ​ផ្លូវ​សូត្រ​មាន​បំណង​តភ្ជាប់​ប្រទេសចិន​ទៅ​កាន់​ទ្វីប​អឺរ៉ុប ដោយ​ឆ្លង​តាម​អាស៊ីកណ្តាល និង​អាស៊ី​ខាងលិច។ ចំណែក​ផ្លូវ​សូត្រ​សមុទ្រ​វិញ​នឹង​តភ្ជាប់​ប្រទេសចិន​ជាមួយ​ទ្វីបអឺរ៉ុប តាម​រយៈ​តំណ​ភ្ជាប់​ផ្លូវសមុទ្រ​ដែល​ឆ្លង​តាម​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាងត្បូង​ហើយ​បន្ត​ឆ្ពោះ​ទៅ​កាន់​ទ្វីប​អាហ្វ្រិក។ យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់​មួយផ្លូវមួយ​មិនមែន​គ្រាន់​តែ​ពាក់ព័ន្ធ​ជា​មួយ​ការអភិវឌ្ឍ​ផ្លូវ​ទាំង​ពីរ​នេះ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាង​នេះ​ទៅ​ទៀត​គឺ​ពាក់ព័ន្ធ​ជា​មួយ ការ​អភិវឌ្ឍ​បណ្ដាញ​អន្តរ​ទំនាក់ទំនង​មួយ។

ការ​គ្រប់គ្រង​លើ​គម្រោង​ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ

ខ្សែក្រវាត់ និង​ផ្លូវ ពុំ​មែន​ជា​ស្ថាប័ន ហើយ​ពុំ​បាន​ទទួល​ការ​សម្របសម្រួល​ពី​អង្គភាព​តែ​មួយ​នោះ​ឡើយ ផ្ទុយ​ទៅវិញ​គឺ​ជា​ការ​ផ្តួចផ្តើម​គំនិត​មួយ​ដែល​ជម្រុញ​ដោយ​រដ្ឋាភិបាល។ នៅ​ខែមិនា ឆ្នាំ២០១៥ គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ ត្រូវ​បាន​ទទួល​ស្គាល់​ និង​អនុម័ត​ដោយ​ក្រុមប្រឹក្សារដ្ឋ និង​នាយកដ្ឋាន​ពាក់​ព័ន្ធ​នានា​ ដែល​ដាក់​ចេញ​នូវ​ផែនការ​លំអិត​សម្រាប់​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​នេះ មាន​រួមបញ្ចូល​ទាំង​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍ និង​កំណែទម្រង់ ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម​ ហើយ​នៅ​ចុង​បញ្ចប់​ត្រូវ​បាន​អនុម័ត ដោយ​ក្រុមប្រឹក្សារដ្ឋ​របស់​ចិន។

ការ​ផ្ដួចផ្ដើម​គំនិត​នេះ​ស្ថិត​ក្រោម​ការ​មើល​ខុសត្រូវ​របស់​ក្រុម​ថ្នាក់ដឹកនាំ​សម្រាប់​ការ​ជំរុញ​ការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវមួយ។ សមាជិក​នៅ​ក្នុង​ក្រុម រួមមាន មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ហើយ​មានអនុ ប្រធានាធិបតី Zhang Gaoli ជា​ប្រធាន ដោយ​លោក​អនុ​ប្រធានាធិបតី​ក៏​ជា​សមាជិក​របស់​គណៈកម្មាការ អ ចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​របស់​បក្ស​កុម្មុយនិស្ត​ចិន​ផងដែរ។ ចិន​កំពុង​ធ្វើការ​លើ​ផែនការ​ផ្តោត​លើ​វិស័យ​ជាក់លាក់​សម្រាប់​វិស័យ​នានា ដូចជា ថាមពល កសិកម្ម ការ​ការពារបរិស្ថាន ការអប់រំ និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វប្បធម៌​នៅ​ក្រោម​ការផ្តួចផ្តើមគំនិតនេះ។ ទោះយ៉ាង​នេះក្តី ដំណើរការ​ដែលអាច មាន​ភាព​បត់បែន ដែល​នឹង​មាន​ភាព​ខុស​ប្លែក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​ប្រទេស​ចិន​នឹង​សហការ ជា​មួយ​បណ្តា​ប្រទេស​ដទៃ​ទៀត​នៅ​តាម​បណ្ដោយ​ផ្លូវដើម្បី “ដាក់​ចេញ​នូវ​កាលវិភាគ និង​ផែនទី​បង្ហាញ​ផ្លូវដែល ពាក់ព័ន្ធ​មួយ​ហើយ​ផ្សារភ្ជាប់​ជា​មួយ​កម្មវិធី​អភិវឌ្ឍន៍​ជាតិ និង​ផែន​ការ​សហប្រតិបត្តិការ​ថ្នាក់តំបន់”។

ការ​ផ្គត់ផ្គង់​ផ្នែកហិរញ្ញ​វត្ថុសម្រាប់គម្រោងខ្សែក្រវាត់ និងផ្លូវ

ប្រភព​ហិរញ្ញវត្ថុ​របស់​គំនិត​ផ្តួចផ្តើម​នេះ ចិន​បាន​បង្កើត​ឲ្យ​មាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ឬ Asian Infrastructure Investment Bank (AIIB)។ មាន​មតិមួយ​ចំនួន​បាន​លើក​ឡើង​ថា ធនាគារ AIIB ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រកួត​ប្រជែង​នឹង​ធនាគារ​ពិភពលោក (World Bank) ដោយ​ផ្តល់​នូវ​ភាព​ទាក់ទាញ​ជា​ច្រើន​ដល់​ប្រទេស​ជា​សមាជិក។

ប្រភព​ហិរញ្ញវត្ថុ​ដែល​គាំទ្រ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់មួយផ្លូវមួយ មិន​ទទួល​បាន​តែ​ពីធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ផ្ដាច់​មុខ​នោះ​ទេ ដែល​ប្រភពហិរញ្ញវត្ថុនោះ​យក​មក​ប្រើសម្រាប់ ផ្លូវ​ល្បឿនលឿន កំពង់ផែ​ទឹកជ្រៅ ស្ពាន ថ្នល់ បំពង់​បង្ហូរប្រេង និង​ឧស្ម័ន បណ្តាញ
បញ្ចូន​អគ្គិសនី និង​ទូរគមនាគមន៍​ជាដើម។ មូល​និធិ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​នេះ កើត​ចេញ​ពី​មូលនិធិ​ជា​ច្រើន​ដូចជា មូលនិធិ​ផ្លូវសូត្រ និង​ធនាគារ​វិនិយោគ​ចិន ហើយ
ក្រុមហ៊ុន​ចិន​នានា ក៏​បាន​ផ្តល់​ហិរញ្ញវត្ថុ​ផងដែរ រួម​បញ្ចូល​ទាំង​ធនាគារ​ដែល​ចេញ​ពី​បណ្តាប្រទេស BRICs។

ចក្ខុវិស័យ

ចក្ខុវិស័យ OBOR បញ្ជាក់ថា គំនិត​ផ្តួចផ្តើម​នេះ​នឹង​ប្រើប្រាស់​ឧទ្យាន​ឧស្សាហកម្ម​សេដ្ឋកិច្ច​ជា វេទិកា​សហប្រតិបត្តិការ ចំណែក​ឯ​នៅ​សមុទ្រវិញ ការ​ផ្តួចផ្តើម​គំនិត​នេះ​នឹង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើការ ស្ថាបនា​ផ្លូវ​ដឹកជញ្ជូន “រលូន​មាន​សន្តិសុខ និង​មានប្រសិទ្ធភាព” ដោយ​តភ្ជាប់​នូវ​កំពង់ផែ​សមុទ្រ​ធំៗ​នៅ​តាម​បណ្ដោយ​ផ្លូវ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ។

គោលដៅ​ដ៏​សំខាន់​មួយ​នៃ​ការ​ផ្ដួចផ្ដើម​គំនិត​នេះ​គឺ “ការ​សម្របសម្រួល​ផ្នែក​គោល​នយោបាយ” ដែល ប្រាថ្នា​ចង់​ឱ្យ​មាន​កិច្ច​សម្របសម្រួល​ផ្នែក​យុទ្ធសាស្ត្រ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស ស្ថិត​នៅ​តាម​ក្នុង​ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ  និង​ការ​គាំទ្រ​ផ្នែក​គោលនយោបាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​គម្រោងខ្នាត ធំ។ “ការ​តភ្ជាប់​ផ្នែក​សំណង់” គឺ​ជា​វិស័យ​អាទិភាព​មួយទៀត ហើយ​រួមបញ្ចូល​ទាំង​ការ​កែ​លម្អ​ការ​តភ្ជាប់ផ្នែក ហេដ្ឋារចនាសម្ព័ន្ធ ការ​សាងសង់​ច្រករបៀង​ដឹកជញ្ជូន​អន្តរជាតិ និង​ការ​អភិវឌ្ឍ​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លងដែន។ ការ​ផ្ដួចផ្ដើម​គំនិត​នេះ​ក៏​ចាត់​អាទិភាព​ទៅ​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ជា​ពិសេស​គឺ​បំពង់​ប្រេងឥន្ធនៈ និង​ឧស្ម័ន ការ​បញ្ជូន​ថាមពល​ឆ្លងដែន និង​ការ​កែ​លម្អ​ខ្សែ​បណ្ដាញ​ថាមពល​អគ្គិសនី​ក្នុងតំបន់។

ចំណុច​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ដ៏​សំខាន់​មួយទៀត គឺ​ការ​លុបបំបាត់ ឧបសគ្គ​ផ្នែកការ​វិនិយោគ និង​ពាណិជ្ជកម្ម និង​ការបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី។ ចក្ខុវិស័យ​របស់ក៏បានឆ្លុះ បញ្ចាំង​ឱ្យ​ឃើញ​នូវ​ការ​វិនិយោគ​ក្នុង​វិស័យ​ជា​ច្រើន​រួមទាំង​វិស័យ​កសិកម្ម ព្រៃឈើ នេសាទ ឧស្សាហកម្ម ការពារ​បរិស្ថាន និង​ទេសចរណ៍ ហើយ​អំពាវនាវ​ឱ្យ​មានកិច្ច​សហប្រតិបត្តិការ​កាន់​តែ​ច្រើន​ថែម​ទៀត​នៅ​ក្នុង​ការរុករក និង​ការ​អភិវឌ្ឍ​ធ្យូងថ្ម ប្រេង ឧស្ម័ន ថាមពល​វារីអគ្គិសនី ថាមពល​នុយក្លេអ៊ែរ ថាមពល​ខ្យល់(កង្ហា​ទាញ​ថាមពល​ខ្យល់​បង្កើត​ជា​អគ្គិសនី) និង ថាមពល​ព្រះអាទិត្យ។ ដើម្បី​ប្រែក្លាយ​ការ​ផ្ដួចផ្ដើម​គំនិត​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​ការពិត ប្រទេស​ចិន​នឹង​ព្យាយាម​បង្កើត​អនុស្សរណៈ​នៃ​ការយោគយល់ ផែនការ និង​គម្រោង​សហប្រតិបត្តិការ​ទ្វេភាគី​ជា​មួយ​បណ្តា​ប្រទេស នានា​ក្នុង​ខ្សែក្រវាត់ និង​ផ្លូវ។

សូមជម្រាបជូនថា វិនិយោគ​របស់​ចិន​ក្នុង​គម្រោង​ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ​ បើគិតត្រឹម​ឆ្នាំ២០២៧​អាច​នឹង​មាន​ចំនួន​ប្រមាណ​លើស​ពី១២០ម៉ឺនលានដុល្លារ៕

ដោយ៖ សេម វាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម