ព័ត៌មានជាតិ
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បង្ហាញការប្តេជ្ញាក្នុងការបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អរវាងកងទ័ពជើងគោកកម្ពុជា និងជប៉ុន។ ការបង្ហាញការប្ដេជ្ញាចិត្តនេះបានធ្វើឡើងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ លោកនាយឧត្តមសេនីយ៍ បានជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូមកកាន់កម្ពុជាពេលនេះ គឺដើម្បីបន្តជំរុញការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។

ជំនួបពីខេត្តសៀមរាប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍ចំពោះលោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេសមកកាន់ទឹកដីអង្គរ ដែលជាដែនដីអាណាចក្រដ៏រុងរឿងមួយរបស់កម្ពុជា។
សម្ដេចធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកដល់ដំណើរការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះរួមទាំងការថែរក្សាបេតិកភណ្ឌ និងប្រាង្គប្រាសាទកម្ពុជា ហេីយជប៉ុន ក៏ជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានអង្គរ (ICC-Angkor) ផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ជប៉ុន ព្រមទាំងសម្ដែងក្ដីរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។

សម្ដេច បានអរគុណដល់កងទ័ពស័្វយការពារជេីងគោកជប៉ុន ដែលបានផ្ដល់នូវការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេច បានគូសបញ្ជាក់ថា ជប៉ុន គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អរបស់កម្ពុជា។ ការចែករំលែកបទពិសោធន៍ ជំនាញ និងការបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជា គឺជាកិច្ចការសំខាន់ ជាពិសេស ក្នុងការអភិវឌ្ឍសមត្ថភាពកងទ័ពជើងគោកកម្ពុជា ដោយសម្ដេច ថា ជប៉ុនជាប្រទេសដែលមានជំនាញ និងបទពិសោធន៍ខ្ពស់។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ, កងទ័ពជើងគោកប្រទេសទាំងពីរ នឹងអាចបន្តផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងអាចរួមសហការគ្នានៅក្នុងកិច្ចការមនុស្សធម៌ ជាដើម។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យកងទ័ពជើងគោកនៃប្រទេសទាំងពីរ ឱ្យពិនិត្យលទ្ធភាពពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួម សម្រាប់ការសង្គ្រោះគ្រោះមហន្តរាយ និងការបោសសម្អាតមីន ជាដើម៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


