Connect with us

ជីវិតកម្សាន្ដ

នាយ ពាក់មី សម្តែងការសោកស្តាយជាពន់ពេក ចំពោះការស្លាប់កុមារី ៥ឆ្នាំ ក្នុងករណីជំរិតទារប្រាក់

បានផុស

នៅ

តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយ ពាក់មី បានបង្ហាញអារម្មណ៍សោកស្តាយ និងរន្ធត់ចិត្តយ៉ាងខ្លាំង ចំពោះករណីចាប់ជំរិតទារប្រាក់មួយនៅខេត្តកណ្តាល ដែលបានបណ្តាលឱ្យកុមារីអាយុ ៥ឆ្នាំម្នាក់ បាត់បង់អាយុជីវិតយ៉ាងអាណោចអាធ័ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នារសៀលថ្ងៃទី១១ ខែឧសភា នាយ ពាក់មី បានសម្តែងនូវក្តីឈឺចាប់ក្នុងនាមជាឪពុកម្នាក់ ដែលមានកូនជាទីស្រលាញ់ ដោយលោកបានសរសេរថា “ក្នុងនាមខ្ញុំជាឪពុកម្នាក់ ដែលមានកូនជាទីស្រលាញ់ ខ្ញុំពិតជារន្ធត់ចិត្ត ឈឺចាប់ និងសោកស្តាយជាមួយឪពុកម្តាយក្មួយស្រីជាខ្លាំង”។

សាររបស់តារាកំប្លែងរូបនេះ បានធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ និងចូលរួមសម្តែងមតិអាណិតអាសូរ ចំពោះគ្រួសាររងគ្រោះ ខណៈមនុស្សជាច្រើនក៏បានបង្ហាញក្តីកង្វល់ចំពោះសុវត្ថិភាពកុមារ និងអំពើហិង្សាកាន់តែគួរឱ្យព្រួយបារម្ភក្នុងសង្គមបច្ចុប្បន្ន។

គួរជម្រាបដែរថា នារសៀលថ្ងៃនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក៏បានចេញមកបញ្ជាក់ពីមូលហេតុ និងដើមចមករណីខាងលើរហូតធ្វើឱ្យជនរងគ្រោះបាត់បង់ជីវិតផងដែរ ខណៈជនដៃដល់ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនដើម្បីអនុវត្តនិតិវិធីច្បាប់។

បើតាមរបាយការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ករណីនេះកើតឡើងនៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនដៃដល់ឈ្មោះ គីម វណ្ណា ស្ថិតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ របាយការណ៍ដដែលបញ្ជាក់ថា ជនដៃដល់ក៏ត្រូវជាពូសាច់ថ្លៃរបស់ជនរងគ្រោះផងដែរ។

របាយការណ៍ដដែលបញ្ជាក់ទៀតថា នៅរៀងរាល់ថ្ងៃសោរ៍ ឬថ្ងៃអាទិត្យ គ្រួសារជនរងគ្រោះតែងតែនាំជនរងគ្រោះចេញពីផ្ទះនៅក្រុងតាខ្មៅទៅលេងជីដូន ជីតា នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ដែលនៅទល់មុខគ្នាជាមួយផ្ទះជនសង្ស័យ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯង ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) ពិតប្រាកដមែន ដោយសារខឹងម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខ្ចីលុយពីម្តាយជនរងគ្រោះមិនបាន។

តាមរយៈសាររប​ស់ជនដៃដល់ដែលបានផ្ញើទៅឪពុកម្តាយកុមារីរងគ្រោះ ជនដៃដល់បានបង្ខំឲ្យពួកគេផ្ញើលុយចំនួន ១ម៉ឺនដុល្លារតាមវីងឲ្យខ្លួន ដោយទុកពេលត្រឹម១ម៉ោងប៉ុណ្ណោះ បើលើសម៉ោងកំណត់សូមរង់ចាំសពកូនស្រីចុះ ហើយជនដៃដល់ក៏បានគំរាមកុំប្រាប់រឿងនេះដល់នគរបាល និងអ្នកជិតខាងដែរ។

ក្រោយជួបហេតុការណ៍ដ៏រន្ធត់នេះ ឪពុកម្តាយក្មេងស្រីរងគ្រោះបានប្តឹងទៅកម្លាំងនគរបាលភ្លាមៗ ហើយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយនគរបាលមូលដ្ឋានបើកប្រតិបត្តិការ និងឈានដល់ការចាប់ខ្លួនជនដៃដល់ តែអកុសលក្មេងស្រីរងគ្រោះបានស្លាប់ទៅហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម