ជីវិតកម្សាន្ដ
ការណ៍ពិត អ្នកនិពន្ធរឿងខ្មោច “ម៉ែក្រឡាភ្លើង” ជាមនុស្សខ្លាច និងមិនចូលចិត្តមើលរឿងខ្មោច
ខណៈភាពយន្តខ្មែរ មិនសូវទទួលការចាប់អារម្មណ៍ខ្លាំងលើទីផ្សារក្នុងស្រុក ប៉ុន្តែ “ម៉ែក្រឡាភ្លើង” ជាចំណងជើងភាពយន្តខ្មែរ ដែលបានបំបែកកំណត់ត្រាលក់សំបុត្របានច្រើនជាងគេ លើសទាំងភាពយន្តហូលីវូដល្បីៗដូចជា រឿង Avatar ជាដើម ក្នុងរយៈពេល ២សប្ដាហ៍ដំបូង ក្នុងឆ្នាំ២០២៣។

ក្រឡាភ្លើង ជាឈ្មោះខ្មោចព្រាយមួយយ៉ាង ហៅថា ព្រាយក្រឡាភ្លើង តាមជំនឿខ្មែរបុរាណ ក្រឡាភ្លើងនេះ គឺជាការស្លាប់ទាំងម្ដាយទាំងកូនក្នុងពេលឆ្លងទន្លេ ឬសម្រាលកូន ដែលព្រាយក្រឡាភ្លើង មានការលងបន្លាចកាចសាហាវ។ ងាយមកចាប់អារម្មណ៍ចំពោះ អ្នកនិពន្ធរឿង ម៉ែក្រឡាភ្លើង នេះវិញ គឺជាយុវតី វ័យ ២៤ឆ្នាំ និងជាមនុស្សខ្លាច មិនមានចំណង់មើលភាពយន្តភ័យរន្ធត់នោះទេ។ ហេតុអ្វី យុវកវី រូបនេះ អាចនិពន្ធភាពយន្តកំសត់ និងបែបលងបន្លាច ឱ្យទស្សនិកជនស្រែកពេញរោងភាពយន្តបាន?

ឆ្លើយដោយសម្ដីទន់ភ្លន់ និងអឹមអៀនបន្តិចផង កញ្ញា ស៊ន ស្រីលីន បានឱ្យ “កម្ពុជាថ្មី” ដឹងថា សម្រាប់ការចាប់ឱកាសសរសេរភាពយន្តខ្នាតធំសម្រាប់បញ្ចាំងនៅរោងភាពយន្តមួយនេះ បានធ្វើឱ្យនាងមានអារម្មណ៍រំភើប និងដិតដាមអំឡុងពេលសរសេររឿងបុរាណនេះ ព្រោះវាជាសាច់រឿងបុរាណតែរសជាតិថ្មី និងមានអត្ថន័យខ្លាំងសម្រាប់នាងជាអ្នកនិពន្ធផ្ទាល់។ យ៉ាងណាក្ដី នាងក៏ជួបបញ្ហាមួយធំចៀសមិនផុត។

កញ្ញា ស៊ន ស្រីលីន បានបញ្ជាក់បន្ថែមថា៖ “បញ្ហាដែលខ្ញុំបានជួបនៅក្នុងរឿងនេះ គឺវាជាភាពយន្តរឿងខ្មោចដំបូងបំផុតដែលខ្ញុំបានចាប់ផ្ដើមសរសេរ។ ដូច្នេះខ្ញុំមានការពិបាក ក្នុងការបង្កើតឈុតឆាករន្ធត់នៅក្នុងរឿង។ ណាមួយខ្ញុំខ្លាចខ្មោច ហើយពីមុនមកអត់សូវហ៊ានមើលរឿងខ្មោច”។

ស្រីលីន លើកឡើងបន្តថា នៅពេលសរសេររឿង ម៉ែក្រឡាភ្លើង នេះ នាងខំជម្នះ ទោះបីខ្លាចខ្មោច ក៏ត្រូវខំស្រមៃរូបភាពឆាកខ្មោចលងឱ្យមាននៅខួរក្បាលសិន ដើម្បីបានយករូបភាពទាំងនោះមកសរសេរឆ្អឹងរឿង និងអត្ថបទភាពយន្ត។

កញ្ញា ស៊ន ស្រីលីន បញ្ជាក់បន្ថែម៖ “ហើយខ្ញុំក៏បានទៅសិក្សារៀនសូត្រពីរឿងខ្មោចដទៃ ដោយព្យាយាមមើលរឿងខ្មោចជាច្រើនរឿង ហើយបន្ទាប់មកខ្ញុំគិតថា រឿងខ្មោចរបស់ខ្ញុំ ធ្វើយ៉ាងណាពីមួយឆាកទៅមួយឆាក គឺត្រូវមានរសជាតិខុសប្លែកពីរឿងខ្មោចដទៃ”។

ខណៈភាពយន្តរឿង ម៉ែក្រឡាភ្លើង កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជន ស្រីលីន បានឱ្យដឹងថា តាមពិតទៅបន្ទាប់ពីសរសេររឿងនេះរួច នាងមិនហ៊ានរំពឹងទេថា រឿងនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ដោយសារ នាងគិតថា នេះជារឿងខ្មោចដំបូងរបស់ខ្លួន ដោយនាងគ្រាន់តែបានព្យាយាមធ្វើឱ្យល្អបំផុតប៉ុណ្ណោះ ប៉ុន្តែនាងបានរកឃើញចំនុចខ្វះខាតរបស់ខ្លួនចំពោះការសរសេររឿងនេះដែរ។

កញ្ញា ស៊ន ស្រីលីន មានបងប្អូនពីរនាក់ ស្រីទាំងពីរ នាងជាកូនស្រីច្បង នាងអត់ធ្លាប់មានឈាមជ័រជាអ្នកសិល្បៈ ឬជាអ្នកនិពន្ធពីមុនមកទេ។ ឪពុកម្ដាយជាកសិករ និងក៏ប្រកបអាជីវកម្មតិចតួចបន្ថែមទៀត។ នាងបានសិក្សាបញ្ចប់ជំនាញ វិស្វកម្មទឹកនិងបរិស្ថាន (GRU) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នៅឆ្នាំ២០២៣ នេះ។

គួរបញ្ជាក់ថា កញ្ញា ស៊ន ស្រីលីន ជាអតីត សិស្សពូកែខ្មែរថ្នាក់ទី៩ ចំណាត់ថ្នាក់លេខ៥ ទូទាំងប្រទេស ឆ្នាំ២០១៤ និងថ្នាក់ទី១២ ឆ្នាំ២០១៧ លេខ១ ទូទាំងខេត្តតាកែវ។ នាងចេះតែងនិពន្ធខ្លះៗកាលរៀននៅវិទ្យាល័យ ប៉ុន្តែអត់ដឹងពីរបៀបសរសេរឱ្យក្លាយទៅជាអត្ថបទភាពយន្តទេ។ លុះនៅចុង ឆ្នាំ២០១៩ នាងបានដាក់ពាក្យចូលធ្វើការនៅ សាស្ត្រាហ្វីម ក៏ទទួលបានការបណ្ដុះបណ្ដាលពី អគ្គនាយិកា អ្នកស្រី ប៊ុន ចាន់និមល។

ស្នាដៃនិពន្ធររយៈពេលជិត ៤ឆ្នាំមកនេះ ស្រីលីន បាននិពន្ធភាពយន្តជាច្រើន មានជាអាទិ៍ ដូចជាភាពយន្តខ្នាតធំ រឿង លួចស្រលាញ់អ្នកដទៃ រឿង រីករាយថ្ងៃកំណើត។ រឿងភាគខ្លីមាន រឿង ហៅទឹកភ្នែក រឿង បេសកកម្មបំភ្លេច EX ហើយចំពោះរឿងដែលនាងសរសេរតែអត្ថបទភាពយន្ត មានរឿង បដាចារ រឿង សង្សារខ្ញុំ រឿង គឺអ្នក រឿង អាក្រក់ ឬល្អក៏ស្រលាញ់ និងរឿងជាច្រើនទៀត ដែលរឿងទាំងនេះជាប្រភេទរឿង Exclusive series ដែលមានតែនៅក្នុង APP Sastra Film តែប៉ុណ្ណោះ។ ចំពោះខ្សែរឿងជីវិត មានដូចជា រឿង មនុស្សលោក រឿង ផ្កាយព្រឹក រឿង វាសនានាងហង្ស…។ ចំពោះរឿងភាគ មានដូចជា រឿង តាមដាន រឿង អ្នកម៉ាក់គ្មានកូន រឿង ព្រាននារីកែខ្លួន។ ចំណែកភាពយន្តជីវិតមាន រឿង ក្រមុំចាស់ រឿងហាមក្រ រឿង បែកតែមាត់ រឿង កូនខ្ញុំម៉េចមិនដូចកូនគេ និងរឿងច្រើនទៀតដែលសុទ្ធសឹងតែជារឿងមានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


