Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរពេទ្យកាស៊ីណូដំបូងគេលើលោក បើកដំណើរការនៅ ម៉ាកាវ

បានផុស

នៅ

ទីក្រុង ម៉ាកាវ នៃប្រទេសចិនត្រូវបានគេប្រៀបប្រដូចទៅនឹង Las Vegas របស់សហរដ្ឋអាមេរិក ដោយសារតែភាពស៊ីវិល័យនិងជាមជ្ឈមណ្ឌលលេងល្បែងដ៏ធំបំផុតមួយនៅលើពិភពលោក ហើយអ្វីដែលកាន់តែអស្ចារ្យនាពេលនេះ ម៉ាកាវបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញថែមមួយកម្រិតទៀត តាមរយៈការបើកដំណើរការមន្ទីរពេទ្យកាស៊ីណូដំបូងគេលើលោក។

កាស៊ីណូ Studio City (រូបថត៖ Melco Resorts)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ BBC នៅថ្ងៃពុធទី៨ខែតុលាឆ្នាំ២០២៥, មន្ទីរពេទ្យ iRad មានទំហំ ១ ៤០០ម៉ែត្រការ៉េ ស្ថិតនៅជាន់ទី២នៃកាស៊ីណូ Studio City ដែលគ្រប់គ្រងដោយក្រុមហ៊ុន Melco Resorts។

មន្ទីរពេទ្យនេះសាងសង់ឡើងក្រោមភាពជាដៃគូរវាងក្រុមហ៊ុន Melco និង iRad Medical Holding ដែលជាអ្នកផ្តល់សេវារោគវិនិច្ឆ័យឈានមុខមានមូលដ្ឋាននៅទីក្រុងហុងកុង។

វាគឺជាមន្ទីរពេទ្យទី១លើលោក ដែលត្រូវបានរួមបញ្ចូលទៅក្នុងកាស៊ីណូ ហើយវាផ្តល់ជូននូវសេវាកម្មវិនិច្ឆ័យរោគកម្រិតខ្ពស់ដូចជាការស្កែន MRI និងការស្កែន CT ជាដើម។ វាក៏បំពាក់នូវឧបករណ៍ថតកាំរស្មី X និង Ultrasound ​ផងដែរ។ 

 (រូបថត៖ Melco Resorts)

លើសពីនេះ មន្ទីរពេទ្យថែមទាំងមានបន្ទប់វះកាត់ ការិយាល័យវេជ្ជបណ្ឌិត មន្ទីរពិសោធន៍ និងផ្នែកផ្សេងៗទៀតផង។ ដូច្នេះបានន័យថា ទេសចរអាចមកទីនេះ ដើម្បីមើលជំងឺក៏បាន ឬលេងល្បែងក៏បាន។

ក្រុមហ៊ុន Melco Resorts បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា គំនិតច្នៃបង្កើតនេះ គឺមានគោលបំណងទាក់ទាញភ្ញៀវទេសចរក្នុងតំបន់និងបរទេស ដោយលើកទឹកចិត្តឲ្យមានការស្នាក់នៅបានយូរ និងការចំណាយខ្ពស់នៅក្នុងកាស៊ីណូនិងទីក្រុងនេះ។

លោក Dennis Tam ប្រធានកិត្តិយសមន្ទីរពេទ្យ iRad លើកឡើងថា ម៉ាកាវ ដែលទាក់ទាញភ្ញៀវទេសចរជិត៤០លាននាក់ក្នុងមួយឆ្នាំៗ តែងផ្តល់ឱកាសដែលមិនអាចប្រៀបផ្ទឹមបាន ដើម្បីក្លាយជាគោលដៅនាំមុខគេសម្រាប់ទេសចរណ៍វេជ្ជសាស្រ្ត។ គម្រោងមន្ទីរពេទ្យ​នេះ គឺសមនឹងផែនការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ម៉ាកាវ។

សូមជម្រាបថា កេរ្តិ៍ឈ្មោះម៉ាកាវ ចាប់ផ្តើមល្បីរន្ទឺនៅដើមទសវត្សរ៍ឆ្នាំ២០០០ ពេលដែលអាជ្ញាធរបើកទីផ្សារល្បែង ដល់ប្រតិបត្តិករកាស៊ីណូទូទាំងពិភពលោក។ ចាប់តាំងពីពេលនោះមក វាបានវ៉ាដាច់ Las Vegas ក្នុងការរកប្រាក់ចំណូលពីការលេងល្បែង ហើយ ម៉ាកាវ ក៏តស៊ូពង្រីកសេដ្ឋកិច្ចរបស់ខ្លួនលើសពីការកម្សាន្ត។

ដូចនេះ គោលដៅចម្បងរបស់មន្ទីរពេទ្យ iRad គឺផ្តោតលើទេសចរដែលចំណាយខ្ពស់ ជាពិសេសអ្នកមកពីចិនដីគោក និងអាស៊ីអាគ្នេយ៍៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន ប្រកាសធ្វើសមយុទ្ធយោធាថ្មីជាមួយហុងកុង និងម៉ាកាវ នៅសមុទ្រខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម