Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី សរសើរបទឈប់បាញ់​ហ្គាហ្សា ហើយ​ថា​វា​ជា​ក្ដី​សង្ឃឹម​សម្រាប់​អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្វាគមន៍បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសថាជាការអភិវឌ្ឍ«ដ៏​អស្ចារ្យ» ដែលផ្តល់ក្តីសង្ឃឹមជាថ្មីសម្រាប់ការបញ្ចប់សង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយបង្ហាញសុទិដ្ឋិនិយមថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អាចចម្លងជោគជ័យសន្តិភាពមជ្ឈិមបូព៌ារបស់គាត់នៅអឺរ៉ុបខាងកើត។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទ​ទី​១៣​ខែតុលា​​​នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «នៅពេលដែលសន្តិភាពត្រូវបានសម្រេចសម្រាប់ផ្នែកមួយនៃពិភពលោក វានាំមកនូវក្តីសង្ឃឹមកាន់តែច្រើនសម្រាប់សន្តិភាពនៅក្នុងតំបន់ផ្សេងទៀត»។ លោកបានបន្ថែមថា «បើបទឈប់បាញ់ និងសន្តិភាពត្រូវបានសម្រេចសម្រាប់មជ្ឈិមបូព៌ា ភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តរបស់តួអង្គពិភពលោកពិតជាអាចដំណើរការសម្រាប់ពួកយើងផងដែរនៅក្នុងអ៊ុយក្រែន»។

រដ្ឋបាលរបស់លោក ត្រាំ បានជោគជ័យលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសកាលពីសប្តាហ៍មុន ដោយបញ្ចប់ជម្លោះដ៏សាហាវជាងពីរឆ្នាំនៅក្នុងតំបន់ហ្គាហ្សា។ កិច្ចព្រមព្រៀងដែលទទួលបានការសាទរដោយមេដឹកនាំពិភពលោកជាច្រើន ឥឡូវនេះបានបង្ក​ឲ្យ​មានការរំពឹងទុកអំពីថាតើប្រធានាធិបតីអាមេរិកអាចពង្រីកការជំរុញការទូតរបស់គាត់ចំពោះអ៊ុយក្រែន និងរុស្ស៊ីដែរឬទេ។

លោក ដូណាល់​ ត្រាំ​ (រូបថត៖ Reuters)

លោក ត្រាំ បានអះអាងម្តងហើយម្តងទៀតថា លោកអាចបញ្ចប់សង្គ្រាមអ៊ុយក្រែន ទោះបីជាមានការចរចាជាច្រើនជុំ និងកិច្ចប្រជុំកំពូលកម្រិតខ្ពស់ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ក៏ដោយ ក៏មិនទាន់មានរបកគំហើញណាមួយត្រូវបានសម្រេចនៅឡើយទេ។

ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោក ត្រាំ បានរិះគន់ជាសាធារណៈ​ចំពោះគោលជំហររបស់លោក ពូទីន ដោយនិយាយថា លោកជឿថា អ៊ុយក្រែនអាចទាមទារយកមកវិញនូវទឹកដីទាំងអស់ដែលរុស្ស៊ី​រឹបអូសបាន ចាប់តាំងពីការ​កាត់​បញ្ចូលឧបទ្វីបគ្រីមៀ​ក្នុងឆ្នាំ២០១៤។

ទីក្រុងមូស្គូបច្ចុប្បន្នកាន់កាប់ប្រហែល ២០% នៃទឹកដីអ៊ុយក្រែន រួមទាំងផ្នែកធំនៃភាគខាងកើត និងខាងត្បូងរបស់ប្រទេស។

ទន្ទឹមនឹងនេះ អធិការបតីអាល្លឺម៉ង់ Friedrich Merz បានជំរុញ​ឲ្យ​លោក ត្រាំ ប្រើប្រាស់សន្ទុះការទូតពីបទឈប់បាញ់​ហ្គាហ្សា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅអ៊ុយក្រែន។ លោក Merz បាននិយាយនៅក្នុងប្រទេសអេហ្ស៊ីបជាកន្លែងដែលមេដឹកនាំពិភពលោករួមទាំងលោក ត្រាំ កំពុងចូលរួមកិច្ចប្រជុំកំពូលដែលមានគោលបំណងពង្រឹងកិច្ចខិតខំប្រឹងប្រែងសន្តិភាពពិភពលោកថា «យើងក៏សង្ឃឹមថា ប្រធានាធិបតីអាមេរិកឥឡូវនេះនឹងប្រើឥទ្ធិពលដែលគាត់បានប្រើលើភាគីដែលពាក់ព័ន្ធនៅមជ្ឈិមបូព៌ា ដើម្បីធ្វើការជាមួយយើងលើរដ្ឋាភិបាលរុស្ស៊ី»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម