Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះភ្លៀងវាយប្រហារ៧ខេត្ត នៅភាគខាងត្បូងថៃ បន្ថែមពីលើទឹកជំនន់ ដែលបង្កទុក្ខវេទនាស្រាប់ទៅហើយ 

បានផុស

នៅ

ខេត្តថៃចំនួន៧នៅភាគខាងត្បូង ត្រូវរងការវាយប្រហារចាស់ដៃដោយព្យុះភ្លៀងយ៉ាងធ្ងន់ធ្ងរ ខណៈតំបន់នោះបានប្រកាសអាសន្នគ្រោះទឹកជំនន់រួចទៅហើយ។

ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ (រូបថត៖ Reuters)

តាមការផ្សាយរបស់ Khaosod នៅថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ ព្យុះភ្លៀងនៅខេត្ត Phatthalung, Songkhla, Pattani, Yala, Narathiwat, Trang និង Satun នឹងបង្កទុក្ខលំបាកដល់ពលរដ្ឋបន្ថែមពីលើភាពវេទនាដោយទឹកជំនន់ ដែលសាហាវមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត៣០០ឆ្នាំ។

ព្យុះនេះកើតឡើង ស្របពេលក្រុមជួយសង្គ្រោះបានរកឃើញមនុស្សស្លាប់ចំនួន១៣នាក់ហើយ ប៉ុន្តែបារម្ភថា តួលេខនឹងបន្តកើនឡើងព្រោះនៅមានមនុស្សច្រើននាក់ទៀត កំពុងបាត់ខ្លួន។ ករណីស្លាប់ភាគច្រើន កើតចេញពីការឆក់ចរន្តអគ្គិសនីនិងគ្រោះថ្នាក់ដែលទាក់ទងនឹងទឹកជំនន់។

ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ (រូបថត៖ Reuters)

ទីក្រុង Hat Yai នៃខេត្ត Songkhla ជាកន្លែងប៉ះពាល់ខ្លាំងជាងគេ ដោយទីនោះទឹកជំនន់បានលិចដល់ជាន់ទីមួយនៃអគារ បង្ខំឲ្យអ្នកខ្លះដេកលើដំបូលផ្ទះរង់ចាំការសង្គ្រោះ រីឯអ្នកខ្លះទៀតត្រូវតោងបង្គោលភ្លើងស្តុបនិងខ្សែភ្លើងដើម្បីគេចពីសេចក្តីស្លាប់។

ក្រៅពីមនុស្សស្លាប់, ប្រជាជនជិត​២លាននាក់ទៀតបានរងផលប៉ះពាល់រីឯរាប់ម៉ឺននាក់ត្រូវជម្លៀស នៅខេត្ត​ចំនួន​១០​ បន្ទាប់ពីភ្លៀងមូសុងបានធ្លាក់ចុះយ៉ាងគំហុកអស់ជាច្រើនថ្ងៃ។

ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ (រូបថត៖ Reuters)

អាជ្ញាធរបានប្រកាសស្រុកទាំង១៦នៅក្នុងខេត្ត Songkhla ថាជាតំបន់គ្រោះមហន្តរាយ។ ទឹកជំនន់បានលិចលង់ផ្ទះសម្បែង តំបន់ពាណិជ្ជកម្ម និងផ្លូវសំខាន់ៗ។ ក្រុម​រថយន្តដឹកទំនិញ និងរថយន្តក្រុងយ៉ាងវែង បានតម្រង់ជួរតាមបណ្តោយផ្លូវដែលអាចធ្វើដំណើរបាន។

ស្រុក​ Na Thawi ក្នុងខេត្ត Songkhla នៅតែជាតំបន់រងគ្រោះខ្លាំងបំផុត ដោយឃុំទាំង១០ និងភូមិចំនួន៩២ ត្រូវទឹកជន់លិច ប៉ះពាល់ដល់ពលរដ្ឋ​ជាង ១៥ ០០០​គ្រួសារ និងមនុស្សជាង ៥០ ០០០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម