Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ដ៏​អាក្រក់​៣០០ឆ្នាំជួប​​ម្ដង​នៅ​ថៃ សម្លាប់មនុស្សអស់​១៣នាក់ហើយ

បានផុស

នៅ

ភាគខាងត្បូងប្រទេសថៃកំពុងប្រឈមមុខនឹង​គ្រោះ​ទឹកជំនន់ដ៏មហន្តរាយបំផុត​ក្នុងរយៈពេលជាងបីសតវត្សរ៍ ដោយមនុស្សយ៉ាងហោចណាស់១៣នាក់ត្រូវបានបញ្ជាក់ថា​ស្លាប់ និងប្រជាជនជិត​២លាននាក់រងផលប៉ះពាល់នៅខេត្ត​ចំនួន​១០​ បន្ទាប់ពីភ្លៀងមូសុងបានធ្លាក់ចុះយ៉ាងគំហុកអស់ជាច្រើនថ្ងៃ។ នេះ​បើយោង​តាម​របាយការណ៍​របស់​ទីភ្នាក់ងារព័ត៍មាន​ Reuters គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានប្រកាសស្រុកទាំង១៦នៅក្នុងខេត្តសុងក្លា (Songkhla) ថាជាតំបន់គ្រោះមហន្តរាយ បន្ទាប់ពីស្រុកហាដយ៉ៃ (Hat Yai) បានកត់ត្រាបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងមួយថ្ងៃ​មិន​ធ្លាប់​មាន​ក្នុងរយៈពេល ៣០០ឆ្នាំ។ ទឹកជំនន់បានលិចលង់ផ្ទះសម្បែង តំបន់ពាណិជ្ជកម្ម និងផ្លូវសំខាន់ៗ។ ក្រុម​ឡានដឹកទំនិញ និងឡានក្រុងយ៉ាងវែង បានតម្រង់ជួរតាមបណ្តោយផ្លូវដែលនៅសល់ដែលអាចធ្វើដំណើរបាន ខណៈដែលប្រជាជនបានប្រើប្រាស់អាងប្លាស្ទិក និងក្បូនច្នៃដើម្បីដឹកជញ្ជូនកុមារ និងសម្ភារៈសំខាន់ៗទៅកាន់កន្លែងមានសុវត្ថិភាព។

ស្រុកណាថាវី (Na Thawi) ក្នុងខេត្តសុងក្លានៅតែជាតំបន់ដែលរងគ្រោះខ្លាំងបំផុត ដោយឃុំទាំង១០ និងភូមិចំនួន៩២ ត្រូវបានជន់លិច ដោយប៉ះពាល់ដល់ពលរដ្ឋ​ជាង ១៥ ០០០​គ្រួសារ និងមនុស្សជាង ៥០ ០០០នាក់។ អាជ្ញាធរខេត្តបានរាយការណ៍ថា ការស្លាប់ភាគច្រើនទាំង១៣​ករណីនេះ កើតចេញពីការឆក់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ដែលទាក់ទងនឹងទឹកជំនន់។

នៅទូទាំងតំបន់ភាគខាងត្បូង រួមទាំងខេត្ត Pattani, Yala, Narathiwat, Nakhon Si Thammarat, Phatthalung, Trang, Krabi, Surat Thani, និង Satun ផងដែរ ទឹកជំនន់បានបំផ្លាញភូមិច្រើនជាង ៤ ១០០​ភូមិ នេះបើយោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ។ ផ្ទះសម្បែង ដីស្រែចម្ការ និងផ្លូវសំខាន់ៗនៅតែលិចលង់ ខណៈ​ការរំខានដល់ការផ្គត់ផ្គង់ទឹកស្អាត​បានបន្ថែមសម្ពាធលើសហគមន៍មូលដ្ឋាន។

អ្វី​ដែល​រឹត​​​តែ​ចាប់​អារម្មណ៍​​ខ្លាំង​គឺ​ថា កងទ័ពជើងទឹកភូមិន្ទថៃ (RTN) កំពុងដាក់ពង្រាយនាវាដ៏ធំ​បំផុតរបស់ខ្លួន គឺនាវា HTMS Chakri Naruebet រួម​ជាមួយ​ឧទ្ធម្ភាគចក្រពីរគ្រឿង និងក្រុមប្រតិបត្តិការពិសេស ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងតំបន់ភាគខាងត្បូង។ នាវានេះកំពុងចាកចេញពីមូលដ្ឋានទ័ពជើងទឹកសាត់តាហ៊ីប (Sattahip) ជាមួយក្រុមគ្រូពេទ្យ អង្គភាពផ្ទះបាយចល័ត សម្ភារៈសង្គ្រោះ និងបរិក្ខារសង្គ្រោះ ខណៈដែលអាជ្ញាធរកំពុងប្រណាំងប្រជែងនឹងពេលវេលាដើម្បីទៅជួយពលរដ្ឋដែលជាប់គាំង។ កងទ័ពជើងទឹកភូមិន្ទថៃបានបន្ថែម​ថា នាវាបន្ថែមទៀតគឺនាវា HTMS Chang និង HTMS Ang Thong ក៏​ត្រៀមខ្លួនរួចរាល់ក្នុងការដាក់ពង្រាយជាជំនួយដំណាក់កាលទីពីរ​ផង​ដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម