ព័ត៌មានអន្ដរជាតិ
របបសឹកមីយ៉ាន់ម៉ាបន្តជំរុញការបោះឆ្នោត ទោះបីជាសង្គ្រាមស៊ីវិលកំពុងឆាបឆេះយ៉ាងខ្លាំងក៏ដោយ
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងបន្តដំណើរការឆ្ពោះទៅរកការបោះឆ្នោតសកលដែលមានច្រើនដំណាក់កាល ដោយចាប់ផ្តើមនៅចុងខែធ្នូឆ្នាំ២០២៥នេះ ពោលគឺជិតប្រាំឆ្នាំបន្ទាប់ពីការដណ្តើមអំណាចតាមរយៈរដ្ឋប្រហារ ទោះបីជាមានសង្គ្រាមស៊ីវិលកំពុងបន្ត និងមានការបដិសេធយ៉ាងច្រើនចំពោះការបោះឆ្នោតនេះពីសំណាក់ក្រុមប្រឆាំង និងអ្នកសង្កេតការណ៍អន្តរជាតិក៏ដោយ។

បើតាមសារព័ត៌មាន Britannica និង Strait Times ការបោះឆ្នោតជុំទីមួយត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៥ គ្របដណ្តប់លើក្រុងចំនួន១០២ បន្ទាប់មកដំណាក់កាលទីពីរនៅថ្ងៃទី១១ខែមករាឆ្នាំ២០២៦ ក្នុងក្រុងចំនួន១០០។ ដំណាក់កាលទីបីដែលអាចកើតមាន អាចនឹងធ្វើឡើងនៅថ្ងៃទី២៥ខែមករា ទោះបីជាអាជ្ញាធរមិនទាន់បានកំណត់ច្បាស់លាស់អំពីមណ្ឌលបោះឆ្នោតដែលពាក់ព័ន្ធក៏ដោយ។ របបសឹកបានទទួលស្គាល់ថា ការបោះឆ្នោតនឹងមិនត្រូវបានធ្វើឡើងនៅក្នុងមណ្ឌល ដែលភាគច្រើនជាតំបន់គ្រប់គ្រងដោយកងកម្លាំងតស៊ូ និងក្រុមប្រដាប់អាវុធជនជាតិភាគតិចនោះទេ។
ការបោះឆ្នោតនេះ ត្រូវបានគេរិះគន់យ៉ាងខ្លាំងថាជាការប៉ុនប៉ងដើម្បីធ្វើឲ្យការបន្តគ្រប់គ្រងរបស់យោធាក្លាយជាស្របច្បាប់ បន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតលើកមុន ត្រូវបានរំលាយចោលបន្ទាប់ពីបដិសេធចុះឈ្មោះក្រោមច្បាប់បោះឆ្នោតថ្មីដ៏តឹងរ៉ឹង។ គណបក្សប្រឆាំងធំៗមួយចំនួនទៀតក៏ត្រូវបានហាមឃាត់ផងដែរ។
យោងតាមអាជ្ញាធរបបសឹក មានគណបក្សនយោបាយសរុបចំនួន៥៧ និងបេក្ខជនឯករាជ្យមួយចំនួនបានចុះឈ្មោះចូលរួមប្រកួតប្រជែង។ ការបោះឆ្នោតនេះ ត្រូវបានរំពឹងថានឹងគ្រប់គ្រងដោយគណបក្សសាមគ្គីភាព និងការអភិវឌ្ឍន៍សហភាព (USDP) ដែលគាំទ្រដោយយោធា ដែលបានដាក់បេក្ខជនច្រើនជាង ១០០០នាក់ ដែលជាចំនួនច្រើនបំផុតដាច់គេ។
មានតែគណបក្សចំនួនប្រាំមួយប៉ុណ្ណោះដែលនឹងប្រកួតប្រជែងនៅទូទាំងប្រទេស រួមមានគណបក្ស USDP គណបក្សសាមគ្គីភាពជាតិ និងក្រុមតូចៗមួយចំនួនទៀត។ គណបក្សដែលនៅសេសសល់ភាគច្រើនជាអង្គការជនជាតិភាគតិច ឬក្នុងតំបន់ដែលមានការប្រកួតប្រជែងតិច ដែលអ្នកវិភាគនិយាយថា មិនទំនងជាអាចបង្កការប្រឈមធ្ងន់ធ្ងរដល់បេក្ខជនដែលមានការគាំទ្រដោយយោធានោះទេ។

រដ្ឋធម្មនុញ្ញរបស់មីយ៉ាន់ម៉ាបានរក្សាទុកអាសនៈសភា២៥% សម្រាប់យោធារួចជាស្រេចទៅហើយ ហើយការផ្លាស់ប្តូរថ្មីៗចំពោះប្រព័ន្ធបោះឆ្នោត ដោយការដាក់បញ្ចូលគំរូសមាមាត្រចម្រុះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការផ្តល់ផលចំណេញដល់របបសឹក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
យោងតាមក្រុមសិទ្ធិមនុស្ស ការបោះឆ្នោតនេះត្រូវបានធ្វើឡើងចំពេលមានសង្គ្រាមស៊ីវិលដ៏សាហាវដែលបានសម្លាប់មនុស្សប្រហែល ៩០ ០០០នាក់ និងធ្វើឲ្យមនុស្សជាង ៣,៦លាននាក់ភៀសខ្លួន។ ការវាយប្រហារតាមអាកាសលើគោលដៅស៊ីវិល រួមទាំងមន្ទីរពេទ្យផងនោះ នៅតែបន្តកើតមាន។ របបសឹកក៏បានបង្កើនការបង្ក្រាបលើអ្នកផ្ទុយមតិ ដោយបានកាត់ទោសមនុស្សជាង ២០០នាក់ពីបទចោទប្រកាន់ថាបានរំខានដល់ការបោះឆ្នោត និងកំពុងឃុំខ្លួនអ្នកទោសនយោបាយប្រហែល ២២ ០០០នាក់។
ក្រុមគាំទ្រប្រជាធិបតេយ្យ រួមទាំងកងកម្លាំងតស៊ូ និងអង្គការប្រដាប់អាវុធជនជាតិភាគតិច បានប្តេជ្ញាបើកយុទ្ធនាការធ្វើពហិការមិនចូលរួមការបោះឆ្នោតនេះ ដោយហៅវាថាជា «ល្បែងបន្លំភ្នែក» ដែលរៀបចំឡើងដើម្បីពង្រឹងអំណាចយោធា។ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងរដ្ឋាភិបាលបស្ចិមប្រទេសជាច្រើនបានលើកឡើងថា ការបោះឆ្នោតនេះនឹងមិនមានសេរីភាព ឬយុត្តិធម៌នោះឡើយ ហើយវាប្រឈមនឹងការបង្កឲ្យមានអំពើហិង្សាកាន់តែខ្លាំងឡើង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


