Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកសភារុស្ស៊ី ប្រាប់ឲ្យពូទីន បាញ់នុយក្លេអ៊ែរ ​សងសឹកអាមេរិក ដែលរឹបអូសនាវាដឹកប្រេង

បានផុស

នៅ

ក្រោយការរឹបអូសនាវាដឹកប្រេងរុស្ស៊ី ដោយអាមេរិកដែលមានទាំងការប្រកាសចូលដៃពីចក្រភពអង់គ្លេសផងនោះ ធ្វើឲ្យកម្តៅស្ថានការណ៍ពិភពលោកកាន់តែក្តៅ ដល់ថ្នាក់ពេលនេះ មានទាំងការជំរុញឲ្យមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ឆ្លើយតបដោយអាវុធនុយក្លេអ៊ែរទៀតផង។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)

ការព្រមានប្រើពាក្យខ្លាំងៗនេះគឺចេញពីមាត់សមាជិកសភា Alexei Zhuravlev ដែលជំរុញឲ្យលោកពូទីន បាញ់មីស៊ីលនុយក្លេអ៊ែរពន្លិចនាវាឆ្មាំអាមេរិកនិងអង់គ្លេសវិញទៅ ដើម្បីសងសឹក។

តាមការផ្សាយរបស់ Daily Star កាលពីថ្ងៃសុក្រទី៩ខែមករាឆ្នាំ២០២៦ លោក Zhuravlev ប្រតិកម្មទាំងកំហឹងថា៖ «ច្បាស់ណាស់ វាគឺជាអំពើចោរកម្មដ៏កំរោល ដែលជាការរឹបអូសយកនាវាស៊ីវិលដោយកម្លាំងប្រដាប់អាវុធនៃកងទ័ពជើងទឹកអាមេរិក។ និយាយទៅ វាគឺដូចនឹងការរំលោភបំពានលើទឹកដីរុស្ស៊ីអញ្ចឹងដែរ ព្រោះតែនាវាដឹកប្រេងនេះ កំពុងធ្វើដំណើរក្រោមទង់ជាតិរបស់យើង។ គ្មានអ្វីត្រូវសង្ស័យឡើយ ការឆ្លើយតបត្រូវតែម៉ឺងម៉ាត់និងរហ័សបំផុត ហើយក្នុងករណីបែបនេះ គោលការណ៍យោធារបស់យើង អាចអនុញ្ញាតឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរបាន»។

មីស៊ីលរុស្ស៊ី (រូបថត៖ Reuters)

ចំណែកសមាជិកសភាម្នាក់ទៀត គឺលោក Andrey Gurulev ក៏ព្រមានខ្លាំងៗដែរថា៖ «គ្មានអ្វីអាចមករារាំងយើង មិនឲ្យដាក់ទណ្ឌកម្មលើគ្រប់នាវា ដែលសំដៅទៅកាន់កំពង់ផែសមុទ្រខ្មៅ ដូចជា Odesa និង Mykolaiv នោះទេ។ យើងអាចបញ្ឈប់ ត្រួតពិនិត្យ ហើយតាមពិតទៅ គឺថែមទាំងអាចបាញ់ពន្លិចពួកគេចោលទៀតផង ប្រសិនបើមានចំណុចណាមួយដែលយើងមិនពេញចិត្ត»។

ទន្ទឹមនោះ មេទ័ពបម្រុងរូបនេះបានជំរុញឲ្យលោកពូទីន ប្រើប្រាស់ប្រព័ន្ធមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដូចជាប្រភេទ Oreshnik ដើម្បីវាយប្រហារលើទីតាំងផលិតមីស៊ីលរបស់ប្លុកលោកខាងលិច។

នាវាដឹកប្រេងរុស្ស៊ី (រូបថត៖ Reuters)

សូមជម្រាបជាថ្មី បើយោងតាមសេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណ, នាវាដឹកប្រេង Marinera ឬមានឈ្មោះពីមុនថា Bella 1 ត្រូវបានរឹបអូសនៅក្នុងដែនទឹកក្បែរប្រទេសស្កុតឡែន ព្រោះវាបានបំពានទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ អាមេរិក បានរឹបអូសនាវានោះ ព្រោះតែវាព្យាយាមគេចពីទណ្ឌកម្ម ហើយដឹកប្រេងឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានប្រតិកម្មទៅរឿងនេះម្តងរួចមកហើយ ដោយបញ្ជាក់ថា នាវាទទួលបានលិខិតអនុញ្ញាតបណ្ដោះអាសន្នឲ្យដោតទង់ជាតិរុស្ស៊ី កាលពីថ្ងៃទី ២៤ ខែធ្នូ។ ជាក់ស្តែង សហរដ្ឋអាមេរិក បានរំលោភលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលធានានូវសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងដែនទឹកអន្តរជាតិ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម