Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វីអាមេរិក មិនចេញមុខជួយអ៊ីស្រាអែល នៅពេលអ៊ីរ៉ង់ វាយប្រហារ លើកនេះ?

បានផុស

នៅ

កាលពីថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ អ៊ីរ៉ង់-អ៊ីស្រាអែល បានបាញ់តដៃគ្នាមួយប្រាវ ដោយភ្លាមៗនោះ គេបារម្ភថា សង្គ្រាមមជ្ឈិមបូព៌ា ទំនងឈានដល់កម្រិតពិបាកគ្រប់គ្រង ទៀតហើយ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

យ៉ាងណា ស្ថានការណ៍ហាក់ប្រសើរឡើងវិញ ក្រោយភាគីទាំងពីរ ឯកភាពផ្អាកប្រយុទ្ធ ប៉ុន្តែក៏ដាក់ខសន្យាដែរថា បើភាគីណាមួយរំលោភបទឈប់បាញ់ ការវាយប្រហារជាថ្មី នឹងផ្ទុះឡើង ជាក់ជាមិនខាន។

បើនិយាយពីពេលផ្ទុះអាវុធ, ដ្បិតលេចឮព័ត៌មានថា អាមេរិក លួចជួយអ៊ីស្រាអែល បាញ់ទម្លាក់និងស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ ពិតមែន ប៉ុន្តែការប្រយុទ្ធលើកនេះ ទីក្រុងវ៉ាស៊ីនតោន ហាក់ដូចជាមិនសូវចេញមុខដោយចំហ គាំទ្រសម្ព័ន្ធមិត្តដ៏ស្អិតរមួតរបស់ខ្លួនឡើយ។

កត្តានេះហើយ ធ្វើឲ្យមានការចោទជាសំណួរថា ហេតុអ្វីសមរភូមិប្រយុទ្ធលើកនេះ អាមេរិក បែរជានៅស្ងៀម មិនព្រមចេញមុខជួយអ៊ីស្រាអែល ដូចលើកមុនៗអ៊ីចឹង?

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (រូប៖ Reuters)

យោងតាមអត្ថបទ ដែលផ្សាយលើគេហទំព័រ របស់វិទ្យាស្ថានសិក្សាសង្គ្រាម កាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦, មូលហេតុចម្បង ដែលអាមេរិក សម្រេចចិត្ត មិនចូលរួមជួយអ៊ីស្រាអែល ក្នុងការវាយបកទៅលើអ៊ីរ៉ង់វិញចំៗលើកនេះ គឺដោយសារតែលោក ត្រាំ ចង់ដើរតួជា អ្នកសម្របសម្រួលសន្តិភាព និងដើម្បីការពារកិច្ចព្រមព្រៀងឈប់បាញ់ កុំឲ្យរលាយទាំងស្រុង។

លោក ត្រាំ ថ្លែងថា អាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតក្នុងដំណាក់កាល ជិតជោគជ័យហើយ នៃការឈប់បាញ់គ្នា និងឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពដ៏ល្អមួយ ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃខាងមុខ។

Al Jazeera ផ្សាយថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យបើក ច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីសម្រួលដល់តម្លៃប្រេងពិភពលោក ដែលកំពុងរង្គោះរង្គើ។ ដូច្នេះ អាមេរិកមិនចង់ឲ្យអ៊ីស្រាអែល បង្កសង្គ្រាមធំ ធ្វើឲ្យខូចផែនការនេះឡើយ។

មីស៊ីលអ៊ីរ៉ង់ វាយប្រហារអ៊ីស្រាអែល (រូប៖ Reuters)

ម្យ៉ាង អ្នកវិភាគលើកឡើងថា ទំនាក់ទំនងរវាងលោកត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងល្អកកករ។ តាមសេចក្តីរាយការណ៍ពីសារព័ត៌មានអន្តរជាតិ លោក ត្រាំ បានព្រមានលោក ណេតាន់យ៉ាហ៊ូ ខ្លាំងៗថា ប្រសិនបើអ៊ីស្រាអែល នៅតែបន្តរករឿងវាយអ៊ីរ៉ង់ទៀត នោះ អ៊ីស្រាអែល ប្រហែលត្រូវតស៊ូតែម្នាក់ឯងហើយ, កងទ័ពអាមេរិក អត់ជួយជ្រោមជ្រែងទៀតទេ។

ទោះបែបនេះ អ្នកជំនាញអះអាងថា យ៉ាងណា អាមេរិក ក៏មិនបោះបង់ចោលសម្ព័ន្ធមិត្តនេះដែរ គ្រាន់តែបង្ខំឲ្យអ៊ីស្រាអែល ព្រមឈប់បាញ់សិន និងទុកឱកាសឲ្យលោកត្រាំ បញ្ចប់សង្គ្រាមតាមផ្លូវការទូតជាមួយអ៊ីរ៉ង់ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម