Connect with us

ព័ត៌មានអន្ដរជាតិ

ជំហានថ្មីនៃសង្គ្រាមបច្ចេកវិទ្យា៖ អាមេរិកដាក់ Alibaba, Baidu, BYD និង Nio ក្នុង «បញ្ជីក្រុមហ៊ុនយោធាចិន»

បានផុស

នៅ

ក្នុងជំហានថ្មីនៃសង្រ្គាមបច្ចេកវិទ្យា សហរដ្ឋអាមេរិក​បានដាក់បញ្ចូលក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស​ចិន Alibaba ក្រុមហ៊ុន​​អ៊ិនធឺរណិត​ Baidu ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD និង Nio និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត ទៅក្នុង «បញ្ជីក្រុមហ៊ុន​យោធាចិន» របស់មន្ទីរបញ្ចកោណ​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជី​រាយនាមក្រុមហ៊ុន​ថ្មី ដែល​ជំនួស​ឱ្យបញ្ចីចាស់​ចេញផ្សាយនៅដើមឆ្នាំ ២០២៥ ​ត្រូវបាន​ដាក់ចេញកាលពីថ្ងៃចន្ទ ពោលគឺតិចជាង ១ ខែ​ ​បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បានជួបជាមួយប្រធានាធិបតីចិន លោក​ ស៊ី ជីនពីង នៅទីក្រុងប៉េកាំង កាលពីខែមុន ដែលកាលនោះ មេដឹកនាំទាំង២ ​បាន​ព្រម​គ្នា​រក្សា​បទ​ឈប់បាញ់សង្គ្រាមពាណិជ្ជកម្ម​រវាងប្រទេសទាំងសងខាង។

ការកំណត់ថ្មី​របស់មន្ទីរបញ្ចកោណ ក៏រួមបញ្ចូលទាំងក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ CXMT និង YMTC ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ WuXi AppTec ក្រុមហ៊ុនមនុស្សយន្ត RoboSense និង Unitree ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាចិនជាច្រើនទៀតផងដែរ​។ ​ការបោះជំហានបែបនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់​អាមេរិក​លើយុទ្ធសាស្ត្របញ្ចូលគ្នារវាងយោធា-ស៊ីវិលរបស់ចិន និងកិច្ចខិតខំប្រឹងប្រែងមហាអំណាចអាស៊ីមួយនេះក្នុងការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងឧស្សាហកម្មរបស់ខ្លួន។

ក្រុមហ៊ុននៅក្នុង «បញ្ជី​ក្រុមហ៊ុនយោធាចិន» មិនស្ថិតនៅក្រោមទណ្ឌកម្មដោយផ្ទាល់ទេ ប៉ុន្តែ​ច្បាប់អាមេរិកហាមឃាត់ក្រសួងការពារជាតិរបស់ខ្លួនពីការចុះកិច្ចសន្យាផ្សេងៗជាមួយក្រុមហ៊ុនទាំងនោះ ហើយ​ចាប់ពីឆ្នាំ ២០២៧ តទៅ ​មន្ទីរបញ្ចកោណក៏​រងការហាមឃាត់មិនឱ្យទិញផលិតផល ឬសេវាកម្មរបស់​ក្រុមហ៊ុនទាំងនោះ ​តាមរយៈភាគីទី៣ផងដែរ។

ក្រុមហ៊ុន Alibaba, Baidu និង WuXi AppTec បាន​ច្រានចោលការកំណត់​របស់អាមេរិក​ ដោយហៅវាថាគ្មានមូលដ្ឋាន និងមិនត្រឹមត្រូវ ខណៈបាន​លើកឡើងថា ​ពួកគេនឹងបន្តជម្រើសផ្លូវច្បាប់ដើម្បីជំទាស់នឹងការសម្រេចចិត្ត​នោះ​។ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនឯណោះវិញ ក៏បានរិះគន់​ការកំណត់របស់មន្ទីរបញ្ចកោណនផងដែរ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថាបានដាក់គោលដៅលើក្រុមហ៊ុន​ចិន​ដោយអយុត្តិធម៌។

ប៉ុន្តែគួរកត់សម្គាល់ថា ក្រុមហ៊ុនចិន​មួយចំនួនត្រូវបានដកចេញពីបញ្ជី រួមទាំងអង្គភាព ២ ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនផលិតប្រេង​រដ្ឋចិន CNOOC ទោះបីជាក្រុមហ៊ុនបុត្រសម្ព័ន្ធ CNOOC មួយផ្សេងទៀត ត្រូវបាន​ដាក់បញ្ចូលទៅក្នុងបញ្ជីក៏ដោយ។

មន្ទីរបញ្ចកោណបាននិយាយថា ក្រុមហ៊ុនដែលបានដាក់ចូល​បញ្ជីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកំណត់ជា «ក្រុមហ៊ុនយោធាចិន» ដែលប្រតិបត្តិការនៅសហរដ្ឋអាមេរិក ​ប៉ុន្តែពួកគេ​អាចដាក់ញត្តិស្នើសុំដកខ្លួនចេញពីបញ្ជី។

អ្នកវិភាគនិយាយថា ​ការបន្ថែមក្រុមហ៊ុនចិនទៅក្នុងបញ្ជី កំពុង​បង្ហាញថា ​អាមេរិក​កាន់តែមើលឃើញថា ​វិស័យបច្ចេកវិទ្យាទាំងមូលរបស់​ចិន​គឺជា​គូប្រកួតប្រជែងជាយុទ្ធសាស្ត្រ ជាជាងចាត់ទុកក្រុមហ៊ុនចិន​នីមួយៗជាករណីដាច់ដោយឡែក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម