Connect with us

ព័ត៌មានអន្ដរជាតិ

តើអ៊ីស្រាអែល ប្រើវិធីសាស្រ្តបែបណា ទើបធ្វើឃាតលោក Khamenei បាន?

បានផុស

នៅ

អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei គឺជាបុគ្គលម្នាក់ដែលមានការការពារសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត និងអាថ៌កំបាំងបំផុតនៅលើពិភពលោក។

(រូប៖ Reuters)

សន្តិសុខផ្ទាល់ខ្លួនរបស់លោក គឺគ្រប់គ្រងដោយអង្គភាព Ansar-ol-Mahdi ដែលជាក្រុមដ៏មានឥទ្ធិពលបំផុតនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ហើយសមាជិកនីមួយៗ ត្រូវឆ្លងកាត់ការត្រួតពិនិត្យប្រវត្តិយ៉ាងហ្មត់ចត់បំផុត រាប់ទាំងសាច់ញាតិជំនាន់មុនៗ ដើម្បីធានាថាគ្មានចារកម្មបរទេស អាចជ្រៀតចូលបាន។

មិនត្រឹមប៉ុណ្ណឹង សូម្បីតែអាហារដែលលោកទទួលទាន ក៏ត្រូវតែឆ្លងកាត់ការពិនិត្យមន្ទីរពិសោធន៍ និងភ្លក់ដោយភ្នាក់ងារសន្តិសុខជាមុនផងដែរ ដើម្បីការពារការដាក់ថ្នាំបំពុល ហើយរាល់ពេលលោកធ្វើដំ​ណើរ ក្រុមគ្រូពេទ្យវះកាត់និងឧបករណ៍សង្គ្រោះបន្ទាន់កម្រិតខ្ពស់បំផុត តែងតែនៅក្បែរលោកជានិច្ច។ 

(រូប៖ Reuters)

🛑តើអ៊ីស្រាអែល ប្រើវិធីសាស្រ្តបែបណា ទើបធ្វើឃាតលោក Khamenei បាន?

តាមពិតទៅ អ៊ីស្រាអែល តាមដានលោក Khamenei រយៈពេលជាង២ឆ្នាំមកហើយ ដោយភ្នាក់ងារចារកម្ម Mossad បានដាក់គិញបង្កប់ខ្លួនម្នាក់នៅក្បែរតំបន់ស្នាក់នៅរបស់លោក Khamenei។ ដូចនេះ ​ទោះលោកនៅក្រោមដីក្នុងលេណដ្ឋាន ក៏អ៊ីស្រាអែលនៅតែដឹងពីចលនាបម្លាស់ទីរបស់គាត់ដែរ។

ម្យ៉ាង Mossad បាន Hack ចូលក្នុងប្រព័ន្ធកាមេរ៉ាចរាចរណ៍របស់ទីក្រុងតេហេរ៉ង់តាំងពីច្រើនឆ្នាំមុនមកម្ល៉េះ ដោយពួកគេប្រើប្រាស់កាមេរ៉ាទាំងនោះដើម្បីតាមដានរាល់សកម្មភាពរបស់ក្រុមអង្គរក្ស និងអ្នកបើកបររបស់មេដឹកនាំកំពូល។

(រូប៖ Reuters)

អ៊ីស្រាអែលបានប្រើប្រាស់ប្រព័ន្ធ AI ដើម្បីវិភាគទិន្នន័យធំៗពីរូបភាពនិងសញ្ញាវិទ្យុទាក់ទង ដែលអាចកំណត់ទីតាំងគោលដៅយ៉ាងច្បាស់លាស់ក្នុងកម្រិតកូអរដោនេ១៤ខ្ទង់។

មកដល់ឆ្នាំ២០២៦ CIA របស់អាមេរិក បានទទួលព័ត៌មានចារកម្មដ៏សំខាន់មួយថា លោក Khamenei នឹងចូលរួមកិច្ចប្រជុំនៅវិមានរដ្ឋាភិបាលក្នុងទីក្រុងតេហេរ៉ង់ នៅព្រឹកថ្ងៃទី២៨ខែកុម្ភៈ ដើម្បីពិភាក្សាអំពីការជាប់គាំងនៃកិច្ចចរចាជាមួយអាមេរិក។ ព័ត៌មានអំពីទីតាំងជាក់ស្តែងនេះ ក៏ត្រូវបញ្ជូនទៅឲ្យអ៊ីស្រាអែលភ្លាមៗ ដើម្បីបើកការវាយប្រហារ។

(រូប៖ Reuters)

នៅថ្ងៃកើតហេតុនោះ អាមេរិកនិងអ៊ីស្រាអែលបានកាត់ផ្តាច់សេវាទូរស័ព្ទជុំវិញផ្លូវនៅកន្លែងកើតហេតុ ដើម្បីរារាំងក្រុមអង្គរក្សមិនឲ្យទាក់ទងគ្នាបាន ឬទទួលដំណឹងព្រមានជាមុន។

ក្រោយមក យន្តហោះចម្បាំងក៏ទម្លាក់គ្រាប់បែកកម្ទេចអគារការិយាល័យ និងលេណដ្ឋានស្ទើរតែទាំងស្រុងតែម្តង។ ក្រោយវាយប្រហារប៉ុន្មានម៉ោង Mossad ដែលបង្កប់ខ្លួននៅនឹងកន្លែង បានលួចថតរូបសាកសពលោក Khamenei ដើម្បីបញ្ជាក់ពីជោគជ័យនៃប្រតិបត្តិការ មុនពេលប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ប្រកាសជាផ្លូវការអំពីដំណឹងនៃការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ នៅលើបណ្តាញសង្គម Truth Social៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម