Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ គំរាមលេបយកគុយបា៖ «ខ្ញុំអាចយកវាបាន ហើយចង់ធ្វើអ្វីស្រេចតែចិត្តខ្ញុំ»

បានផុស

នៅ

ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសេតវិមាន​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មីនា​ឆ្នាំ​២០២៦​ថា លោកនឹងមាន «កិត្តិយសក្នុងការគ្រប់គ្រងគុយបា” ក្នុងពេលឆាប់ៗខាងមុខ ដោយលោកបានពណ៌នាថា ប្រទេសដីកោះមួយនេះកំពុងតែចុះខ្សោយយ៉ាងខ្លាំង។

លោក ដូណាល់ ត្រាំ (រូបថត៖​ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែលអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Fox News លោក Peter Doocy សួរបញ្ជាក់ថាតើពាក្យ «គ្រប់គ្រង» នោះមានន័យដូចម្តេច លោកត្រាំ បានឆ្លើយតបវិញថា លោកនឹង​គ្រប់គ្រង​តាម «ទម្រង់​​មួយ​ចំនួន» ទោះក្នុង​រូប​ភាព​ជា​ការរំដោះ ឬការចូលទៅកាន់កាប់ក៏ដោយ។ លោកបានបន្ត​​ថា «ខ្ញុំគិតថា ខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាង​ស្រេច​តែ​ចិត្ត​ខ្ញុំចង់ធ្វើជាមួយប្រទេសនោះ»។

លោកត្រាំ បានរិះគន់យ៉ាងធ្ងន់ៗលើការដឹកនាំរបបកុម្មុយនិស្តក្នុងប្រវត្តិសាស្ត្ររបស់គុយបា រួមទាំងអតីត​​ប្រធានាធិបតី​​​លោក Fidel Castro ផងដែរថាជាការដឹកនាំដោយអំពើហិង្សាជ្រុលនិយម។ លោកបានបន្ថែមថា បច្ចុប្បន្នគុយបាកំពុងបរាជ័យ និងប្រឈមមុខនឹងវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយគ្មានប្រាក់កាស និងខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់។

ដ្បិត​លោកមិនទាន់បញ្ជាក់ច្បាស់ថា តើនឹងមានប្រតិបត្តិការយោធាដូចករណីនៅអ៊ីរ៉ង់ដែរឬទេ ប៉ុន្តែលោកបានទម្លាយថា រដ្ឋបាលរបស់លោកកំពុងពិភាក្សា ជាមួយគុយបាអំពីកិច្ចព្រមព្រៀងមួយចំនួន ក្រោយពីមានរបាយការណ៍ស្តីពីកិច្ចប្រជុំសម្ងាត់ជាច្រើនលើក ចំពេលដែលគុយបាកំពុងខ្វះខាតប្រេងឥន្ធនៈ និងប្រព័ន្ធអគ្គិសនីដួលរលំ។

កន្លងមក លោកត្រាំ ក៏ធ្លាប់បានលើកឡើងពីគំនិតនៃ «ការចូលគ្រប់គ្រងដោយសន្តិវិធី» ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Marco Rubio ដោយលោកជឿជាក់ថា លោក Rubio មានសមត្ថភាពចេះ​ភាសាអេស្ប៉ាញ និងទទួលបានការទុកចិត្តពីប្រជាជនគុយបា ដើម្បីជួយផ្លាស់ប្តូររដ្ឋាភិបាលទៅជារបបមួយដែលគាំទ្រអាមេរិក។ ទោះបីជារិះគន់ថ្នាក់ដឹកនាំគុយបាយ៉ាងណាក៏ដោយ លោកត្រាំ នៅតែឆ្លៀតសរសើរថា គុយបាមាន «ទេសភាពស្អាត» និង «ប្រជាជនល្អៗ» ហើយលោកពិតជាចង់ជួយដល់ជនភៀសខ្លួនគុយបាដែលកំពុងរស់នៅក្នុងទឹក​ដី​អាមេរិក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម