Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ នៅ​តែ​បាត់មុខយ៉ាងអាថ៌កំបាំង៖ តើនរណាជាអ្នកបញ្ជាពីក្រោយខ្នងពិតប្រាកដ?

បានផុស

នៅ

អស់រយៈពេលជាង​៦​សប្តាហ៍មកហើយ បន្ទាប់ពីការប្រកាសឡើងកាន់តំណែងជាមេដឹកនាំកំពូលថ្មីបន្តពីឪពុក លោក Mojtaba Khamenei នៅតែមិនទាន់បង្ហាញខ្លួន ឬបញ្ចេញសំឡេងឲ្យ​ប្រជាជនអ៊ីរ៉ង់បានឃើញ និងបានឮនៅឡើយទេ។

លោក Mojtaba Khamenei (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងស្ថានភាពដែលប្រទេសកំពុងប្រឈមមុខនឹងសង្គ្រាមដ៏គ្រោះថ្នាក់បំផុត ការបាត់មុខរបស់លោកបានបង្កើត​ឲ្យ​មានមន្ទិលសង្ស័យយ៉ាងខ្លាំង។ រាល់សារដែលចែកចាយលើកញ្ចក់ទូរទស្សន៍ជាតិ ឬបណ្ដាញសង្គម សុទ្ធតែជាអត្ថបទដែលគេយកមកអានឲ្យ ឬជាវីដេអូដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI ដែលធ្វើឲ្យមានការសង្ស័យថា លោកអាចនឹងកំពុងមានរបួសធ្ងន់ ឬកំពុងស្ថិតនៅឯបរទេស។

ភាពខុសប្លែកគ្នានេះ បានបង្ហាញឲ្យ​ឃើញយ៉ាងច្បាស់ បើប្រៀបធៀបទៅនឹងសម័យកាលឪពុករបស់លោក គឺលោក Ali Khamenei ដែលជាបុរសខ្លាំងតែងតែបង្ហាញមុខជាសាធារណៈរៀងរាល់សប្តាហ៍ដើម្បីចេញបញ្ជា និងសម្រេចចិត្តលើកិច្ចការធំៗ។ យោងតាមប្រភពព័ត៌មានពី CNN លោក Mojtaba អាចនឹងរងរបួសបាក់ជើង និងមានស្នាមរបួសលើផ្ទៃមុខ ក្នុងព្រឹត្តិការណ៍វាយប្រហារតាមអាកាស​របស់​អាមេរិក និង​អ៊ីស្រាអែល​កាល​ពី​ចុង​ខែ​កុម្ភៈ ដែលបានសម្លាប់ឪពុករបស់លោក។ របាយការណ៍ខ្លះទៀតថា លោកនៅតែចូលរួមប្រជុំតាមរយៈប្រព័ន្ធសំឡេង ប៉ុន្តែអ្នកជំនាញយល់ថា ប្រព័ន្ធដឹកនាំរបស់អ៊ីរ៉ង់បច្ចុប្បន្នកំពុងប្រើប្រាស់ឈ្មោះរបស់លោកគ្រាន់តែជា «ខែលការពារ» ដើម្បីបញ្ចៀសការរិះគន់ពីផ្ទៃក្នុងតែប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា អ៊ីរ៉ង់កំពុងមានការផ្លាស់ប្តូររបប ហើយលោកបានហៅអ្នកចរចាថ្មីរបស់អ៊ីរ៉ង់ថាជា «មនុស្សសមហេតុផល»។ ទោះជាយ៉ាងណា ការចរចាសន្តិភាពនៅប្រទេសប៉ាគីស្ថានក្នុង​សប្ដាហ៍នេះ​​បានទទួលបរាជ័យ ដោយសារអ្នកចរចាអ៊ីរ៉ង់មិនបានមកបង្ហាញខ្លួន ដែលនាំឲ្យ​លោកត្រាំ យល់ថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងមានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។ ដើម្បីឆ្លើយតបនឹងរឿងនេះ ទីក្រុងតេហេរ៉ង់បានព្យាយាមបង្ហាញរូបភាពសាមគ្គីភាព ដោយលើកតម្កើងលោក Mohammad Bagher Ghalibaf ប្រធានសភា និងជាអតីតមេបញ្ជាការកងទ័ពបដិវត្តន៍អ៊ិស្លាម ឲ្យក្លាយជាតួអង្គសំខាន់ក្នុងការដឹកនាំការចរចាជាមួយអាមេរិក។

បច្ចុប្បន្ន អ្នកនយោបាយអ៊ីរ៉ង់ដែលនៅរស់រានមានជីវិត កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត ដោយម្ខាងត្រូវដោះស្រាយសម្ពាធពីការអត្ថាធិប្បាយរបស់លោកត្រាំ និងម្ខាងទៀតត្រូវទប់ទល់នឹងក្រុមអ្នកនិយមជ្រុលក្នុងស្រុកដែលចាត់ទុកការសម្រុះសម្រួលជាមួយអាមេរិកថាជាការ «ចុះចាញ់»។ រាល់ការសម្រេចចិត្តធំៗ ដូចជាការបើកច្រកសមុទ្រហ័រមូស សុទ្ធតែរងការរិះគន់ពីអ្នកគាំទ្ររបបនេះថាធ្វើឡើងដោយគ្មានការយល់ព្រមពីមេដឹកនាំកំពូល។ ដរាបណា លោក Mojtaba នៅតែបន្តបាត់មុខពីសាធារណជនបែបនេះ សំណួរអំពីអ្នកកាន់អំណាចពិតប្រាកដនៅអ៊ីរ៉ង់ នឹងកាន់តែជះឥទ្ធិពលខ្លាំងដល់ជោគវាសនានៃការចរចាសន្តិភាព៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម