ព័ត៌មានអន្ដរជាតិ
៣០០ពាន់លានដុល្លារ៖ តើជាលុយបង្កក លុយសំណងសង្គ្រាម ឬជាអ្វីឲ្យប្រាកដ ក្នុងកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់?
កិច្ចព្រមព្រៀងបឋមជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះយោធានៅមជ្ឈិមបូព៌ា បាននិងកំពុងបង្កើតឲ្យមានការជែកដេញដោលគ្នាយ៉ាងក្តៅគគុក ជុំវិញតួលេខទឹកប្រាក់ដ៏មហិមាគឺ «៣០០ពាន់លានដុល្លារ»។ មហាជនជាច្រើនកំពុងចោទសួរថា តើទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ជាលុយអ្វីឲ្យប្រាកដ? តើវាជាលុយ ដែលអាមេរិកបង្កកទុក ជាលុយសំណងការខូចខាតសង្គ្រាម ឬមួយក៏ជាលុយ ដែលអាមេរិកត្រូវយកពីហោប៉ៅខ្លួនឯងឲ្យទៅអ៊ីរ៉ង់?

យោងតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ១៤ចំណុចដែលបានលេចធ្លាយ និងត្រូវបានចុះផ្សាយដោយសារព័ត៌មានធំៗដូចជា The Hindu និង The Japan Times ទឹកប្រាក់ ៣០០ពាន់លានដុល្លារនេះ មិនមែនជាលុយសំណងសង្គ្រាម ហើយក៏មិនមែនជាលុយបង្កកទាំងស្រុងនោះដែរ។ ផ្ទុយទៅវិញ វាគឺជា «កញ្ចប់ថវិកាសម្រាប់ផែនការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែងរបស់អ៊ីរ៉ង់»។
នៅក្នុងកិច្ចព្រមព្រៀងនេះ អ៊ីរ៉ង់បានប្តេជ្ញាថានឹងមិនផលិត ឬអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ។ ជាការឆ្លើយតប សហរដ្ឋអាមេរិក និងដៃគូក្នុងតំបន់ បានព្រមព្រៀងគ្នារៀបចំផែនការធានាស្វែងរកកញ្ចប់ហិរញ្ញប្បទានយ៉ាងហោចណាស់ ៣០០ពាន់លានដុល្លារនេះ ដើម្បីជួយសម្រួលដល់ការកសាងសេដ្ឋកិច្ចអ៊ីរ៉ង់ឡើងវិញ បន្ទាប់ពីទណ្ឌកម្មត្រូវបានដកចេញ។
តើរកលុយ ៣០០ពាន់លានដុល្លារនេះពីណាឲ្យអ៊ីរ៉ង់?
សំណួរដ៏ធំបំផុត ដែលកំពុងចោទសួរដោយអ្នកនយោបាយអាមេរិក និងអ្នកវិភាគអន្តរជាតិគឺ តើបានលុយពីណាយកមកបំពេញកញ្ចប់ ៣០០ពាន់លានដុល្លារនេះ?
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់ៗនៅចំពោះមុខកិច្ចប្រជុំកំពូល G7 ថា សហរដ្ឋអាមេរិក នឹងមិនប្រើប្រាស់លុយពន្ធរបស់ប្រជាជនអាមេរិក សូម្បីតែមួយដុល្លារទៅវិនិយោគ ឬសងជំងឺចិត្តឲ្យប្រទេសអ៊ីរ៉ង់នោះឡើយ។ ដូចគ្នានេះដែរ លោក Jake Sullivan អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានបកស្រាយប្រាប់សារព័ត៌មាន NPR / OPB ថា យន្តការស្វែងរកប្រភពទុននេះ គឺជារឿងថ្មីសន្លាងមួយ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
ប្រភពថវិកាពិតប្រាកដនៃកញ្ចប់ ៣០០ពាន់លានដុល្លារនេះ នឹងត្រូវប្រមូលចេញពីប្រភពសំខាន់ៗចំនួន ៣ រួមមាន៖
១. មូលនិធិអធិបតេយ្យភាពនៃបណ្តាប្រទេសឈូងសមុទ្រពែរ្ស៖ អាមេរិក កំពុងចរចាជាមួយបណ្តាប្រទេសអារ៉ាប់ ដើម្បីឲ្យចូលរួមបោះទុនវិនិយោគ។
២. លំហូរទុនវិនិយោគពីវិស័យឯកជនអន្តរជាតិ៖ នៅពេលដែលអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចចេញ ក្រុមហ៊ុនអន្តរជាតិធំៗ នឹងអាចចូលទៅវិនិយោគលើវិស័យប្រេង ឧស្ម័ន និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសអ៊ីរ៉ង់។
៣. ការបើកផ្លូវឲ្យអ៊ីរ៉ង់លក់ប្រេងឡើងវិញ៖ អ៊ីរ៉ង់នឹងអាចរកចំណូលបានដោយខ្លួនឯង តាមរយៈការនាំចេញប្រេងឆៅ និងផលិតផលគីមីឥន្ធនៈដោយសេរី។
ចុះចំណែក «លុយបង្កក» របស់អ៊ីរ៉ង់វិញ នៅឯណា?
ដោយឡែក ចំពោះបញ្ហា «លុយបង្កក» របស់រដ្ឋាភិបាលអ៊ីរ៉ង់ ដែលកំពុងជាប់គាំងនៅតាមធនាគារនានា ជុំវិញពិភពលោក ដូចជា នៅឥណ្ឌា ចិន អ៊ីរ៉ាក់ និងកាតា គឺជារឿងមួយផ្សេងទៀត។ តាមការចុះផ្សាយរបស់សារព័ត៌មាន Firstpost ទំហំទឹកប្រាក់បង្កកពិតប្រាកដរបស់អ៊ីរ៉ង់ មានតម្លៃចន្លោះពី ២៤ពាន់លាន ទៅជាង ១០០ពាន់លានដុល្លារតែប៉ុណ្ណោះ (មិនមែន ៣០០ពាន់លានដុល្លារទេ)។
នៅក្នុងចំណុចទី១១ នៃសេចក្ដីព្រាងកិច្ចព្រមព្រៀង សហរដ្ឋអាមេរិកបានយល់ព្រមអនុញ្ញាត និងផ្តល់អាជ្ញាប័ណ្ណផ្លូវច្បាប់ ដើម្បីបញ្ចេញលុយបង្កកទាំងនោះឲ្យអ៊ីរ៉ង់យកទៅប្រើប្រាស់វិញជាបណ្តើរៗ ស្របពេលដែលកិច្ចចរចាឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយមានភាពរីកចម្រើនទៅមុខ។
សរុបសេចក្តីមក ទឹកប្រាក់ ៣០០ពាន់លានដុល្លារ នៅក្នុងកិច្ចចរចាអាមេរិក-អ៊ីរ៉ង់នេះ មិនមែនជាលុយបង្កក ហើយក៏មិនមែនជាលុយដែលអាមេរិកដកកញ្ចប់ថវិកាជាតិទៅសងអ៊ីរ៉ង់នោះដែរ។ វាគ្រាន់តែជា «តួលេខប៉ាន់ស្មាននៃទំហំផែនការហិរញ្ញវត្ថុ និងការវិនិយោគអន្តរជាតិ» ដែលអាមេរិក និងដៃគូសន្យាថានឹងជួយរៀបចំយន្តការបើកផ្លូវឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ងើបឡើងវិញ ក្នុងលក្ខខណ្ឌដែលអ៊ីរ៉ង់ត្រូវបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរទាំងស្រុង និងធានាសន្តិសុខនៃការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz តែប៉ុណ្ណោះ៕
អត្ថបទ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


