Connect with us

ព័ត៌មានអន្ដរជាតិ

តើអាស៊ាន រងផលប៉ះពាល់ធ្ងន់កម្រិតណា បើឥណ្ឌូណេស៊ី ពិតជាយកថ្លៃសេវា នៅច្រក​ Malacca មែន?

បានផុស

នៅ

កាលពីថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី Purbaya Yudhi Sadewa បានបង្ហាញពីគំនិត ចង់យកថ្លៃសេវា លើកប៉ាល់ពាណិជ្ជកម្មទាំងឡាយណា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Malacca។

(រូប៖ Reuters)

លោកអះអាងថា នេះគឺជាផ្នែកមួយនៃគោលនយោបាយរបស់លោកប្រធានាធិបតី Prabowo Subianto ដើម្បីជំរុញឲ្យឥណ្ឌូណេស៊ី ក្លាយជាតួអង្គសំខាន់ ក្នុងសេដ្ឋកិច្ចពិភពលោក មិនមែនគ្រាន់តែជាប្រទេសស្ថិត នៅជាយដែនសេដ្ឋកិច្ចនោះទេ។

ទន្ទឹមនោះ លោក Purbaya ក៏ទទួលស្គាល់ដែរថា ផែនការប្រមូលប្រាក់កម្រៃនេះគឺ ទទួលបានការបំផុសគំនិតពីអ៊ីរ៉ង់ ដែលគ្រោងប្រមូលកម្រៃពីកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz។ លោកយល់ឃើញថា ប្រសិនបើអ៊ីរ៉ង់អាចធ្វើបាន ឥណ្ឌូណេស៊ីក៏គួរតែពិចារណាធ្វើដូចគ្នាដែរ ព្រោះច្រក Malacca ក៏ស្ថិតក្នុងចំណោមផ្លូវនាវាចរណ៍ដ៏មមាញឹកបំផុតមួយ លើលោក ផងដែរ។

ដូច្នេះ បើផែនការនេះ ក្លាយជាការពិតមែន តើអាស៊ាន នឹងត្រូវរងផលប៉ះពាល់ធ្ងន់កម្រិតណា?

តាមការផ្សាយរបស់ Lowy Institute ការបិទច្រក Malacca ច្បាស់ជាធ្វើឲ្យអាស៊ាន ផ្ទុះវិវាទផ្ទៃក្នុង និង បែកបាក់សាមគ្គីភាព ជាក់ជាមិនខានឡើយ។

(រូប៖ Reuters)

សំណើនេះ បានបង្កើតឲ្យមានភាពតានតឹង រវាងប្រទេសសមាជិកអាស៊ានរួចទៅហើយ ជាពិសេសសិង្ហបុរី និងម៉ាឡេស៊ី ដែលជាប្រទេសរងគ្រោះខ្លាំងជាងគេ។ សិង្ហបុរីដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនសកល អាចនឹងបាត់បង់ភាពប្រកួតប្រជែង ប្រសិនបើការឆ្លងកាត់ច្រកនេះមានតម្លៃថ្លៃពេក។

ម្យ៉ាង សកម្មភាពនេះ អាចរំលោភលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលចែងពីសេរីភាពនៃការធ្វើនាវាចរណ៍។ វាអាចបង្កជាជម្លោះផ្លូវច្បាប់ និងនយោបាយរវាងឥណ្ឌូណេស៊ី និងមិត្តអាស៊ានដទៃទៀត។

បញ្ហានៅច្រក Malacca ក៏ធ្វើឲ្យអតិផរណា និងតម្លៃទំនិញ ហក់ឡើងខ្ពស់ផងដែរ ព្រោះអាស៊ានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលថាមពល និងវត្ថុធាតុដើមតាមច្រកនេះ។

លើសពីនេះ វាក៏ជះឥទ្ធិពលលើខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។ អាស៊ានគឺជា «រោងចក្រពិភពលោក» ដូច្នេះការដាក់កម្រៃសេវានឹងធ្វើឲ្យខ្សែសង្វាក់ផលិតកម្មយឺតយ៉ាវ។ វាអាចបង្ខំឲ្យក្រុមហ៊ុនអន្តរជាតិ ពិចារណាប្តូររោងចក្រចេញពីតំបន់អាស៊ាន ទៅកាន់តំបន់ដែលមានថ្លៃដឹកជញ្ជូនទាបជាង ហើយ ការវិនិយោគផ្ទាល់ពីបរទេស មកកាន់អាស៊ាន អាចនឹងធ្លាក់ចុះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម