Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ចេញមុខជំរុញ​ឲ្យ​អាមេរិក និងអ៊ីរ៉ង់រក្សាបទឈប់បាញ់

បានផុស

នៅ

ខណៈដែលស្ថានការណ៍រវាងអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ប្រទេសចិន បានចេញមុខមកសង្កត់ធ្ងន់ថា ការរក្សាបទឈប់បាញ់​ឲ្យ​បានយូរអង្វែង គឺជាកិច្ចការបន្ទាន់បំផុត ដែលមិនអាចខ្វះបាន។

លោក Fu Cong (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះ​ផ្សាយ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៦ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា លោក Fu Cong អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ បានថ្លែងកាលពីថ្ងៃ​សុក្រ​ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះពាក្យចចាមអារ៉ាមដែលថា បទឈប់បាញ់បច្ចុប្បន្នគ្រាន់តែជាការផ្អាកបណ្ដោះអាសន្ន ដើម្បីត្រៀមវាយប្រហារគ្នាមួយជុំទៀតតែប៉ុណ្ណោះ។ លោកបានអំពាវនាវឲ្យ​សហគមន៍អន្តរជាតិ រួមគ្នាបន្លឺសំឡេងប្រឆាំងដាច់ខាត ចំពោះការវិលត្រឡប់ទៅរកការប្រយុទ្ធគ្នាវិញ។

តាមទស្សនៈរបស់ប្រទេសចិន ដំណោះស្រាយដ៏ល្អបំផុតក្នុងពេលនេះ គឺភាគីទាំងសងខាងត្រូវតែថយម្នាក់មួយជំហាន ដោយលោក Fu Congបានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់ចាំបាច់ត្រូវដកការរឹតត្បិតលើការធ្វើដំណើរតាមច្រកសមុទ្រហ័រមូស ចំណែកឯអាមេរិកវិញ ក៏ត្រូវតែដកការឡោមព័ទ្ធកងទ័ពជើងទឹករបស់ខ្លួនចេញដែរ ដើម្បីឲ្យ​ច្រកសមុទ្រដ៏សំខាន់នេះ អាចបើកដំណើរការឡើងវិញបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។ លោកយល់ឃើញថា ការចរចាដោយស្មោះត្រង់រវាងមហាអំណាចទាំងពីរ គឺជាសោរដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនេះ។

អ្វីដែលកាន់តែគួរឲ្យ​ចាប់អារម្មណ៍នោះ គឺដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិន ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែឧសភានេះតែម្ដង។ លោកទូតចិនបានបង្ហើបថា ប្រសិនបើច្រកសមុទ្រហ័រមូស នៅតែបន្តបិទរហូតដល់ពេលលោក ត្រាំ ទៅដល់ទីក្រុងប៉េកាំងនោះ បញ្ហានេះច្បាស់ជាក្លាយជាប្រធានបទក្ដៅបំផុតនៅលើតុពិភាក្សា រវាងមេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរមិនខាន។ ក្រៅពីនេះ លោកក៏បានច្រានចោលរាល់ការចោទប្រកាន់ ពីមន្ត្រីអាមេរិកមួយចំនួន ដែលថា ចិនមានកិច្ចសហការយោធាជាមួយអ៊ីរ៉ង់ ដោយលោកអះអាងថា ព័ត៌មានទាំងនោះគឺមិនពិតទាល់តែសោះ។

នៅចុងខែឧសភាខាង​មុខ​នេះដែរ ប្រទេសចិននឹងដើរតួជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយនៅថ្ងៃទី២៦ ខែឧសភា។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើនឹងមានជំនួបដាច់ដោយឡែកណាមួយរវាងលោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែរឬទេ ខណៈដែលក្រសួងការបរទេសអាមេរិកនៅមិនទាន់ផ្ដល់ចម្លើយផ្លូវការជុំវិញរឿងនេះនៅឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម