Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ចោទ​ថា អ៊ីស្រាអែលខំរកគ្រប់វិធី ដើម្បីបំផ្លាញ​កិច្ច​ចរចាសន្តិភាព ព្រោះ​ខ្លាច​បាត់​ប្រយោជន៍​ផ្ទាល់​ខ្លួន

បានផុស

នៅ

រឿងរ៉ាវដ៏ក្តៅគគុកនៅពីក្រោយតុចរចា​រយៈពេល ១៨ម៉ោងនៅប្រទេសស្វីស ត្រូវបានប្រធានសភាអ៊ីរ៉ង់ និងជាអ្នក​ដឹកនាំ​​ក្រុម​​​ចរចា លោក Mohammad Bagher Qalibaf បើកកកាយចំៗថា ប្រទេសអ៊ីស្រាអែលកំពុងតែភ័យខ្លាច និងប្រឆាំងដាច់ខាត ចំពោះកិច្ចខិតខំ​ប្រឹងប្រែងស្វែង​រកសន្តិភាព។

លោក Mohammad Bagher Qalibaf (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​​ការ​ផ្សាយរបស់ Anadolu នា​ថ្ងៃទី​​​២៣ ខែមិថុនា ឆ្នាំ​២០២៦ លោក Qalibaf បានពន្យល់ថា អ៊ីស្រាអែល​មើលឃើញថា ការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គឺជាផ្លូវដែលធ្វើឲ្យពួកគេខាតបង់ប្រយោជន៍ និងអាចឈានទៅរកការបាត់បង់អំណាច ដូច្នេះហើយទើបអ៊ីស្រាអែលព្យាយាមរកគ្រប់វិធី ដើម្បីរំខាន និងបំផ្លិចបំផ្លាញកិច្ចព្រមព្រៀងមួយនេះមិនឲ្យលេចរូបរាងឡើង។

ដើម្បីបំបែកការចរចានេះ អ៊ីស្រាអែលបានប្រើល្បិចបន្តបើកការវាយប្រហារយ៉ាងចាស់ដៃ និងទម្លាក់គ្រាប់បែកនៅជាយក្រុងបេរូត ប្រទេសលីបង់ ទោះបីជាភាគីដទៃទៀត កំពុងតែជជែកគ្នារកផ្លូវសន្តិភាពក៏ដោយ។ ប៉ុន្តែល្បិចកលនេះត្រូវបានទប់ទល់ភ្លាមៗ ដោយកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់បានបាញ់មីស៊ីលតបតទៅវិញយ៉ាងចាស់ដៃ ព្រមទាំងប្រកាសក្តៅៗថា ការការពារទីក្រុងបេរូត និងការឈប់បាញ់នៅភាគខាងត្បូងលីបង់ គឺជាខ្សែបន្ទាត់ក្រហមដាច់ខាត ដែលអ៊ីស្រាអែលមិនអាចរំលងបានឡើយ។

ទោះបីជាមានការប៉ុនប៉ងបំផ្លាញពីអ៊ីស្រាអែលយ៉ាងណាក៏ដោយ ក៏កិច្ចពិភាក្សានៅស្វីសនៅតែទទួលបានជោគជ័យ ដោយអ៊ីរ៉ង់ និងអាមេរិកបានព្រមព្រៀងគ្នាលើក្របខ័ណ្ឌការងាររយៈពេល ៦០ថ្ងៃដើម្បីផ្អាកសង្គ្រាម និងចេញមុខធានាការពារទឹកដីលីបង់។ លោក Qalibaf បានសង្កត់ធ្ងន់ថា នេះជាមេរៀនមួយបង្ហាញថា ការចរចាការទូត គឺជាអាវុធដ៏សំខាន់បំផុត ព្រោះវាអាចជួយរក្សាសន្តិភាព បង្ខំឲ្យអ៊ីស្រាអែលដកទ័ពចេញ និងថែមទាំងអាចដោះសោសេដ្ឋកិច្ច បញ្ចេញ​លុយដែលត្រូវគេបង្កកទុកចំនួន ៦ពាន់លានដុល្លារត្រឡប់មកឲ្យអ៊ីរ៉ង់វិញទៀតផង ចំពេលដែលសង្គ្រាមមួយនេះ បានឆក់យកជីវិតមនុស្សអស់ជាង ៤ ០០០នាក់ទៅហើយនោះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម