Connect with us

ព័ត៌មានអន្ដរជាតិ

គុយបា ប្រមូលទិញដ្រូនជាង ៣០០គ្រឿង ពី​រុស្ស៊ី និង​អ៊ីរ៉ង់ ទុក​វាយ​អាមេរិក

បានផុស

នៅ

រឿងរ៉ាវសម្ងាត់មួយ បានផ្ទុះឡើង បន្ទាប់ពីសារព័ត៌មាន Axios បានទម្លាយកាល​ពីថ្ងៃទី​១៧ ខែ​ឧសភា ថា ប្រទេសគុយបា បានលួចប្រមូលទិញដ្រូនវាយប្រហារជាង ៣០០គ្រឿងពីរុស្ស៊ី និងអ៊ីរ៉ង់។

ដ្រូន​អ៊ីរ៉ង់ (រូបថត៖ Fars)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលធ្វើឱ្យអាមេរិកអង្គុយមិនសុខនោះ គឺខាងយោធាគុយបា បានជជែកគ្នាពីលទ្ធភាពប្រើប្រាស់ដ្រូនទាំងនោះ ដើម្បីវាយប្រហារលើគោលដៅសំខាន់ៗរបស់អាមេរិក មានដូចជា មូលដ្ឋានទ័ពជើងទឹកនៅតំបន់​ឆ្នេរ Guantanamo នាវាចម្បាំងអាមេរិក និងទីក្រុងមួយចំនួនក្នុងរដ្ឋផ្លរីដា ប្រសិនបើទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិត​ជា​ឈានដល់ចំណុចបែកបាក់។

រឿងនេះ បានធ្វើឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ចាត់ទុកគុយបាជាការគំរាមកំហែងថ្មីមួយ ស្របពេលដែល​ទីប្រឹក្សាយោធាអ៊ីរ៉ង់ កំពុង​មាន​វត្តមាន​នៅក្នុងប្រទេសគុយបាស្រាប់ផង។ ភាពតានតឹងនេះខ្លាំងរហូតដល់ថ្នាក់ លោក John Ratcliffe នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ត្រូវធ្វើដំណើរទៅគុយបាដោយផ្ទាល់ ដើម្បីព្រមានចំៗថា កុំឱ្យហ៊ានធ្វើសកម្មភាពយោធាប្រឆាំងនឹងអាមេរិក ហើយបានប្រាប់ឱ្យគុយបាប្តូរប្រព័ន្ធនយោបាយចេញ បើចង់ឱ្យអាមេរិកបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។

បើតាមការវាយតម្លៃរបស់មន្ត្រីអាមេរិក គុយបា បានចាប់ផ្តើមទិញដ្រូនវាយប្រហារជាច្រើនប្រភេទពីរុស្ស៊ី និងអ៊ីរ៉ង់ តាំងពីឆ្នាំ ២០២៣ មកម៉្លេះ ហើយបានយកទៅពង្រាយ នៅតាមតំបន់យុទ្ធសាស្ត្រសំខាន់ៗ ជុំវិញកោះរបស់ខ្លួន។ ចារកម្ម​អាមេរិកថែមទាំងចាប់បានព័ត៌មានថា ក្នុងខែចុងក្រោយនេះ តំណាងប្រទេសគុយបា កំពុងព្យាយាមទិញដ្រូន និងឧបករណ៍យោធាបន្ថែមទៀតពីរុស្ស៊ី។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺខាងស៊ើបការណ៍គុយបា កំពុងសិក្សាយ៉ាងយកចិត្តទុកដាក់ពីបទពិសោធន៍របស់អ៊ីរ៉ង់ ក្នុងការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិក។

បន្ថែម​ពី​នេះ ខាងចារកម្ម​អាមេរិកដឹងថា គុយបាបានបញ្ជូនទាហានប្រហែល ៥ ០០០នាក់ទៅជួយរុស្ស៊ីច្បាំងនៅអ៊ុយក្រែន ហើយទាហានទាំងនោះ បាននាំយកបទពិសោធន៍ពីប្រសិទ្ធភាពនៃដ្រូន ក្នុងសមរភូមិទំនើបមកប្រាប់ថ្នាក់ដឹកនាំខ្លួនវិញ។ ទោះជាយ៉ាងណា អាមេរិកវាយតម្លៃថា គុយបាមិនទាន់មានបំណង ឬសមត្ថភាពបើកការវាយប្រហារភ្លាមៗមកលើខ្លួន ដូចវិបត្តិមីស៊ីលកាលពីឆ្នាំ ១៩៦២ នោះទេ ប៉ុន្តែបច្ចុប្បន្ន អាមេរិកបានបង្កើនការហោះហើរល្បាតស៊ើបការណ៍ ជុំវិញប្រទេសកោះមួយនេះយ៉ាងខ្លាំង ដើម្បីការពារទុក​មុន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម