Connect with us

ព័ត៌មានអន្ដរជាតិ

សារនយោបាយធំៗ​៣ ក្នុងកិច្ចសន្យាជួលដី ៩៩ឆ្នាំ សម្រាប់​ការចាក់គ្រឹះអចិន្ត្រៃយ៍របស់អាមេរិកនៅហ្សេរុយសាឡឹម

បានផុស

នៅ

ពិភពលោក កំពុងជែកដេញដោលគ្នាយ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយ ដើម្បីសាងសង់អគារស្ថានទូតអាមេរិកអចិន្ត្រៃយ៍ នៅក្នុងទីក្រុងហ្សេរុយសាឡឹម។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្ត និងចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ លក្ខខណ្ឌនៃកិច្ចសន្យានេះ៖ អាមេរិកបង់ប្រាក់ឱ្យអ៊ីស្រាអែលត្រឹមតែ ១ដុល្លារប៉ុណ្ណោះ សម្រាប់សិទ្ធិជួលដីរយៈពេលរហូតដល់ ៩៩ឆ្នាំ

(រូបថត៖ Flash90)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីចុះហត្ថលេខាដែលបានរៀបចំឡើងយ៉ាងកក្រើក ឯកអគ្គរដ្ឋទូតអាមេរិក លោក Mike Huckabee បានហុចក្រដាសប្រាក់ ១ដុល្លារពិតៗទៅឱ្យរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar ជានិមិត្តរូប។ សកម្មភាពនេះមិនមែនជារឿងលេងសើច ឬជាការសន្សំសំចៃលុយនោះទេ ប៉ុន្តែវាគឺជា «យុទ្ធសាស្ត្រនយោបាយកម្រិតខ្ពស់»។

តើព្រឹត្តិការណ៍ក្រដាសប្រាក់ ១ដុល្លារនេះ ចង់បង្ហាញអ្វីខ្លះទៅកាន់ពិភពលោក?

១. ការបោះថ្មបេតុង «ដោតទង់ជាតិអចិន្ត្រៃយ៍» របស់អាមេរិក

អត្ថន័យធំបំផុតនៃកិច្ចសន្យា ៩៩ឆ្នាំ នេះ គឺការប្រកាសថា អាមេរិកនឹងមិនដកថយឡើយ។ កាលពីឆ្នាំ២០១៨ ក្នុងអាណត្តិដំបូងរបស់លោក ដូណាល់ ត្រាំ អាមេរិកបានរើស្ថានទូតពីទីក្រុង Tel Aviv មកហ្សេរុយសាឡឹម ប៉ុន្តែគ្រានោះវាគ្រាន់តែជាការិយាល័យបណ្ដោះអាសន្នប៉ុណ្ណោះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Times of Israel លោកទូត Mike Huckabee បានថ្លែងយ៉ាងច្បាស់ៗថា៖ «យើងកំពុងដោតទង់ជាតិអាមេរិក នៅលើដីនៃទីក្រុងហ្សេរុយសាឡឹម សម្រាប់អគារស្ថានទូតថ្មីសន្លាង និងជាអចិន្ត្រៃយ៍ ដែលវានឹងក្លាយជាមជ្ឈមណ្ឌលមេនៃសកម្មភាពការទូតរបស់យើង»។ លក្ខខណ្ឌជួលជិតមួយសតវត្សរ៍នេះ បង្ហាញថា ទោះបីជាថ្ងៃក្រោយអាមេរិកផ្លាស់ប្តូរប្រធានាធិបតីថ្មី ឬបក្សនយោបាយផ្សេងក៏ដោយ ក៏កិច្ចព្រមព្រៀងនេះបានចាក់គ្រឹះយ៉ាងរឹងមាំដូចបេតុង ដែលមិនអាចរុះរើបានឡើយ។

២. និមិត្តរូបនៃ «សម្ព័ន្ធភាពដែកថែប» ដែលមិនគិតពីលុយកាក់

តម្លៃដីនៅកណ្ដាលក្រុងហ្សេរុយសាឡឹម មានតម្លៃរាប់លានដុល្លារ ប៉ុន្តែអ៊ីស្រាអែលព្រមឱ្យអាមេរិកជួលក្នុងតម្លៃ ១ដុល្លារ។ នេះជាការផ្ញើសារថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនមែនជាការរកស៊ីដោះដូរយកចំណេញលុយកាក់នោះទេ ប៉ុន្តែវាជាសម្ព័ន្ធភាពយុទ្ធសាស្ត្រ និងសន្តិសុខដ៏ជ្រាលជ្រៅ។

តាមរបាយការណ៍របស់ The Korea Times លោក Gideon Sa’ar រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានហៅព្រឹត្តិការណ៍នេះថាជា «សម្ព័ន្ធភាពដែលមិនអាចបំបែកបាន» ដោយលោកសង្កត់ធ្ងន់ថា អ៊ីស្រាអែល គឺជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់អាមេរិក នៅតំបន់មជ្ឈិមបូព៌ា។ ការផ្ដល់ដីឱ្យស្ទើរតែទទេរនេះ គឺដើម្បីតបស្នង ដែលអាមេរិកតែងតែឈរការពារអ៊ីស្រាអែលនៅលើឆាកអន្តរជាតិ។

៣. ការផ្ដាច់សង្ឃឹមរបស់ប៉ាឡេស្ទីន និងការរិះគន់រឿង «ជម្លោះ​ដី»

ទោះបីជាភាគីទាំងពីរអបអរសាទរ ប៉ុន្តែព័ត៌មាននេះបានក្លាយជាដំណឹងដ៏ជូរចត់សម្រាប់ប្រជាជនប៉ាឡេស្ទីន។ ទីក្រុងហ្សេរុយសាឡឹម គឺជាចំណុចរសើបបំផុតក្នុងវិវាទរាប់ទសវត្សរ៍ ដោយសារប៉ាឡេស្ទីន ក៏ចង់បានតំបន់ហ្សេរុយសាឡឹមខាងកើត ធ្វើជារដ្ឋធានីរបស់ខ្លួននាពេលអនាគតដែរ។

អ្វីដែលកាន់តែចម្រូងចម្រាសនោះ គឺទីតាំងដីដែលត្រូវសាងសង់ (ដែល​គេ​ហៅថាតំបន់ Allenby)។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu Agency អង្គការសិទ្ធិមនុស្ស Adalah បានបង្ហាញឯកសារប្រវត្តិសាស្ត្រថា ដីឡូត៍នេះដើមឡើយជាដីឯកជនរបស់គ្រួសារជនជាតិប៉ាឡេស្ទីន ដែលត្រូវបានអ៊ីស្រាអែលរឹបអូសយកកាលពីឆ្នាំ១៩៤៨ ក្រោមច្បាប់ទ្រព្យសម្បត្តិអវត្តមាន។ ការយកដីជម្លោះនេះទៅឱ្យអាមេរិកសាងសង់ស្ថានទូត ត្រូវបានក្រុមអ្នកច្បាប់អន្តរជាតិមើលឃើញថា ជាការបំពានលើសន្ធិសញ្ញាទីក្រុងឡាអេ ដែលហាមឃាត់ការរឹបអូសទ្រព្យសម្បត្តិឯកជនក្នុងតំបន់ជម្លោះ។

លើសពីនេះ តាមការចុះផ្សាយរបស់ Al Jazeera ជំហានថ្មីរបស់អាមេរិកនេះ ត្រូវបានគេមើលឃើញថាជា «ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» ទៅលើក្តីសង្ឃឹមនៃការបង្កើតរដ្ឋប៉ាឡេស្ទីន និងផ្លូវដោះស្រាយសន្តិភាពតាមបែប «រដ្ឋពីរ» ព្រោះអាមេរិកដែលជាមហាអំណាចធំ បានជ្រើសរើសទទួលស្គាល់កម្មសិទ្ធិរបស់អ៊ីស្រាអែលទាំងស្រុងទៅហើយ។

សរុបសេចក្តីមក ក្រដាសប្រាក់ ១ដុល្លារ និងកិច្ចសន្យា ៩៩ឆ្នាំ នេះ មិនមែនជារឿងសាមញ្ញនោះទេ។ វាជានិមិត្តរូបនៃការផ្សារភ្ជាប់ជោគវាសនារវាងអាមេរិក និងអ៊ីស្រាអែលឱ្យកាន់តែស្អិតរមួត ខណៈវាបានបន្សល់ទុកនូវភាពចម្រូងចម្រាស និងសំណួរជុំវិញសន្តិភាពនៅមជ្ឈិមបូព៌ា ដែលកាន់តែពិបាករកចម្លើយ៕

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម