Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ ផ្លែផ្កា​ឲ្យ លោក ត្រាំ ថា ណាតូ​ មិន​ស្តាប់​បង្គាប់​ដោយងងឹតងងល់ទេ

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានបដិសេធការទាមទាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឲ្យបណ្តាប្រទេសជាសមាជិកណាតូ បង្ហាញភាពស្មោះត្រង់មកលើអាមេរិក ដោយលោកបានសង្កត់ធ្ងន់ថា គ្មានរដ្ឋសមាជិកណាមួយមានសិទ្ធិបង្ខំឲ្យប្រទេសដទៃធ្វើតាមចិត្តរបស់ខ្លួននោះឡើយ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius និងលោកត្រាំ(រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pistorius បានលើកឡើងបែបនេះនៅក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្តី Der Spiegel ដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២ ខែកក្កដា ។ លោក​រដ្ឋមន្ត្រី បានប្រើប្រាស់ឱកាសនេះដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៊ែកឡាំង ដែលបានកើនឡើងកាន់តែខ្លាំង ដោយសារតែ​សង្គ្រាម​រួមគ្នា​រវាង​អាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។

នៅក្នុងបទសម្ភាសន៍នោះ លោក Pistorius ត្រូវបានសួរដេញដោលជុំវិញការលើកឡើងរបស់លោក ត្រាំ កាលពីសប្តាហ៍មុន ដែលបានសម្តែងការ «ខកចិត្តចំពោះសមាជិកភាគច្រើន» របស់ណាតូ ចំពោះការស្ទាក់ស្ទើរក្នុងការចូលរួមក្នុងសង្គ្រាមអ៊ីរ៉ង់។ លោក ត្រាំ ធ្លាប់បានថ្លែងថា «ខ្ញុំគ្រាន់តែចង់បានភាពស្មោះត្រង់។ អ្នកដឹងទេ យើងស្មោះត្រង់នឹងពួកគេខ្លាំងណាស់។ យើងតែងតែប្រយុទ្ធដើម្បីពួកគេ»។

លោក ត្រាំ ក៏បាន​លើក​ឡើង​​​ចំៗ​ចំពោះ​​ប្រទេសអាល្លឺម៉ង់ ដោយរំឮកថា អាមេរិកមានទាហានរាប់ម៉ឺននាក់ឈរជើងនៅក្នុងប្រទេសនេះ។ លោកបានបន្ថែមថា «ហើយបន្ទាប់មក អ្នកគ្រាន់តែចង់បានការតបស្នងបន្តិចបន្តួច ដូចជា «ការថើបបន្តិចបន្តួច» ។ យើងមិនចង់បានអ្វីច្រើនឡើយ។ ប៉ុន្តែពួកគេបែរជានិយាយថា «ទេ»​!​ យើងមិនអាចធ្វើវាបានទេ»។

លោក Pistorius បានវាយបកវិញដោយប្រាប់ទស្សនាវដ្តី Der Spiegel ថា «គំនិតផ្តួចផ្តើមរបស់ណាតូ មិន​មែន​ជាការស្តាប់បង្គាប់ដោយងងឹតងងល់នោះទេ ប៉ុន្តែ វាគឺជាស្មារតីសេរី​​ភាព​​ក្នុងការពិភាក្សាដេញ​ដោល​»។ លោកបានសង្កត់ធ្ងន់ថា រាល់ការសម្រេចចិត្តនៅក្នុងប្លុកយោធានេះ គឺធ្វើឡើង តាមរយៈការយល់ព្រមដោយសេរីពីគ្រប់រដ្ឋសមាជិកទាំងអស់ ហើយមិនមែនជាការបង្គាប់បញ្ជាដោយរដ្ឋសមាជិកណាមួយនោះឡើយ។

នៅពេលគេសួរថា តើតាមពិតទៅអាមេរិកចង់បានការគាំទ្រផ្នែកយោធាបែបណា ពីទីក្រុងប៊ែកឡាំង លោក Pistorius បានឆ្លើយថា លោកមិនបានដឹងពីការស្នើសុំណាមួយឡើយ។ យ៉ាងណា លោកបានបន្ថែមដោយលេងសើចថា ក្រៅពីនេះ ការបដិសេធការថើបបន្តិចបន្តួច អាចកើតឡើងបានសូម្បីតែនៅក្នុងទំនាក់ទំនងដ៏ល្អបំផុត។ ហើយពេលខ្លះវាជាអចេតនាទៀតផង។ វាមិនមែនជាវិបត្តិជីវិតអាពាហ៍ពិពាហ៍នោះទេ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិរូបនេះ បានយល់ស្របនឹងការទាមទារជាយូរមកហើយរបស់លោក ត្រាំ ដែលចង់ឲ្យណាតូបង្កើនការចំណាយលើវិស័យការពារជាតិ ប៉ុន្តែលោកបានអះអាងថា អាល្លឺម៉ង់ធ្វើបែបនេះ គឺដោយសារតែវាជាផលប្រយោជន៍របស់យើង មិនមែនដោយសារតែអាមេរិកចង់ឲ្យយើងធ្វើនោះទេ។

គួរបញ្ចាក់ថា​ ទំនាក់ទំនងរវាងអាមេរិក និងអាល្លឺម៉ង់បានធ្លាក់ចុះដុនដាប បន្ទាប់ពីលោក Pistorius បានបង្ហាញសញ្ញាថា ទីក្រុងប៊ែកឡាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការដឹកនាំដោយអាមេរិកនៅក្នុងច្រក Hormuz ឡើយ ដោយលោកប្រកែកថា «នេះមិនមែនជាសង្គ្រាមរបស់យើងទេ»។

ក្រោយជម្លោះពាក្យសម្តីនេះ មន្ទីរបញ្ចកោណកាលពីខែឧសភា បានប្រកាសថា ខ្លួននឹងដកទ័ពចំនួន ៥ពាន់នាក់ចេញពីអាល្លឺម៉ង់ក្នុងរយៈពេល ៦ ទៅ ១២ ខែខាងមុខ។ ស្របពេលជាមួយគ្នានេះ ​​ រដ្ឋមន្ត្រី​ការ​ពារជាតិអាមេរិក លោក Pete Hegseth ដែលហៅចរិតលក្ខណៈរបស់សមាជិកណាតូថា «គួរឲ្យខ្មាស់អៀន» នោះ ក៏បានប្រកាសកាលពីខែមុនអំពីការពិនិត្យឡើងវិញរយៈពេល ៦ ខែ លើជំហរយោធារបស់អាមេរិកនៅក្នុងតំបន់អឺរ៉ុបផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អធិការបតីអាល្លឺម៉ង់៖ អឺរ៉ុប ត្រូវតែម្ចាស់ការលើសន្តិសុខខ្លួនឯង ដើម្បីរក្សាសម្ព័ន្ធភាពណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម