Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ​ចម្បាំងអាមេរិក ២គ្រឿង បុកគ្នាកណ្តាលអាកាស ក្នុងកម្មវិធី​ពិព័រណ៍

បានផុស

នៅ

ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងក្នុងកម្មវិធីពិព័រណ៍យន្តហោះដ៏ធំមួយ នៅក្នុងរដ្ឋ Idaho កាលពីថ្ងៃអាទិត្យ ទី​១៧ ខែ​ឧសភា បន្ទាប់ពីយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកពីរគ្រឿង បានបុកគ្នាកណ្តាលអាកាស ធ្វើឱ្យទស្សនិកជនដែលកំពុងទស្សនាស្រែកហៅគ្នាចលាចល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ Anadolu ហេតុការណ៍នេះ បានកើតឡើងក្នុងអំឡុងពេលនៃការហោះហើរបង្ហាញសមត្ថភាពរបស់ក្រុមយន្តហោះចម្បាំងប្រភេទ E/A-18G Growler នៅក្នុងកម្មវិធី Gunfighters Air Show ដែលរៀបចំឡើងនៅមូលដ្ឋានទ័ពអាកាស Mountain Home។ តាមរយៈវីដេអូដែលថតបានដោយអ្នកទស្សនា បានបង្ហាញឱ្យឃើញទិដ្ឋភាពនៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រួចក៏ស្រាប់តែលេចចេញនូវឆ័ត្រយោងចំនួន ៤ ហោះអណ្តែតនៅលើអាកាសភ្លាមៗ បន្ទាប់ពីយន្តហោះទាំងពីរបានធ្លាក់។

ភ្លាមៗនោះ អ្នកប្រកាសព័ត៌មាននៅក្នុងកម្មវិធី បានជម្រាបជូនក្រុម​មនុស្សដែលកំពុងភ័យស្លន់ស្លោថា ពីឡុតកងទ័ពជើងទឹកអាមេរិកទាំង ៤ នាក់ ត្រូវបានរកឃើញដោយសុវត្ថិភាពហើយ។ ពួកគេ បានលោតចេញពីយន្តហោះទាន់ពេលវេលា ដោយឆ័ត្រយោងរបស់ពួកគេ បានធ្លាក់ចុះនៅចម្ងាយប្រហែលមួយម៉ាយ ភាគខាងត្បូងនៃកន្លែងដែលមានផ្សែងហុយចេញពីការធ្លាក់។

បច្ចុប្បន្ន មូលដ្ឋានទ័ពអាកាសនោះ ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ដើម្បីបើកការស៊ើបអង្កេតយ៉ាងដិតដល់។ ដោយសារតែគ្រោះថ្នាក់ និងការស៊ើបអង្កេតដែលកំពុងបន្តនេះ កម្មវិធីពិព័រណ៍យន្តហោះដែលនៅសេសសល់ទាំងអស់សម្រាប់ថ្ងៃនោះ ក៏​ត្រូវបានលុបចោលទាំងស្រុងដែរ។

គួររំលឹកផងដែរថា នេះជាលើកទីមួយហើយក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ ដែលពិព័រណ៍យន្តហោះនេះ ត្រូវបានប្រារព្ធឡើងវិញនៅមូលដ្ឋានទ័ពអាកាស Mountain Home។ បើតាមសារព័ត៌មានក្នុងស្រុក ព្រឹត្តិការណ៍នេះ ក៏ធ្លាប់មានប្រវត្តិគ្រោះថ្នាក់ពីមុនមកដែរ ដោយកាលពីឆ្នាំ ២០១៨ មានអ្នកបើកបរលោតឆ័ត្រយោងម្នាក់បានបាត់បង់ជីវិត និងកាលពីឆ្នាំ ២០០៣ មានយន្តហោះចម្បាំងប្រភេទ Thunderbird មួយគ្រឿងបានធ្លាក់ ប៉ុន្តែពីឡុតបានលោតចេញមកក្រៅដោយសុវត្ថិភាព៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម