Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសថា​ មន្ត្រីអាមេរិក-អ៊ីរ៉ង់ នឹងជួបគ្នានៅកាតា ប៉ុន្តែ អ៊ីរ៉ង់ តបវិញថា ខ្លួនអត់បាននិយាយថា ទៅចូលរួមទេ

បានផុស

នៅ

ក្រោយការបាញ់តដៃគ្នជាថ្មី រវាងអាមេរិកនិងអ៊ីរ៉ង់ រំលោភកិច្ចព្រមព្រៀងសន្តិភាពនោះ ប្រភពព័ត៌មានមួយចំនួន បានអះអាងថា ភាគីទាំងពីរ បានឯកភាពគ្នាវិលមកកាន់តុចរចាវិញ ខណៈប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ ក៏ប្រកាសដែរថា ជំនួបមន្ត្រីអាមេរិក-អ៊ីរ៉ង់ នឹងប្រព្រឹត្តទៅ នៅក្នុងទីក្រុងដូហា ប្រទេសកាតា នាថ្ងៃពុធ ប៉ុន្តែទីក្រុងតេហេរ៉ង់ ឯណោះ បាននិយាយផ្ទុយពីនេះ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

លោកត្រាំ ប្រាប់ក្រុមអ្នកកាសែត ក្នុងសេតវិមាន នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ថា៖ «សហរដ្ឋអាមេរិក កំពុងធ្វើបានយ៉ាងល្អ លើកិច្ចខិតខំប្រឹងប្រែង លុបបំបាត់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នឹងមានកិច្ចប្រជុំមួយអំពីរឿងនេះ នៅថ្ងៃស្អែកក្នុងទីក្រុងដូហា ហើយពួកគេកំពុងធ្វើដំណើរទៅកាន់ប្រទេសកាតា។ ខ្ញុំគិតថា ពួកគេប្រហែលជា ចេញដំណើរទៅហើយ ឬក៏ទើបតែរៀបចំខ្លួនចេញដំណើរ។ ដូច្នេះ យើងនឹងរង់ចាំមើលថា តើរឿងនោះនឹងទៅជាយ៉ាងណា»។

យ៉ាងណា ជុំវិញរឿងនេះ ទីក្រុងតេហេរ៉ង់ បានចេញមុខបដិសេធ ថា ខ្លួនអត់បាននិយាយថា ទៅប្រជុំជាមួយអាមេរិក នៅកាតាទេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ប្រាប់ថា មិនមានការចរចាណាមួយជាមួយសហរដ្ឋអាមេរិក ត្រូវបានគ្រោងទុកក្នុងរយៈពេល ប៉ុន្មានថ្ងៃខាងមុខនេះឡើយ ហើយនឹងមិនមានកិច្ចចរចា នៅគ្រប់កម្រិត រវាងប្រទេសទាំងពីរឡើយ។

ដូច្នេះគេចាំមើលថាតើ ជំនួបនៅទីក្រុងដូហា អាចកើតឡើងដូចសម្តីលោកត្រាំ ដែរឬក៏អត់?

កាលពីចុងសប្តាហ៍ សហរដ្ឋ​អាមេរិក បាន​បើក​ការវាយ​ប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់ ពីរ​ថ្ងៃ​ជាប់គ្នា ដោយអះអាងថា ដើម្បីឆ្លើយតប ចំពោះការដែលទី​ក្រុង​តេហេរ៉ង បាញ់លើកប៉ាល់ពាណិជ្ជកម្មដឹក​ទំនិញ ​មួយគ្រឿង​ នៅក្នុងច្រកសមុទ្រ Hormuz​។

(រូប៖ Centcom)

បញ្ជាការកណ្តាល​សហរដ្ឋអាមេរិក (CENTCOM) បានចេញសេចក្តីថ្លែងការណ៍ថា ៖ «កង​កម្លាំង CENTCOM បាន​បើក​ការវាយប្រហារ​នៅថ្ងៃនេះ (​ថ្ងៃ​សៅរ៍) ដើម្បី​ឆ្លើយតប​​ដោយផ្ទាល់ ​ទៅ​នឹងការ​ឈ្លាន​ពានជា​បន្តបន្ទាប់​របស់អ៊ីរ៉ង់ ប្រឆាំង​នឹងការដឹក​ជញ្ជូន​របស់​កប៉ាល់​ពាណិជ្ជកម្ម។ យន្តហោះអាមេរិក ​បានកំណត់គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីរ៉ង់ ប្រព័ន្ធទំនាក់​ទំនង ទីតាំងការពារដែន​អាកាស កន្លែងផ្ទុកដ្រូន​ និងសមត្ថភាព​ដាក់មីន»។

ការ​ផ្ទុះ ​ត្រូវបានរាយការណ៍​នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ជុំវិញ​ភូមិ Tahrui ជិតកំពង់ផែ Sirik ខណៈ ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់ រាយការណ៍ថា កោះ Qeshm ក៏ត្រូវបាន​វាយប្រហារ ដែរ។

(រូប៖ Centcom)

សងសឹកវិញ! កង​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ប្រកាសពីការវាយ​ប្រហារ ​កំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធា​សំខាន់ៗ​របស់សហរដ្ឋអាមេរិក រួមទាំងមូលដ្ឋាន​ទ័ពអាកាស Ali Al Salem ក្នុង​ប្រទេសគុយវ៉ែត និងទីស្នាក់ការកណ្តាល​នៃកងនាវាចរណ៍ទី​៥ របស់សហរដ្ឋអាមេរិក ក្នុងប្រទេសបារ៉ែន​។

តាមការបញ្ជាក់ពីអ៊ីរ៉ង់ ប្រតិបត្តិការនេះគឺជាការឆ្លើយតប​ បន្ទាប់ពីកង​កម្លាំងអាមេរិក​ វាយប្រហារលើទីតាំង​ឆ្នេរសមុទ្រ​អ៊ីរ៉ង់​ចំនួន ៥កន្លែង​ កាលពីព្រឹកថ្ងៃអាទិត្យ ក្រោមលេស ​​តបទៅ​​​ប្រតិបត្តិការ​របស់ទីក្រុងតេហេរ៉ង់ ​ប្រឆាំងនឹងកប៉ាល់ ​ដែល​រំលោភ​បំពាន​​នៅ​ច្រក Hormuz៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម