Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រកាសថា ខ្លួនប្រើអាវុធទំនើបៗ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ផងដែរ បាញ់ស្រោចលើ អ៊ុយក្រែន 

បានផុស

នៅ

រុស្ស៊ី ប្រកាសថា ខ្លួនបានប្រើមីស៊ីលទំនើបៗ ក្នុងនោះមានទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ផងដែរ ក្នុងការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ហើយនេះគឺជាលើកទី៣ ដែលខ្លួន បាញ់មីស៊ីលប្រភេទនេះ ដាក់អ៊ុយក្រែន។

(រូប៖ Reuters)

ដ្បិតមិនបញ្ជាក់ពីចំនួនគ្រាប់ តែទីក្រុងមូស្គូ អះអាងថា មីស៊ីល Oreshnik ត្រូវបានប្រើ ក្នុងការវាយប្រហារនោះ ដើម្បីសងសឹកទីក្រុងកៀវ ចំពោះការវាយប្រហារលើអន្តេវាសិកដ្ឋាន ក្នុងទីក្រុង Starobelsk នៃតំបន់ Luhansk ដែលបណ្តាលឲ្យមនុស្សស្លាប់ ២១នាក់ និងរបួស ៤២នាក់។

ក្នុងសេចក្តីប្រកាស របស់ក្រសួងការពារជាតិរុស្ស៊ី ដែលផ្សាយបន្តដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៥​ ខែឧសភា ឆ្នាំ២០២៦, មិនត្រឹមតែមីស៊ីល Oreshnik ទេ, ទីក្រុងមូស្គូ ក៏ប្រើមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal និង Zircon, មីស៊ីលបាលីស្ទិក Iskander, មីស៊ីលបាញ់ចេញពីសមុទ្រ ដីគោក និងអាកាស ព្រមទាំងដ្រូនផងដែរ ក្នុងការបាញ់ស្រោច យ៉ាងសន្ធាប់ទៅលើអ៊ុយក្រែន។

(រូប៖ Reuters)

Oreshnik គឺជាមីស៊ីលជំនាន់ថ្មី ដ៏ទំនើប ធ្វើដំណើរលឿនជាងសំឡេង ១០ដង ពោលគឺហោះក្នុងល្បឿន ២.៥ទៅ៣គីឡូម៉ែត្រ ក្នុងមួយវិនាទី។

យោងតាមប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន, មីស៊ីល Oreshnik មានឥទ្ធិពលខ្លាំង ប្រៀបបានទៅនឹងអាចម៍ផ្កាយ ហើយអាចហោះបុកទម្លុះ ខែលការពារគ្រប់ប្រភេទ ទោះខែលនោះខ្លាំងកម្រិតណាក៏ដោយ។

(រូប៖ Reuters)

នៅរាត្រីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ កងទ័ពអាកាសអ៊ុយក្រែន អះអាងថា មីស៊ីលរុស្ស៊ី ៩០គ្រាប់ និងដ្រូន ៦០០គ្រឿង បានហោះមក វាយប្រហារខ្លួន ប៉ុន្តែក្នុងនោះ មីស៊ីលបាលីស្ទិកនិងមីស៊ីលគ្រូស ៥៥គ្រាប់ ព្រមទាំងដ្រូន ៥៤៩គ្រឿង ត្រូវបានស្ទាក់ចាប់ឬបាញ់ទម្លាក់ ខណៈមីស៊ីល ១៦គ្រាប់ ហោះទៅដល់គោលដៅ វាយប្រហារ ៥៤ទីតាំង បណ្តាលឲ្យមនុស្ស ៤នាក់បាត់បង់ជីវិត ខណៈជាង ១០០នាក់ទៀតរងរបួស។

នេះគឺជាការវាយប្រហារធំបំផុតមួយ ក្នុងឆ្នាំ២០២៦ ដែលបើតាមការអះអាងពីប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី, មីស៊ីលនិងដ្រូនរបស់រុស្ស៊ី បានកម្ទេចសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមានទាំងអគារលំនៅដ្ឋាន សាលារៀន សាលមហោស្រព និងសារមន្ទីរផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម