Connect with us

ព័ត៌មានអន្ដរជាតិ

ទ្រង់​ទ្រាយធំ! ​រុស្ស៊ី ​បញ្ជូន​ដ្រូន​ ៦០០គ្រឿង​ និងបាញ់​មីស៊ីល ​៩០គ្រាប់​ វាយប្រហារ​ អ៊ុយក្រែន ​ត្រឹមមួយ​យប់

បានផុស

នៅ

ប្រទេសរុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយបញ្ជូនដ្រូនរាប់រយគ្រឿង និងបាញ់មីស៊ីលជិត ១០០គ្រាប់ វាយប្រហារទូទាំងប្រទេសអ៊ុយក្រែន បណ្តាលឲ្យមនុស្ស ៤នាក់បាត់បង់ជីវិត ខណៈជាង ១០០នាក់ទៀតរងរបួស។

(រូប៖ Reuters)

ក្នុងសេចក្តីរាយការណ៍របស់ BBC, ការវាយប្រហារនេះកើតឡើង នៅរាត្រីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយមានគោលដៅធំ វាយប្រហាររដ្ឋធានីកៀវ ខណៈបើយោងតាមការអះអាងពីកងទ័ពអាកាសអ៊ុយក្រែន, មានមីស៊ីល ៩០គ្រាប់ និងដ្រូន ៦០០គ្រឿង បានហោះមក។

យ៉ាងណា អ៊ុយក្រែន បញ្ចេញទិន្នន័យថា មីស៊ីលបាលីស្ទិកនិងមីស៊ីលគ្រូស ៥៥គ្រាប់ ព្រមទាំងដ្រូន ៥៤៩គ្រឿង ត្រូវបានស្ទាក់ចាប់ឬបាញ់ទម្លាក់ ខណៈមីស៊ីល ១៦គ្រាប់ ហោះទៅដល់គោលដៅ វាយប្រហារ ៥៤ទីតាំង។

(រូប៖ Reuters)

នេះគឺជាការវាយប្រហារធំបំផុតមួយ ក្នុងឆ្នាំ២០២៦ ដែលបើតាមការអះអាងពីប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី, មីស៊ីលនិងដ្រូនរបស់រុស្ស៊ី បានកម្ទេចសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមានទាំងអគារលំនៅដ្ឋាន សាលារៀន សាលមហោស្រព និងសារមន្ទីរផងដែរ។

ការវាយប្រហារនេះកើតឡើង ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន គំរាមសងសឹកអ៊ុយក្រែន ចំពោះការវាយប្រហារលើអន្តេវាសិកដ្ឋាន ក្នុងទីក្រុង Starobelsk នៃតំបន់ Luhansk ដែលបណ្តាលឲ្យមនុស្សស្លាប់និងរបួស ច្រើននាក់។

(រូប៖ Reuters)

ការវាយប្រហារ ដោយដ្រូនអ៊ុយក្រែន កាលពីរាត្រីថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ បានកម្ទេចអគារ បណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ និង ៣៩នាក់រងរបួស។ ភ្លាមៗនោះ លោកពូទីន ក៏ចេញបញ្ជាឲ្យ កងទ័ពរុស្ស៊ី រៀបចំផែនការ និងត្រៀមបើកការសងសឹកវិញ ឲ្យសមនឹងអ្វីដែលអ៊ុយក្រែន បានធ្វើ។

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងជាទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពេលរុស្ស៊ី បើកការវាយលុកចូលអ៊ុយក្រែន ក្នុងអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស»។

ហេតុផលចម្បង នៃការសម្រេចចិត្តបើកប្រតិបត្តិការរបស់រុស្ស៊ី គឺដោយសារតែ ការពង្រីកខ្លួនរបស់អង្គការណាតូ និងបញ្ហាតំបន់ Donbas ដែលលោកពូទីន អះអាងថា ប្រជាជននៅទីនោះ រងការធ្វើទុក្ខបុកម្នេញខ្លាំងណាស់ ពីសំណាក់អ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម