Connect with us

ព័ត៌មានអន្ដរជាតិ

ប្រកាសវាយអ៊ីរ៉ង់ មិនទាន់បានប៉ុន្មានម៉ោងផង លោក ត្រាំ ស្រាប់តែក្រឡាស់សម្តី ប្រកាសផ្អាកវាយវិញ

បានផុស

នៅ

ក្រោយប្រកាសវាយអ៊ីរ៉ង់ មិនបានប៉ុន្មានម៉ោងផង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ក្រឡាស់សម្តី ផ្អាកវាយវិញ ដោយលើកអំណះអំណាងថា ភាគីទាំងពីរ បានជិតឈានដល់កិច្ចព្រមព្រៀង បញ្ចប់សង្គ្រាម មែនទែនហើយ។ 

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក ត្រាំ បានគំរាមជាសាធារណៈថា អាមេរិក នឹងវាយប្រហារអ៊ីរ៉ង់ «យ៉ាងចាស់ដៃបំផុត» ហើយមានផែនការ ចូលគ្រប់គ្រងកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់ ទីក្រុងតេហេរ៉ង់។

យ៉ាងណា ក្រោយមកមិនបានប៉ុន្មានម៉ោងផង លោកក៏បញ្ជាក់ពីការលុបចោល គម្រោងនេះវិញ ដោយអះអាងថា កិច្ចព្រមព្រៀងសន្តិភាព ជិតឈានដល់ការចុះហត្ថលេខាហើយ។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social, មេដឹកនាំអាមេរិក លើកឡើងថា កិច្ចពិភាក្សាការទូត បានឈានដល់កម្រិតថ្នាក់ដឹកនាំកំពូល និងយល់ព្រមពីបណ្តាប្រទេសពាក់ព័ន្ធចំនួន ១១ ហើយ រួមមានទាំង អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម កាតា តួកគី និងអេហ្ស៊ីប ផងដែរ។ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ជិតរួចរាល់ហើយ និងអាចចុះហត្ថលេខានៅអឺរ៉ុប នាចុងសប្តាហ៍នេះ តែម្តង។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងតេហេរ៉ង់ បានប្រតិកម្មចំពោះរឿងនេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ Esmail Baghaei បានថ្លែងតាមទូរទស្សន៍រដ្ឋថា ការអះអាងរបស់អាមេរិក គ្រាន់តែជា ការស្មានប៉ុណ្ណោះ ហើយពុំទាន់មានឯកសារណាមួយ ត្រូវបានអនុម័តជាស្ថាពរនៅឡើយទេ។

សូមជម្រាបថា សង្គ្រាមនេះផ្ទុះឡើងសាជាថ្មី ដោយផ្តើមចេញពីការដែលអាមេរិកចោទអ៊ីរ៉ង់ថា បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache នៅក្បែរច្រកសមុទ្រ Hormuz ទើបបណ្តាលឲ្យខ្លួន សងសឹកវិញ។

ចំពោះការសងសឹកនេះ បញ្ជាការកណ្តាលអាមេរិក (Centcom) អះអាងថា ខ្លួនបានវាយប្រហារប្រព័ន្ធការពារ និងរ៉ាដារបស់អ៊ីរ៉ង់ ជាច្រើនកន្លែង ពិសេសទីតាំងយោធា និងចារកម្ម នៅទីក្រុងជាច្រើន រួមទាំង Bandar Abbas និង Sirik ផងដែរ ខណៈទីក្រុងតេហេរ៉ង់ ក៏តបតវិញ តាមរយៈការបាញ់លើកប៉ាល់ក្នុងច្រកសមុទ្រ Hormuz និងបិទច្រកនេះ លែងឲ្យមានការធ្វើចរាចរណ៍៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម