Connect with us

ព័ត៌មានអន្ដរជាតិ

របាយ​ការ​ណ៍​មួយ​រក​ឃើញ ​​មីស៊ីល​របស់​ចិន​​​ មាន​សមត្ថ​ភាព​វាយ​​ប្រហារ​​ដល់​អូស្រ្តាលី​​​ដោយ​ផ្ទាល់ ​

បានផុស

នៅ

មីស៊ីល​របស់​ប្រទេស​​ចិន​មាន​សមត្ថភាព​អាច​​វាយប្រហារ​ដោយ​ផ្ទាល់​​ទៅ​ដល់​​​​​អូស្ត្រាលី ហើយ​ការគំរាមកំហែងនេះ ​កំពុងកើន​ឡើង ខណៈទីក្រុង​ប៉េកាំង​កំពុងប្រមូលផ្តុំអាវុធរយៈ​ចម្ងាយ​ឆ្ងាយ និង​អាវុធល្បឿន​លឿន​​ជាង​សំឡេង ព្រមទាំងសាង​សង់​កោះសិប្បនិម្មិតនៅ​សមុទ្រ​ចិនខាងត្បូង​។ នេះបើយោង​តាមរបាយការណ៍​របស់​វិទ្យាស្ថាន Lowy Institute ប្រទេស​អូស្រ្តាលី​ និង​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន The Japan Times នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ ។

វិទ្យា​ស្ថាន​ បាន​រកឃើញថា ការ​គំរាមកំហែងចម្បង​ ចំពោះ​អូស្ត្រាលី​គឺ​នឹង​មក​​ពីមីស៊ីលរបស់ចិន​បាញ់​ចេញ​ពីកប៉ាល់ នាវាមុជទឹក និង​មីស៊ីល​ផ្លោង​រយៈចម្ងាយមធ្យម​ថ្មីមួយ ដែល​​អាច​ហោះ​ទៅដល់ទ្វីបនៃ​​កោះ​នេះ ពីប្រទេសចិន។  

មីស៊ីលបាលីស្ទិក DF-21D របស់​ចិន​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ការពារជាតិ​​អាមេរិកធ្លាប់​បាន​​​​លើក​ឡើង​​កាលពីខែធ្នូ​ ថា សមត្ថភាព​​របស់​​ចិន​ក្នុង​ការវាយប្រហារ​​លើ​​អូស្ត្រាលី​​នឹង​កើន​ឡើង​ក្នុង​រយៈពេល​មួយ​​ទសវត្សរ៍​ខាងមុខ ដោយ​សារ​តែ​ចំនួន​កងទ័ព​​របស់​ចិន​កំពុង​កើនឡើង​​។

យោធា​​អាមេរិក​​និយាយ​​កាលពី​ខែ​ធ្នូ​​ ថា មីស៊ីល DF-27 របស់​ចិន មាន​​ចម្ងាយ​​បាញ់​​ពី៥ ០០០ ទៅ ៨ ០០០គីឡូម៉ែត្រ។ ក្នុង​របាយការណ៍​​​ដោយ​វិទ្យា​ស្ថាន​​បន្ត​ទៀត​​ថា ការ​គំរាម​កំហែង​​ផ្នែក​​យោធា​​ដោយផ្ទាល់​​របស់​ចិន​​​បង្កឡើង​ចំពោះ​​អូស្ត្រាលី តែ​​សា​ធារណ​ជន​មិន​បាន​​យល់​ច្បាស់​ទេ។

លោក Sam Roggeveen នាយ​កកម្មវិធី​សន្តិសុខអន្តរជាតិ​របស់វិទ្យាស្ថាន Lowy និយាយថា៖ « ការ​រក​ឃើញ​នេះ​មិនមែន​ជារឿងយោធា​និយម ឬ​នយោបាយប្រជាធិបតេយ្យ​ទេ ហើយក៏មិនមែន​ជារឿងភ័យ​ស្លន់ស្លោ ឬមិនខ្វល់ខ្វាយអ្វីដែរ។ ខ្ញុំគិត​ថា​ការរីក​ចម្រើននៃកង​ទ័ព​រំដោះប្រជាជន​គឺជារឿងសំខាន់បំផុត ចំពោះសន្តិសុខ​អូស្ត្រាលីចាប់តាំងពីការដួលរលំ​នៃសហភាព​សូវៀត ហើយ​​វា​ជា​​តម្រូវការ​បន្ទាន់​សម្រាប់ការពិភាក្សារបស់អូស្ត្រាលី​​សម្រាប់​ទទួល​​ព័ត៌មាន​កាន់តែច្រើនអំពី​រឿង​នេះ​»។

គួរ​បញ្ជាក់​ថា ប្រទេសអូស្ត្រាលីបានផ្លាស់ប្តូរយុទ្ធ​សាស្ត្រយោធា​របស់ខ្លួន​កាលពីបីឆ្នាំមុន ដើម្បីឆ្លើយតបទៅ​នឹងការកសាងកងទ័ពជើង​ទឹក​យ៉ាងឆាប់រហ័សរបស់​ចិន។

យ៉ាងណា រដ្ឋាភិបាល​របស់នាយករដ្ឋ​មន្ត្រី លោក Anthony Albanese បង្ហាញ​ពី​ភាពស្ទាក់ស្ទើរ​ក្នុងការនិយាយ​ពីសក្តានុពល​ នៃ​ការ​វាយប្រហារ​របស់​ចិន​ដោយផ្ទាល់​លើដី​គោកអូស្ត្រាលី។

ហើយ​សមត្ថភាព​របស់ប្រទេស​ចិន​​អាច​កាត់ផ្តាច់​ខ្សែ​ទំនាក់ទំនង​ក្រោមសមុទ្រ ការវាយប្រហារ​តាមអ៊ីនធឺណិត និងការរារាំង​ពាណិជ្ជកម្មតាម​សមុទ្រ ជាហានិភ័យ​មួយ​កម្រិត​សម្រាប់ប្រទេសអូស្ត្រាលី​។ ​ របាយការណ៍​​សង្កត់​ធ្ងន់​​ថា៖ « ការគំរាមកំហែង​វាយប្រហារ​ដោយ​ផ្ទាល់គឺជាការ​ពិត និងកំពុងកើនឡើង»។

ដោយ​ឡែក មីស៊ីល​ផ្លោង​រយៈចម្ងាយ​មធ្យម Dong Feng-26 អាច​ហោះ​​ទៅដល់​ភាគខាងជើងអូស្ត្រាលី ប្រសិន​បើដាក់​ពង្រាយពីកោះ​មួយក្នុងចំណោម​កោះសាងសង់ដោយ​សិប្បនិម្មិត​របស់ទីក្រុងប៉េកាំង​នៅ​សមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មានចិន។

មិន​តែ​ប៉ុណ្ណោះ ការ​គំរាមកំហែង​ដល់​អូស្ត្រាលីនឹង​កើន​ឡើង​យ៉ាង​ខ្លាំង ប្រសិន​បើចិនដាក់​ពង្រាយយន្តហោះ​ទម្លាក់គ្រាប់បែក​រយៈចម្ងាយ​ឆ្ងាយ​ ដ្រូន​ ឬដាក់​ពង្រាយយន្តហោះ​ទម្លាក់គ្រាប់បែក និង​មីស៊ីល ​​នៅ​លើ​កោះ​ប៉ាស៊ីហ្វិក​នៅជិតអូស្ត្រាលី៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម